លោក ហ៊ុន សែន ថា កម្ពុជា​កំពុង​រៀបចំ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ ក្រោម​ការជួយ​របស់​ចិន

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទ ​ឲ្យ​ដឹង​ថា​ កម្ពុជា​នឹង​មាន​រោង​ចក្រ​ផលិត​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ពេល​ខាង​មុខ ​ក្រោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន​លើ​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។​

លោក ​ហ៊ុន សែន​ ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ផ្លូវ​ដែល​ជា​ជំនួយ​របស់​ចិន​ក្នុង​ខេត្ត​ព្រៃវែង។​

លោក ​ហ៊ុន សែន​ ថ្លែង​ថា​ គេ​មិន​ដឹង​ថា​ ជំងឺ​កូវីដ១៩​ នឹង​ចប់​នៅ​ពេល​នោះ​ទេ​ ដូច្នេះ​កម្ពុជា ​ត្រូវ​តែ​ត្រៀម​ដើម្បី​មាន​វ៉ាក់សាំង​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ​ដែល​វា​ងាយ​ស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន។ ​

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា៖ ​«ឥឡូវ​បាន​ទទួល​ការ​គាំទ្រ​ពី​ខាង​រដ្ឋាភិបាល​ផង​ពី​ក្រុមហ៊ុន​ផង។ ​ហើយ​ក្រុមហ៊ុន​ និង​ក្រុមហ៊ុន ​គេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​ហើយ។ ​អ៊ីចឹង​បន្តិច​ទៀត ​កង្វះ​វ៉ាក់សាំង​ដែល​យើង​កំពុង​តែ​កង្វល់​ យើង​នឹង​មាន​វ៉ាក់សាំង​ផ្គត់​ផ្គង់​ខ្លួន​ឯង»។

លោក ​ហ៊ុន សែន ​បន្ថែម​ថា ​កម្ពុជា​ក៏​ត្រូវ​ត្រៀម​ថវិកា​សម្រាប់​កិច្ចការ​ទាំង​នោះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។​

នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​នោះ​ដែរ ​លោក ​វ៉ាង វិនធៀន ​(Wang Wentian)​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ថ្លែង​ថា​ រដ្ឋាភិបាល​ចិន ​«យក​ចិត្ត​ដាក់​ខ្ពស់»​ចំពោះ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បន្ថែម​ថា​ ក្រុមហ៊ុន​ស៊ីណូហ្វាម ​(Sinopharm)​ កំពុង​ទាក់​ទង​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា​ដើម្បី​ពិភាក្សា​គ្នា។​

លោក​ថ្លែង​ថា៖ ​«ប្រហែល​ឆ្នាំ​ក្រោយ​ ប្រជាជន​កម្ពុជា​នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​ដែល​ផលិត​នៅ​ក្នុង​ស្រុក​ខ្មែរ​បាន»។​

គួរ​បញ្ជាក់​ថា​ កម្ពុជា​ បាន​ចាក់​វ៉ាក់សាំង​ចិន​បង្ការ​ជំងឺ​កូវីដ១៩​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​ច្រើន​ ក្នុង​នោះ​មាន​ទាំង​វ៉ាក់សាំង​ជំនួយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ និង​វ៉ាក់សាំង​ទិញ​ពី​ក្រុមហ៊ុន​ចិន៕​