ប្រជាពលរដ្ឋ​ខេត្ត​ព្រះវិហារ​ទាមទារ​ឲ្យ​ក្រុម​​យុវជន​របស់​លោក​ហ៊ុន​ សែន វាស់​ដី​មាន​ជម្លោះ

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន

ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត​៤០០​គ្រួសារ​មក​ពី​ខេត្ត​ព្រះ​វិហារ​មក​តវ៉ា​នៅ​ទី​ក្រុង​ភ្នំពេញ​ដោយ​បានទាម​ទារ​ឲ្យក្រុម​យុវជន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​វាស់​វែង​កំណត់​ព្រំដី​ដល់​ពួកគេ។

ក្រុម​អ្នក​ស្រុក​បាន​លើក​បដា​ដោយ​មាន​រូប​ថត​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ភរិយា​របស់​លោក​គឺ​លោក​ស្រី​ប៊ុន រ៉ានី ​ហ៊ុន​សែន​ព្រម​ទាំង​មាន​បដា​មួយ​ចំនួន​ដោយ​សរ​សេរ​សុំ​អន្ត​រាគមន៍​ពី​លោក​ហ៊ុន សែន។ ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ​មិន​មាន​ការ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ដូច​សព្វ​ដង​ទេ ​ក៏​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ក្នុង​សំ​លៀក​បំពាក់​ស៊ី​វិល​គ្រាន់​តែ​តាម​ឃ្លាំ​មើល​តែ​ប៉ុណ្ណោះ។

ប្រជា​ពលរដ្ឋ​ប្រមាណ​៣៧០​គ្រួសារ​មក​ពី​ភូមិ​ស្រយ៉ង់​ខាង​ត្បូង​និង​ខាង​ជើង​ ស្រុក​គូ​លែន​ ខេត្ត​ព្រះ​វិហារ​បាន​ចោទ​ប្រកាន់​ថា​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​ប្រមាណ​ជាង​៣០០០​ហិកតា​ត្រូវ​បាន​អា​ជ្ញាធរអះ​អាង​ថា​បាន​កាត់​ចូល​ទៅ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ទើ​ប​ក្រុម​ការ​ងារ​យុវ​ជន​មិន​បាន​វ៉ាស់​កំណត់​ព្រំ​ដី​ដល់​ពួកគេ​។​

លោកជា យាន​អាយុ​៦០​ឆ្នាំ​មក​ពី​ភូមិ​ស្រយ៉ង់​បាន​និយាយ​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​បាន​ចេញ​ដិការ​បា្រប់​ថា​ដី​ទំហំ​ប្រមាណ​ជាង​៥.០០០​ហិច​តា​ត្រូវ​បាន​កាត់​ចូល​ជា​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋា​ភិបាល។

លោក​បាន​បញ្ជាក់​ថា​លោក​បាន​ទិញ​ដី​កាល​ពី​អំឡុង​ឆ្នាំ​២០០០​ហើយ​បាន​ធ្វើ​ស្រែ​និង​ចម្ការ​នៅ​ទី​នោះ​ក៏​ប៉ុន្តែ​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​អា​ជ្ញាធរ​បាន​ហាម​ឃាត់​ពួក​គេ​មិន​អោយ​ធ្វើ​ស្រែ​ចម្ការ​ដូច​មុន​ទៀត​ទេ​។​

“​បាទ​ខ្ញុំ​បាទ​មក​នេះ​ចង់​អោយ​គាត់​បាន​ចុះ​ទៅ​វាស់​ ចង់​អោយ​គាត់​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​ខ្ញុំ​មាន​ទុក្ខ​មាន​កង្វល់​ដែល​បាន​រង​គ្រោះ​មិន​ដឹង​រស់​នៅ​ដោយ​របៀប​ណា​ទេ​។​កុំ​អោយ​គេ​ដក​ហូត​ដី​ធ្លី​ហ្នឹង​តទៅ​ទៀត​។​កុំ​អោយ​គេ​ដាក់​ដី​ខ្ញុំ​បាទ​ទៅ​ជា​ដី​សម្បទាន​សង្គម​កិច្ច​តទៅ​ទៀត​"។​
នៅ​ក្នុង​ញាត្តិ​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ដាក់​ជូន​ខុទ្ឋការល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​អោយ​ដឹង​ថា​អភិបាល​ស្រុក​គូ​លែន​កាល​ពី​ឆ្នាំ​២០១១​បាន​ជូន​ដំណឹង​ឧិយ​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦៤​អោយ​រុះ​រើ​ផ្ទះ​សម្បែង​ចេញ​ចាប់​ពី​ព្រម​ប្រទល់​ខេត្ត​សៀម​រាប​រហូត​ដល់​ចំណុច​អូរ​ពោធិ​ខេត្ត​ព្រះ​វិហារ​ដើម្បី​ឈួស​ឆាយ​យក​ដី​សំរាប់​គម្រោង​សម្បទាន​សង្គម​កិច្ច​សរុប​៥៥៥៧ហិចតា​សំរាប់​ចែក​ជួន​គ្រួសារ​កង​ទ័ព​និង​យោ​ធិន​ចូល​និវត្តន៍​។​
កំពុង​លើក​ដែ​សំពះ​ទៅ​កាន់​មន្ត្រី​ខុទ្ឋការល័យ​លោក​ហ៊ុន សែន​។​លោក​យ៉ង សរីន អាយុ​៣៣ឆ្នាំ​បាន​និយា​យ​ថា​អា​ជ្ញា​ធរ​បាន​ចាប់​ផ្តើម​ឈួស​ឆាយ​ដីដែល​បា​ន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ដំណាំប្រជា​ពលរដ្ឋ​អស់​ជា​ច្រើន​ហិច​តា​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​។​

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុម​យុវជន​មិន​បាន​ចុះ​វាស់​វែង​ទំហំ​ដី​របស់​ពួកគេ​ទេ​ដោយ​បា​ន​ចោទ​ប្រកាន់​ថា​ដី​នេះ​ជា​ដី​មាន​ទំនាស់​។

«ខ្ញុំ​ចង់​សំណូម​ពរ​ដល់​សម្តេច​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​និសិ្សត​បាន​ចុះ​វាស់​វែងតំបន់​ខ្ញុំ​ជូន​យើង​ខ្ញុំ​ឲ្យ​បាន​រស់​នៅ​បាន​បង្កាន់​ដៃឬ​ក៏​ជា​ចុង​សន្លឹក​របស់​និសិ្សត​បាន​ចុះ​វាស់​វែង​ឲ្យ​ខ្ញុំ​បាទ​ជាប្រជាពលរដ្ឋ​ក្នុង​តំបន់​ហ្នឹង​បាន​រស់​នៅ​បាន​សុខ​សាន​ដូច​គេ​ដែល​គេ​នៅ​ជំពាក់​ជាមួយ​ក្រុម​ហ៊ុន​និសិ្សត​វាស់​បាន​»។​

តាម​គោល​នយោ​បាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដី​ធ្លី លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​សម្រេច​កាត់​ដី​ចំនួន​បី​ប្រភេទ​ជូន​ប្រជា​ពលរដ្ឋ​គឺដី​គំរប​ព្រៃ​ឈើ ដី​តំបន់​ការពារ​ធម្មជាតិ​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​បរិស្ថាន​និងដី​ដែល​ប្រជា​ជន​បាន​កាន់​កាប់​ សាង​សង់​លំ​នៅ​ដ្ឋាន​ដែល​ប៉ះ​ពាល់​ដល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​។​

ចាប់​តាំង​ពី​លោក​ហ៊ុន​ សែន​បាន​អោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ក្នុង​សំលៀក​បំពាក់​ជា​យោ​ធា​បាន​ចុះ​វាស់​វែង​ដី​ដើម្បី​ធ្វើ​ប្លង់​កម្មសិទិ្ឋ​ជួន​ប្រជា​ជន​កន្លងទៅ​យ៉ាង​តិច​មាន​ប្រជា​ពលរដ្ឋប្រមាណជាង ៣៥ម៉ឺន​គ្រួសារ និងទំហំក្បាល​ដី​ចំនួន​សរុប​ចំនួន​ជាង ១លាន​២សែន​ហិចតា​ត្រូវ​បាន​វាស់​រួច​ជា​ស្រេច​ នៅ​ខេត្ត​ចំនួន២០។​
លោក​សួស យ៉ា​រ៉ា​ អនុរដ្ឋ​លេខា​ធិការ​ទីស្តី​ការ​គណ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ក្រុម​ការងារ​នៅ​តំបន់​ខេត្ត​ព្រះវិហារ​បាន​សន្យា​ជា​មួយ​ប្រជា​ពលរដ្ឋ​ថា​អ្នក​ដែល​មាន​ទំនាស់​ទាំង​ប៉ុន្នាន​សុំ​ឲ្យ​ស្រង់​ស្ថិតិ​ឲ្យ​បាន​ត្រឹម​ត្រូវ​ហើយ​លោក​សន្យា​ថា​ក្រុម​ការងារ​របស់​លោក​នឹង​ទៅ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុន​នេះ​។​

«​ផ្អាក​ការ​ឈួស​ឆាយ​ចាំ​ដល់​ពេល​ទៅ​មើល​ឃើញ​ហើយ​ឥឡូវ​អត់​មាន​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​អត់​និយាយ​ទេ​។​ និយាយ​តែ​ផ្អាក​ការ​ឈួស​ឆាយ​ផ្អាក​សម្មភាព​ទាំង​អស់​ថ្ងៃ​៩​ម៉ោង​៨​យើង​ទៅ​ជុំ​គ្នាទី​នោះ​និយាយ​ការ​ងារ។ អញ្ចឹង​ពុក​ ម៉ែ​សូម​ឲ្យ​ប្រកាស​រំសាយ​ពី​ម៉ោង​នេះ​ទៅ​ហើយ​កុំ​ឲ្យ​អ្នក​ណា​ជឿ​ឃោសនា​អ្វី​ទាំង​អស់​អញ្ចឹង​យើង​ដោះ​អត់​ចេញ​ទេ»។

លោក​អំ សំ​អាត​ មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​របស់​អង្កការ​លីកាដូ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មក​តវ៉ា​នេះ​ពិត​ជា​គ្មាន​ដី​ពិត​ប្រាកដ​មែន​។ លោក​បាននិយាយ​ថា រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ដី​សម្បទាន​សង្គម​កិច្ច​នេះ​ដើម្បី​ដោះ​ស្រាយ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​សម្រាប់បង្ក​បង្កើន​ផល៕​