ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្ថាធិប្បាយ​របស់​លោកហ៊ុន សែន​ទាក់ទង​នឹង​អប្បគមន៍​ ធ្វើឲ្យ​សង្គម​ស៊ីវិល​បារម្ភ​


លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​សែន
លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​សែន
វ៉ាស៊ីនតោន៖ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​សែន​បាន​បង្ហើប​ឲ្យដឹង​ជាសាធារណៈ​ថា​ នឹង មាន​ក្រុមមន្ត្រី​សង្គម​ស៊ីវិលខ្លះ​ត្រូវហៅ​មក​សាកសួរ​អំពីរឿង​ជួយការពារ​សកម្មជន​ដីធ្លី​ម្នាក់​ដែល​រដ្ឋាភិបាល​ចោទ​ថា​ ប៉ុនប៉ង​ធ្វើអបគមន៍​នោះ​ អ្នក​វិភាគ​និង​មន្ត្រី​សង្គមស៊ីវិល​ចាត់ទុក​ថា​ អាត្ថាធិប្បាយ​នេះ​ធ្វើឲ្យ​ភ័យខ្លាច​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​របស់​សង្គម​ស៊ីវិល​ក្នុង​ការជួយ​ពលរដ្ឋ​ដែល​ទទួលរង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ ការ​រំលោភ​បំពាន​ដីធ្លី​ និង​ផ្ទះ​សម្បែង​ជាដើម។​ លោក​ អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បានអះអាង​ថា​ ការ​ភ័យខ្លាច​កាន់តែ​កើន​ឡើង​ជាង​មុន​ ដោយ​មិនមែន​ត្រឹមតែ​អង្គការ​ ឬអ្នក​ដែល​ត្រូវ​បាន​ តុលាការ​ចោទ​ប្រកាន់ទេ។​ លោក​បន្ថែមថា​ លោក​មើលទៅ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នឹង​អត់ហ៊ាន​ធ្វើកិច្ចការ​របស់​ខ្លួន​ ការពារ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លីទេ​ ដោយ​ភ័យខ្លាច​ថា ​មាន​ការ​ចោទប្រកាន់​ទោស។​ «នឹង​មាន​ការ​ពិរុទ្ធ​ខ្លួន​ឯង​និងការ​ព្យាយាម​ប្រុង​ប្រយ័ត្ន​ច្រើន។​ នៅ​ពេល​ណា ដែល​អង្គការ​មាន​ការ​ប្រុងប្រយ័ត្ន​នេះ​បានន័យ​ថា​ ការភ័យ​ខ្លាច​នេះ​នឹង​ប៉ះពាល់ ទៅ​លើ​ប្រសិទ្ធិភាព​ការងារ​របស់​អង្គការ​នោះ»។​ លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា​ សង្គមស៊ីវិល​នឹង​លែង​ហ៊ាន​ចេញ​មុខការពារ​ឬ​តតាំង​ ដើម្បី​ភាព​យុត្តិធម៌​ដូចមុនហើយ​ នៅពេល​មាន​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព​ ប្រជា​ពលរដ្ឋ​ និង​ការកៀប​សង្កត់​ក្នុង​សង្គម​ផ្សេងៗ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី រដ្ឋាភិបាល​ណា​មួយ​នោះ។​ លោក​ ម៉ម ​សូណង់ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុសំបុកឃ្មុំ​អេហ្វអ៊ឹម​១០៥ ​មេហ្គាហឺត​ ត្រូវ​ចាប់ខ្លួន​តាម​ការ​ឆ្លើយ​ដាក់​ថា​ ពាក់ព័ន្ធ​រឿង​ធ្វើ​អបគមន៍​នៅស្រុក​ឆ្លូង​ខេត្ត ក្រចេះ​ដែល​ក្រុមអង្គការ​សង្គមស៊ីវិល​ចាត់ទុក​ថា​ ជា​ដំណើរការ​បំបិត​សំឡេង​ សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។​ ក្រុម​សកម្មជន​ដីធ្លី​យ៉ាង​តិច​៥នាក់​ត្រូវតុលាការ​ចេញ​ដីការ​ចោទ​ប្រកាន់​ពីបទ​ធ្វើ អបគមន៍​ ដោយភ្ជាប់ការ​ពាក់ព័ន្ធ​នេះ​ជាមួយ​លោក​ម៉ម សូណង់ដូ។​ ក្នុង​ចំណោម នោះ​មាន​៤នាក់​ហើយ​ដែល​បានចេញ​មក​សារភាព​ ដែល​គេដឹង​ថា ​មានមួយ​ ចំនួន​បាន​ឆ្លើយ​ដាក់​លោក​ម៉ម សូណង់ដូ។​ ដោយ​ឡែក​មាន​តែម្នាក់​ប៉ុណ្ណោះ ឈ្មោះ ​ប៊ុន រដ្ឋា​ ដែល​មិនទាន់​មក​សារភាព។​ ​តាម​ដំណឹង​ តុលាការ​ក្រុងភ្នំពេញ​ គ្រោង​នឹង​កោះ​ហៅ​សាកសួរ​មន្ត្រីអង្គការ​ដែល​លាក់​ប៊ុន រដ្ឋា។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជាសាធារណៈ​មួយ​ក្នុង​ពេល​ប្រគល់​សញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ​រដ្ឋមួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃពុធ​ លោក ហ៊ុន សែន​បាន​បង្ហើប​ឲ្យដឹង​ពីការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កោះហៅ​សាកសួរ​ មន្ត្រី​អង្គការ​សង្គមស៊ីវិល​មួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ពី​បទ​ពាក់ព័ន្ធ​ នឹង​រឿង​ជួយ​ផ្តល់ការ​ស្នាក់​អាស្រ័យ​ និង​គាំពារលោក​ប៊ុន រដ្ឋា​ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ​ជា​មេចលនា​ធ្វើ​អបគមន៍ដីធ្លី​ខុសច្បាប់​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅក្នុង​ប្រទេស​ថៃ។​ «ហើយ​អ្នក​ដែល​មុន​ចេញ​ទៅថៃ ​មក​នៅ​ដូច​ដែលខ្ញុំ​ប៉ាន់ស្មាន​អញ្ចឹង​ មក​នៅ ដេក​ផ្ទះ​មន្ត្រីអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ភ្នំពេញ​អស់​ពីរយប់ ​ហើយ​បាន​លុយ​៣០ម៉ឺន​រៀល​ចេញ​តាមឡាវ ​ចូល​ប្រទេស​ថៃ»។​ លោកហ៊ុន សែន​ងាកទៅសួរ​មន្ត្រី​របស់លោក​នៅខាងក្រោយខ្នង ហើយបានបន្តថា៖ «ដូចហៅ​សួរនៅ?​ អត់ទាន់ហៅសួរទេ? អត់ទាន់​ហៅសួរ។​ ដឹងខ្លួន​ហើយ​អ្នក​ហ្នឹង​ដឹង​ខ្លួន​ហើយ»។​ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​ បានអះអាង​ថា ​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​គួរទុក​រឿង​ការ​ហៅ​សាកសួរ​មន្ត្រី​សង្គមស៊ីវិល​នេះ​ឲ្យ​ក្រុម​ អ្នក​ជំនាញ​ធ្វើ​កិច្ចការនេះជាជាង​ការ​ប្រកាស​ដោយ​ខ្លួន​លោក​ ដែលនាំ​ឲ្យ​មាន​ ការ​ចោទ​ប្រកាន់​ថា​ ពាក់ព័ន្ធ​នឹង​នយោបាយ​ ឬ​កាន់តែ​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ។​ «ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។​ ហើយ​ដល់ខ្លាំង​ទៅ​វា​មាន​ទិដ្ឋភាព​នយោ បាយ ​ដូចជា​ថា​ ធ្វើឲ្យ​មាន​ការ​កៀប​សង្កត់​ ធ្វើឲ្យ​មាន​ការ​ភ័យ​ខ្លាច​អញ្ចឹង​ទៅ»។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ដែរ​ថា​ អ្នក​ចេញ​មក​សារភាព​បាន​ បញ្ជាក់​ពីការ​ទទួល​បទ​បញ្ជា​ពីអ្នក​នៅ​ពីក្រោយ​ខ្នង​ដែល​លោក​មិនបាន​ចេញ​ ឈ្មោះ​នោះ។ ​ ទោះជាយ៉ាងណា​ក៏​ដោយ​ ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​កន្លែង​ដែល​លោក​លាក់ ខ្លួន​កាល​ពីដើម​សប្តាហ៍​ ​លោក​ប៊ុន រដ្ឋា​បាន​អះអាង​ពីការ​មិន​ពាក់ព័ន្ធ​ជាមួយ​ លោក​ម៉ម សូណង់ដូ​ ហើយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ទេ។​ «អត់ទេ​ តាំង​ពីដើម​មក​ ខ្ញុំធ្វើកិច្ចការ​ដោយ​ឆន្ទៈ​ ដោយ​ឧត្តមគតិ​របស់​ខ្ញុំ។​ ខ្ញុំអត់​មានការ​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ ឬស្ថាប័ន​ណា​ដើម្បី​ជា​ខ្នង​បង្អែក ​ឬ​ដើម្បី​ជា​ជម្រក​អី​ទាំងអស់»។​ លោក​ថ្លែង​ថា​ លោក​ចូលចិត្ត​សហការ​តែ​ប៉ុណ្ណោះ ​ពេល​លោក​ធ្វើការ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​រាប់រយគ្រួសារ​នៅ​ស្រុកឆ្លូង​ខេត្តក្រ​ចេះ​នោះ។ ចំណាត់​វិធាន​ការ​លើ​ក្រុម​អង្គការ​សង្គមស៊ីវិល​និង​ការ​ចាប់​ខ្លួន​លោក​ម៉ម​ សូណង់ដូ​បាន​កើតឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទា្រន​ចាប់​យក​ដី​ធ្លី​ក្នុង​ភូមិ​ប្រម៉ា​ ឃុំ​កំពុង​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា​ ដែល​រដ្ឋាភិបាល​ត្រូវ​គេ​ដឹង​ថា​ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​ជម្លោះ​ដីធ្លី​ ហើយ​នាំឲ្យ​ពលរដ្ឋ​មាន​ការ​មិន​សប្បាយចិត្ត៕​ មន្ត្រីសិទ្ធមនុស្ស​និងអ្នកវិភាគ​នៅកម្ពុជា​បានអះអាងថា​ចំណាត់វិធានការ​លើ អង្គការ​សង្គមស៊ីវិល​នឹងធ្វើឲ្យមានការ​ភ័យខ្លាច​ហើយប៉ះពាល់​ដល់កិច្ចការ​របស់ សង្គមស៊ីវិល។​ លោក ខេមរា​ នៃ វីអូអេ​ ពីរដ្ឋធានី​វ៉ាស៊ីនតោន​រាយការណ៍ ជូនពិស្តារ។
XS
SM
MD
LG