លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបតែបានផ្តល់ដីជាង២ម៉ឺនហិចតាជាថ្មីទៀត ទៅដល់ក្រុមហ៊ុនឯកជនចំនួនបីសម្រាប់ធ្វើការវិនិយោគទៅលើដំណាំកៅស៊ូ។
ការផ្តល់ដីនេះធ្វើឡើងបន្ទាប់ពីលោកបានដាក់បញ្ជាឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចបានចំនូន១១ថ្ងៃតែប៉ុណ្ណោះ។ កាលពីថ្ងៃទី៧ ខែឧសភាលោកនាយករដ្ឋមន្ត្រីខ្មែរ បានចេញបញ្ជាជាលាយលក្ខអក្សរឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជនទាំងអស់ ហើយត្រូវសើរើលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដែលមានស្រាប់ដើម្បីពិចារណាទៅលើការដកហូតមកវិញ។
នៅក្នុងឯកសារដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកហ៊ុន សែន បានផ្តល់ដីសម្បទានចំនួន ២១,៦២៤ហិចតា ទៅដល់ក្រុមហ៊ុនឯកជនទាំងបីកាលពីថ្ងៃទី១៨ ខែឧសភា គឺ ១១ថ្ងៃ បន្ទាប់ពីបទបញ្ជាឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់លោក។
សេចក្តីសម្រេចនេះធ្វើឡើងដោយយោងទៅតាមសំណើរបស់ក្រសួងកសិកម្ម។
នៅក្នុងនោះក្រុមហ៊ុនលីយ៉េរ៉ាប់ប៊ើ ខូអិលធីឌី ទទួលបាន ៧,៧១០ហិចតា នៅក្នុងខេត្តសៀមរាប។ ក្រុមហ៊ុនអេចអឹមអេច ទទួលបាន ៥,៩១៥ហិចតា នៅក្នុងខេត្តកំពង់ធំ និងក្រុមហ៊ុន SK Plantation (Cambodia) Co, Ltd. ទទួលបានដីវិនិយោគចំនួន៨,០០០ហិចតា នៅក្នុងស្រុកកូនមុំ ខេត្តរតនគីរី។ សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា តើការផ្តល់ដីដ៏ច្រើននេះជាប្រភេទដីសម្បទានសេដ្ឋកិច្ច ឬយ៉ាងណា ហើយសម្រាប់រយៈពេលប៉ុន្មានឆ្នាំនោះទេ។
ក៏ប៉ុន្តែលោកស្រី ណាលី ពីឡច (Naly Pilorge) នាយិកាអង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅការប្រគល់ដីបែបនេះ ថាគឺជាប្រភេទដីសម្បទានសុទ្ធសាធ។
លោកស្រី ពីឡច មានប្រសាសន៍ថា លោកហ៊ុន សែន បានបំផ្លាញបទបញ្ជារបស់ខ្លួនកាលពីលើកមុន ហើយបទបញ្ជានេះគ្រាន់តែជាសន្យាមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់តែប៉ុណ្ណោះ នឹងដើម្បីធ្វើឲ្យសហគមអន្តរជាតិដែលខ្វល់ខ្វាយអំពីវិបត្តិដីធ្លីនៅកម្ពុជាបានស្ងប់ចិត្ត។ នេះជាប្រសាសន៍របស់អ្នកស្រី ណាលី ពីឡច។
«ទោះបីជារដ្ឋាភិបាលមិនបានប្រើពាក្យថា ជាដីសម្បទានសេដ្ឋកិច្ច។ ការប្រគល់ដីធ្លីនេះ ជាបទបញ្ជា បន្ទាប់ពីចុះហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី គឺជាប្រភេទការប្រគល់ដីសម្បទានសេដ្ឋកិច្ចមួយ។ សម្រាប់ខ្ញុំបទបញ្ជារបស់គាត់ គ្រាន់តែជាការសន្យាសម្រាប់ការបោះឆ្នោតប៉ុណ្ណោះ ហើយវាមិនបានចូលជាធរមានទេ»។
លោកចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មមិនអាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃនេះ ដោយសារតែទូរសព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ រីឯលោកចាន់ ទុងអ៊ីវ រដ្ឋលេខាក្រសួងកិសកម្មមានប្រសាសន៍ថា នេះមិនមែនជាផ្នែកដែលលោកទទួលខុសត្រូវនោះទេ។
«រឿងហ្នឹងខ្ញុំឥតដឹងទេ។ នេះជាផ្នែកខាងគេនោះវិញ»។
កាលពីខែមិនា អង្គការការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដែលបង្ហាញថារដ្ឋាភិបាលបានបង្កើនដីសម្បទានសេដ្ឋកិច្ចរហូតទៅដល់ជិត ២លាន៣សែនហិចតា ទៅដល់ក្រុមហ៊ុនឯកជនចំនួន២២៥ រហូតមកទល់នឹងឆ្នាំ២០១១។ ហើយនេះ គឺជាការគួរឲ្យព្រួយបារម្ភសម្រាប់វិបត្តិដីធ្លីនៅកម្ពុជានៅក្នុងពេលខាងមុខ។ ក្រុមហ៊ុនទាំងនេះ ទទួលបានសិទ្ធិគ្រប់គ្រងដីធ្លីចន្លោះពី៧០ឆ្នាំ រហូតទៅដល់ ៩៩ឆ្នាំ៕