ក្នុងពេលប្រទេសកម្ពុជារងវិបត្តិជំងឺកូវីដ១៩ បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រី បានកើនឡើងដល់ប្រមាណ១៨%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានស្តីពី«ខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជាឆ្នាំ ២០១៩-២០២០»ឲ្យដឹងថា ការកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ប្រើប្រាស់ទិន្នន័យពីការអង្កេតសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩-២០២០។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជាមានចំនួន ១០.៩៥១ រៀលក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ ដែលដូចគ្នានឹងការកំណត់បន្ទាត់ភាពក្រីក្រនៅរាជធានីភ្នំពេញ។ ចំណែកនៅតំបន់ទីប្រជុំជនផ្សេងទៀតមានចំនួន ៩.៥៧១ រៀល និង ៨.៩០៨ រៀល នៅតំបន់ជនបទ។
កាលពីមុន បន្ទាត់ភាពក្រីក្រ ត្រូវបានរដ្ឋាភិបាលកំណត់ចំនួនប្រមាណ ៧.៦០០ រៀលសម្រាប់ពលរដ្ឋម្នាក់ក្នុងមួយថ្ងៃ។
ប្រជាជនប្រមាណ ១៧,៨% នៃប្រជាជនកម្ពុជាសរុបជាង ១៦ លាននាក់បានរស់នៅក្រោមខ្សែបន្ទាត់នេះ ក្នុងឆ្នាំ ២០១៩-២០២០ ក្នុងនោះអត្រាភាពក្រីក្រនៅភ្នំពេញមានចំនួន ៤,២% តំបន់ទីប្រជុំជនផ្សេងទៀតមានចំនួន ១២,៦% និងតំបន់ជនបទមានចំនួន ២២,៨%។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ។
បើតាមទិន្នន័យរបស់ក្រសួងផែនការ ចាប់តាំងពីឆ្នាំ២០១៤អត្រាភាពក្រីក្រមានចំនួន១៣,៥% ដែលជាអត្រាភាពក្រីក្រចុងក្រោយមុនមានវិបត្តិកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងផែនការ លោក ឆាយ ថន បានថ្លែងថា អត្រាភាពក្រីក្រនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ បានកើនឡើង ដោយសារ«ផលប៉ះពាល់ខ្លះ»ពីការរីករាលដាលនៃជំងឺកូវីដ១៩។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖ «ការរីករាលដាលកូវីដ១៩លើសេដ្ឋកិច្ចកម្ពុជា បានចាប់ផ្តើមពីដើមឆ្នាំ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតផលិតផលនាំចេញ ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ ប៉ុន្តែផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសា ឆ្នាំ២០២០ នៅពេលដែលវិធានការរឹតបន្តឹងនានាត្រូវបានអនុវត្ត»។
កាលពីខែតុលា ឆ្នាំ២០២០ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ឬ UNDP បានចេញផ្សាយរបាយការណ៍ថ្មី ដោយលើកឡើងថា វិបត្តិកូវីដ១៩ នឹងជំរុញកំណើនអត្រាភាពក្រីក្រនៅកម្ពុជាឡើងដល់ជិត១៨%។
កាលពីចុងខែឧសភា ឆ្នាំ២០២០ របាយការណ៍របស់ធនាគារពិភពលោក (World Bank) ឲ្យដឹងថា ការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំមកនេះ កំពុងរងការគំរាមកំហែងខ្លាំងបំផុតពីការរាតត្បាតជំងឺកូវីដ ដែលនឹងនាំឲ្យការងាររបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ១លាន ៧សែននាក់«ស្ថិតក្នុងហានិភ័យ»។
ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីកន្លងទៅ បានវាយតម្លៃថា ប្រជាជនប្រមាណ ១,៣ លាននាក់ អាចធ្លាក់ក្នុងភាពក្រីក្រ ដោយសាររងវិបត្តិជំងឺកូវីដ១៩។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ការកំណត់ខ្សែបន្ទាត់ក្រីក្រជា«មូលដ្ឋានគោល»ដើម្បីឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
លោកបន្ថែមថា ការកំណត់បន្ទាត់ភាពក្រីក្រថ្មីនាំឲ្យរកឃើញកំណើនអត្រាភាពក្រីក្រ ដែលកើតឡើងនៅទូទាំងប្រទេស មិនមែនតែកម្ពុជានោះទេ។
លោកបញ្ជាក់ថា៖ «ការកាត់បន្ថយភាពក្រីក្រនេះ គឺរកទីបញ្ចប់អត់ឃើញ ដោយសារតែលុះត្រាតែប្រទេសហ្នឹងឡើងទៅដល់កម្រិតដែលមានការអភិវឌ្ឍខ្លាំង ហើយពេលនោះហើយ បានការគិតគូរពាក់ព័ន្ធទៅនឹងភាពក្រីក្រហ្នឹង គឺលែងគិត។ គិតតែពីរឿងការទទួលបានការងារធ្វើអីហ្នឹង[វិញ]»។
បើតាមមន្រ្តីរូបនោះ ប្រជាជនជាង១០ម៉ឺនគ្រួសារ បានធ្លាក់ក្នុងភាពក្រីក្រ ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនប្រជាជនក្រីក្រមានប្រមាណ៣លាននាក់។
ការសិក្សារបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាទៅលើពលរដ្ឋជាង២ម៉ឺនគ្រួសារដែលជាសមាជិករបស់សមាគមនៅតាមបណ្តាខេត្តនានា បង្ហាញថា វិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩បានបង្កផលប៉ះពាល់កាន់តែខ្លាំងដល់ពលរដ្ឋក្រីក្រនៅតាមទីជនបទ និងអ្នកប្រកបរបរកសិកម្ម ហើយក៏បានជំរុញឲ្យពួកគេកាន់តែធ្លាក់ក្នុងស្ថានភាពក្រីក្រលំបាក។ កសិករ បានបាត់បង់ចំណូល ខណៈការចំណាយកើនឡើង ដែលនាំឲ្យពួកគេជំពាក់បំណុលកាន់តែខ្លាំង។ ការសិក្សាទ្រង់ទ្រាយតូចដែលត្រូវបានផ្សព្វផ្សាយកាលពីខែកក្កដា ឆ្នាំ២០២១ ផ្តោតលើការប្រែប្រួលដែលចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០២០ ក្នុងចំណោមកសិករនៅខេត្តក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្តព្រះវិហារ៕