ស្ត្រីខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មស្របពេលដែលភាពក្រីក្រនៅកម្ពុជាបានរុញច្រានឲ្យបុរសជាមេគ្រួសារធ្វើចំណាកស្រុក។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញដែលបានធ្វើការជិតស្និទ្ធជាមួយក្រុមស្ត្រីដែលជាកសិករ។
រដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការក្រៅរដ្ឋាភិបាលនានា នៅថ្ងៃអង្គារនេះបានរៀបចំវេទិកាកសិករស្ត្រីឆ្នើមថ្នាក់ជាតិជាលើកដំបូង។ វេទិកានេះបានជ្រើសរើសតំណាងកសិករស្ត្រីឆ្នើមចំនួន១០០រូបមកពីខេត្តក្រុងទូទាំងប្រទេសឲ្យចូលរួមដើម្បីពិភាក្សា កំណត់បញ្ហារបស់ស្ត្រី ក៏ដូចជាលើកកម្ពស់ស្រ្តីក្នុងវិស័យកសិកម្មនេះ។
លោកស្រី ទី រតនា ជាមន្ត្រីសម្របសម្រួលកម្មវិធីនៃអង្គការជីវិតថ្លៃថ្នូរ ដែលបានចូលរួមរៀបចំវេទិកាកសិករស្ត្រីឆ្នើម ឲ្យដឹងថាការចូលរួមរបស់ស្រ្តីក្នុងវិស័យកសិកម្មបានកាត់បន្ថយការចំណាកស្រុក កាត់បន្ថយបំណុលគ្រួសារ និងបង្កើនការលក់ផលិតផលជាដើម។
«ពេលដែលយើងសំឡឹងមើលឲ្យស៊ីជម្រៅ ស្ត្រីគឺជាអ្នកធ្វើការលើវិស័យកសិកម្មច្រើនមែនទែន នៅពេលដែលគ្រួសារ ឬប្តីរបស់គាត់ចំណាកស្រុកចឹងគាត់ជាអ្នកទទួលខុសត្រូវក្នុងការធ្វើស្រែចំការ»។
កាលពីចុងឆ្នាំ២០១៥កន្លងទៅ កម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម ដើម្បីធ្វើឲ្យស្ថានភាពស្ត្រីក្នុងវិស័យកសិកម្មកាន់តែមានភាពប្រសើរឡើង និងដើម្បីឲ្យការចូលរួមរបស់ពួកគេកាន់តែទូលំទូលាយជាងមុន។
លោកស្រី ម៉ុម ថានី ជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មនិងជាអនុប្រធានក្រុមការងារយេនឌ័រនិងកុមារនៃក្រសួងកសិកម្ម។ លោកស្រីទទួលស្គាល់ពីភាពចាំបាច់មិនអាចខ្វះបានរបស់ស្ត្រីក្នុងវិស័យកសិកម្ម រាប់ចាប់តាំងពីការផលិត កែច្នៃ និងការលក់ផលិតផលកសិកម្មទៅកាន់ទីផ្សារ។
ទន្ទឹមនឹងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល លោកស្រី ម៉ុម ថានី លើកទឹកចិត្តឲ្យស្រ្តីជាកសិករកម្ពុជា ខិតខំអភិវឌ្ឍខ្លួនឯងបន្ថែមទៀត និងមានភាពក្លាហានក្នុងការលើកឡើងនូវបញ្ហារបស់ខ្លួននៅក្នុងសហគមន៍។
«ទី១គឺខិតខំរៀនសូត្រនូវបច្ចេកទេសថ្មី របៀបធ្វើស្រែធ្វើចំការថ្មី ដែលបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ចូលរួមទទួលចំណេះដឹង ហើយនឹងចូលរួមផ្សព្វផ្សាយបន្តទៀតទៅដល់ស្ត្រីដទៃទៀត ក៏ដូចជាកសិករដទៃទៀតក្នុងសហគមន៍របស់ខ្លួនផងដែរ។ អីចឹងស្ត្រីត្រូវចេះជួយខ្លួនឯងមុន»។
លោកស្រីថា ភាពរឹងមាំរបស់ស្ត្រីទាំងសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ នឹងជំរុញឲ្យពួកគេក្លាយជាភ្នាក់ងារមួយដែលរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចកម្ពុជា។
លោកស្រី ដេម ស្រីលីម វ័យ២៩ឆ្នាំ ជាកសិករឆ្នើមមួយរូបនៃវេទិកាកសិករស្ត្រីឆ្នើមថ្នាក់ជាតិ មកពីខេត្តបាត់ដំបង ឲ្យដឹងថា បើទោះជាកសិកម្មជាវិស័យដែលត្រូវការកម្លាំងខ្លាំង ក៏ប៉ុន្តែបុរសតែឯងមិនអាចធ្វើការងារនេះឲ្យល្អនោះទេ បើសិនជាគ្មានស្ត្រី។ លោកស្រីថាស្ត្រីបានដើរតួនាទីជាអ្នកទុកដាក់នូវទិន្នផល ជាអ្នកចាត់ចែងរកទីផ្សារលក់ និងជាដៃគូពិភាក្សាដែលមិនអាចខ្វះបាន។
«គាត់គឺជាដៃគូសំខាន់បំផុតសម្រាប់បុរសនៅក្នុងការធ្វើកសិកម្ម។ គាត់អាចជួយឲ្យគ្រួសាររបស់គាត់មានលំនឹង អាចជួយឲ្យគ្រួសារគាត់មានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ អាចជាគំរូល្អសម្រាប់កូនជំនាន់ក្រោយ ហើយគាត់អាចក្លាយជាគំរូដល់ស្ត្រីផ្សេងទៀតក្នុងសហគមន៍»។
កសិករម្នាក់ទៀតមកពីខេត្តព្រះវិហារគឺលោកស្រីលាង សាងីម លើកឡើងថាការចូលរួមរបស់ស្រ្តីក្នុងវិស័យកសិកម្ម បានរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថានទៅក្រៅប្រទេសរបស់អ្នកភូមិអ្នកស្ត្រី។
«យើងមិនចង់ឲ្យជាស្ត្រីដៃទំនេរទេ។ យើងត្រូវចេះដឹងពីផ្នែកកសិកម្មឲ្យកាន់តែច្បាស់។ ដែលគាត់ចេះធ្វើស្រែ គាត់ចេះសហការគ្នាធ្វើស្រែចម្ការចឹង អត់មានការចំណាកស្រុក។ ការចំណាកស្រុកធ្វើឲ្យមានការផ្ញើកូននឹងគេនឹងឯ ខ្ញុំអត់ចង់ឃើញចឹងទេ»។
នៅក្នុងរបាយការណ៍មួយចេញដោយធនាគារពិភពលោកស្តីអំពីយេនឌ័រក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥បានបង្ហាញថា ស្រ្តីកម្ពុជាប្រមាណ៧៥%កំពុងធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ របាយការណ៍ដដែលឲ្យដឹងផងដែរថា កម្ពុជាមានពលរដ្ឋ២,៣លានគ្រួសារដែលជាកសិករ៕