គណបក្ស​ជាប់​ឆ្នោត​ពីរ​ជិត​ត្រូវ​គ្នា​រឿង​កំណែ​ទម្រង់​គ.ជ.ប.

លោក កួយ ប៊ុនរឿន​ តំណាង​ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ទៅ​កាន់​អ្នក​អ្នក​យក​ព័ត៌មាន​​កាល​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអេ)

គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ជិត​ត្រូវ​គ្នា​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដែល​ជា​ចំណុច​សំខាន់​នៃ​ការ​ចរចា​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​លើ​សំឡេង​គាំទ្រ​ពី​សមាជិក​រដ្ឋសភា។

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពី​បាន​យល់​ព្រម​ដាក់​ជំពូក​ទី​១៥​នៃគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ទៅ​ក្នុង​ជា​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

ក្រោយ​ពី​ជំនួប​បិទ​ទ្វារ​រយៈពេល​មួយ​ម៉ោង​រវាង​តំណាង​បី​នាក់​ពី​គណបក្ស​សង្គ្រោះជាតិ​និង​បី​នាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ទាំង​ពីរ គណបក្ស​គ្រប់​គ្រង​អំណាច​ចង់​បាន​ការ​អនុម័ត​ដោយសំឡេង​៥០%​បូក​១​ចំណែក​ឯក​គណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​បាន​២ភាគ​៣​នៃ​សមាជិក​សភាទាំង​មូល​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​រាល់​ការ​កំណែ​ទំរង់​ស្ថាប័ន​បោះ​ឆ្នោត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោក កួយ ប៊ុនរឿន​ តំណាង​ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ជាគោល​ការណ៍ថា៖ «យើង​យល់​ព្រម​ឲ្យ​មាន​ចែង​អំពី​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ជាពិសេស​នៅ​ក្នុង​ជំពូកទី​១៥»។

មន្ត្រី​គណបក្ស​ទាំង​ពីរ​បង្ហើប​ឲ្យ​ដឹង​ថា ជំពួក​ទី​១៥​នេះ​និយាយ​អំពី​អំណាច ​សមត្ថកិច្ច​ និង​ការ​ជ្រើស​តាំង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត។​

លោក​ព្រំ​ សុខា​ តំណាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ​គណបក្ស​ប្រជាជន​ចង់​បាន​ឲ្យ​ការ​ជ្រើស​តាំង​សមាភាព​គជប​ដោយ​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​ពី​សមាជិក​សភា​ទាំង​មូល​មិន​មែន​២ភាគ​៣​ទេ។

«គាត់​លើក​ថា ចង់​ឲ្យ​មាន​ការ​ធានា​ជឿទុក​ចិត្ត ប៉ុន្តែ​ដាក់​២ភាគ​៣​មក​វិញ។ យើង​បាន​លើក​ឡើង​អំពី​អ្វី​ដែល​លិខិត​ឆ្នាំ​២០០៦​របស់​ឯកឧត្តម​សម រង្ស៊ី។ ​គាត់​ថា អាហ្នឹង​ជា​ស្ថប័ន​របស់​រដ្ឋាភិបាល»។

ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ជួប​ចរចា​គ្នា​សារ​ជាថ្មី​នៅ​ពេល​ណា​ទេ ក៏​ប៉ុន្តែ​បាន​បញ្ជាក់​ថា នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។ ជំនួប​ចរចា​ក្រុម​ការងារ​នៃ​គណបក្ស​គូរ​ជម្លោះ​ទាំង​ពីរ​មិន​ទាន់​និយាយ​ដល់​បញ្ហា​លម្អិត​នៃ​ការ​ផ្តល់​ស្ថានីយ​ទូរទស្សន៍​ដល់​គណបក្ស​សង្គ្រោះជាតិ​នៅ​ឡើយ។ ហើយ​គណបក្ស​សង្គ្រោះជាតិ​ក៏មិន​ទាន់​បាន​បញ្ជាក់​ជំហរ​ថា​ថ្ងៃ​ណា​និង​ចូល​រួម​ប្រជុំ​សភា​នោះទេ។ ចំណែក​ឯការ​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ​គណបក្ស​ប្រជាជន​នៅ​តែ​ទាមទារ​ឲ្យ​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ខែកក្កដា​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​សកល​អណត្តិ​ទី​៦​នៅ​ខែកុម្ភៈឆ្នាំ​២០១៨។ ចំណែក​គណបក្ស​សង្គ្រោះជាតិ​បាន​ជំទាស់​ដោយ​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​វិញ៕