អាជ្ញាធរ​រារាំង​ជនរងគ្រោះ​ដីធ្លី​ពីការ​ដាក់​ញត្តិ​ជូន​ក្រសួង​យុត្តិធម៌​សុំ​ដោះលែង​តំណាង​របស់​ខ្លួន

អ្នក​ភូមិ​បឹងកក់ និង​បូរី​កីឡា​ប្រឈមជាមួយ​នឹង​ប៉ូលីស​ក្នុង​ការ​តវ៉ាសុំ​ឲ្យ​ដោះលែង​ពលរដ្ឋ​ពីរនាក់​ជាប់​ឃុំ។

ភ្នំពេញ៖ ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ ខែល និង​ដំបង​ឆក់​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​រាំង​ខ្ទប់​ការ​ប៉ុន​ប៉ង​ដាក់​ញត្តិ​របស់​អ្នក​ភូមិ​បឹងកក់ និង​បូរី​កីឡា​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​តំណាង​ពលរដ្ឋ​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ។
ស្រប​ពេល និង​កម្លាំង​សមត្ថកិច្ច​រាំង​ខ្ទប់​ប្រជាពលរដ្ឋ​បូរី​កីឡា និង​តំបន់​បឹង​កក់​មិន​ឲ្យ​ដាក់​ញត្តិ​នោះ​សមត្ថកិច្ច​បែរ​ជា​អនុញាត​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​អះ​អាង​ថា​ជា​អ្នក​រត់​ម៉ូ​តូឌុប​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​តុលាការ​ដើម្បី​គាំ​ទ្រ​ដល់​តុលាការ​បន្ត​ឃុំ​ខ្លួន​អ្នក​ស្រី យោម បុប្ជានិង​អ្នក​ស្រី​ ទឹម សាក់​មុន្នី​ទៅ​វិញ។
ការ​រាំង​ខ្ទប់​របស់​កម្លាំង​សមត្ថកិច្ច​មិន​បណ្តាល​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរនោះ​ទេ​ តែ​តែ​មាន​កុមារ​តូចៗ​មួយ​ចំនួន​បាន​រង​របួស​តិច​តួច​តែប៉ុណ្ណោះដោយសារ​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ។
សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា មាន​កុមារាម្នាក់​ឈ្មោះណាំ ទីវ័ន្ត​អាយុ​ប្រមាណ​១៤​ឆ្នាំ​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ទាត់​តែ​មិន​បណ្តាល​ឲ្យ​រង​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះ​ទេ។ ចំណែក​កុមារ​តូចៗ​ខ្លះ​បាន​ត្រឹម​តែ​ស្រែក​យំ​នៅ​ចំ​ពោះ​មុខ​សមត្ថកិច្ច​តែប៉ុណ្ណោះ​ហើយ​មាន​មួយ​ចំនួន​ទៀត​បាន​តប​តទៅ​វិញ​ដោយ​គប់​ផ្លា​ឈូក។​
«ពូ​ឯង​ដែល​ជួយ​ខ្ញុំ​ ម៉េច​វ៉ៃ​ខ្ញុំ​អញ្ចឹង? ចាប់​ម៉ែ​ខ្ញុំ​មួយ​ ចាប់​ម៉ីង​ខ្ញុំ​មួយ​ហើយ​ឥឡូវ​ចង់​យ៉ាង​ម៉េចទៀត​ ចាប់​ក្មេង​ៗ​ហ្នឹង​ឲ្យ​អស់​ទៅ។ ចាប់​ទៅៗ»។​
ក្រុម​អ្នក​តវ៉ា​បាន​ពាក់​រូប​អ្នក​ស្រី​យោម បុប្ជា​និង​អ្នក​ស្រី​ទឹម សាក់​មុន្នី​នៅ​លើ​មុខ​របស់ពួកគេ​ព្រម​ទាំង​មាន​សរសេរ​ពាក្យ​ស្លោក​ថា ​«ទឹក​ភ្នែកឈាម​ត្រូវ​ការ​យុត្តិ​ធម៌​ និងមាន​កាន់​រូបថត​ព្រះ​ពុទ្ឋ​ ព្រម​ទាំង​មាន​រូប​សញ្ញា​ជញ្ជីង​យុត្តិធម៌​ដែល​មាន​រូប​អ្នក​ស្រី​ទឹម សាក់​មុន្នី​នៅ​លើ​ជញ្ជី​ង​ម្ខាង​ហើប​ឡើង​លើ​និង​ម្ខាង​ទៀត​ដាក់​រូប​សញ្ញា​ប្រាក់​ដុលា្លរ​បាន​ធ្លាក់​ចុះ​ក្រោម។​
ពួកគេ​បាន​ត្រឹម​តែ​អង្គុយ​មុខ​សម្ថកិច្ច​ដោយ​មាន​អ្នក​ខ្លះ​បាន​សូត្រ​ធម៌​របស់​ព្រះ​ពុទ្ឋ​ក្រោយ​ពី​សម្ថកិច្ចបាន​ឈរ​រាំង​ខ្ទប់​មិនឲ្យ​ចេញពី​តំបន់​បឹងកក់។​
អ្នក​ស្រី​ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​និយាយ​ថា​ពូកគេ​មាន​ការ​ខក​ចិត្ត​ដែល​សម្ថកិច្ច​បាន​រាំង​ខ្ទប់​ដល់​ការ​ដាក់​ញត្តិ​នេះ។​
អ្នក​ស្រី​បាន​និយាយ​ថា គម្រោង​ដាក់​ញត្តិ​ជូន​ក្រសួង​យុត្តិ​ធម៌​នេះ​គឺ​ដើម្បី​ទាម​ទារ​ឲ្យមាន​ការ​ដោះលែង​អ្នក​ស្រី​យោម​ បុប្ជា​ចេញ​ពីពន្ខនាគារ​ពី​ព្រោះ​អ្នក​ស្រី​មិន​មាន​កំហុស​ទេ។​
«ថ្ងៃ​នេះ​ពួក​ខ្ញុំ​ដាក់​លិខិត​ទៅ​ក្រសួង​យុត្តិ​ធម៌​ដើម្បី​ទាម​ទារ​ឲ្យ​ផ្តល់​យុត្តិ​ធម៌​ដល់​អ្នក​ស្រី​យោម បុប្ជា​ដែល​គាត់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​បង្ខំ ដោយ​គ្មាន​ដិការ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ទេ​គឺ​គាត់​ចេញ​ដិការ​មក​ចាប់​តែ​ម្តង»។
ក្រុម​អ្នក​ភូមិ​បឹង​កក់ និង​បូរី​កី​ឡា​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ដាក់​ញត្តិ​ទៅ​ទី​ស្តី​ការ​គណ​រដ្ឋ​មន្ត្រី​ដើម្បី​សុំ​ឲ្យ​ដោះ​លែង​សកម្ម​ជនទាម​ទារ​ដី​ធ្លី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ មន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មក​ទទួល​ញត្តិ​នោះ និង​បាន​សន្យាថា​ នឹង​ឆ្លង​យោបល់​នេះ​ពី​លោក​សុខ អាន​រដ្ឋ​មន្ត្រី​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​សិន។​
ក្រុម​មន្ត្រី​សមត្ថកិច្ច​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​ព្យាយាម​សម្ភាស។​
ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ និង​បូរី​កីឡា​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ។ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ប្រមាណ​ជិត​២០​នាក់​ដាក់​ឃុំ​ឃាំង ក៏ប៉ុន្តែ​ពួកគេ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​មក​វិញ។​
ការ​អូស​បន្លាយ​ជម្លោះ​ដី​ធ្លីនេះ​បាន​ប្រែ​ក្លាយ​រូប​ភាព​ថ្មី​ផ្សេង​ទៀត​មក​ដល់​ពេល​នេះ​ដោយសារ​មាន​ក្រុម​បាតុកម្ម​ប្រឆាំង​និង​ក្រុមអ្នកគាំទ្រ។​
លោក អំ សំអាត មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​របស់​អង្កការ​លីកាដូ​បាន​ដាក់​ការ​ព្រួយ​បារម្ភ​ថា ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​ប្រសិន​ណា​បើ​មាន​ចលនា​បាតុកម្ម​ពីរ​រវាង​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​ពេល​ពួក​គេ​ជូប​មុខ​គ្នា​នាពេល​អនាគត៕