មនុស្ស​បី​នាក់​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

កម្មករ​ត្រូវ​ចាប់​ខ្លួន​ដោយ​ប៉ូលិស​បង្ក្រាប​កុបកម្ម​​នៅ​ក្រោយ​ពេល​​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ក្នុង​អំឡុង​បាតុកម្ម​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៣។

សេចក្តី​រាយការណ៍​ពី​ប្រទេស​កម្ពុជា​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​៣​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស​ បន្ទាប់​ពី​ភ្នាក់ងារ​ប៉ូលិស​បាន​បាញ់​ទៅ​លើ​បាតុកម្ម​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ នៅ​កន្លែង​ដែល​ក្រុម​បាតុករ​បាន​ទាមទារ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល។​

សាក្សី​និយាយ​ថា​ ភ្នាក់ងារ​ប៉ូលិស​បាន​ប្រើ​អាវុធ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​ បន្ទាប់​ពី​អ្នក​ទាំង​នេះ​បាន​បិទ​រាំង​ផ្លូវ​ ហើយ​ចោល​ដុំ​ថ្ម​ទៅ​លើ​ភ្នាក់ងារ​ប៉ូលិស។​

នេះ​ជា​គ្រោះថ្នាក់​ចុង​ក្រោយ​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​រវាង​ក្រុម​បាតុករ​និង​កង​កម្លាំង​សន្តិសុខ។​

របាយការណ៍​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​២០​នាក់​ រួម​មាន​ព្រះ​សង្ឃ​១៥​អង្គ​ផង​ ត្រូវ​រង​របួស​ នៅ​ក្នុង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទៅ​លើ​ក្រុម​កម្មករ​រោង​ចក្រ​សម្លៀក​បំពាក់​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ហៅ​ឲ្យ​កង​ឯកភាព​យោធា​ពិសេស​មួយ​ចូល​ទៅ​បំបែក​ក្រុម​បាតុករ។​

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ដែល​បាន​រាយការណ៍​ថា​ មាន​មនុស្ស​យ៉ាង​តិច​១០​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​ រោងចក្រ​ Yak​ Jin​ នៅ​ជិត​ក្រុង​ភ្នំពេញ​ បាន​ផ្តន្ទា​ទោស​អំពើ​ហិង្សា​ និង​ការ​ដាក់​រាយ​កងទ័ព​ឯកភាព​នៃ​ទី​បញ្ជាការ​ពិសេស​ (ឆ័ត្រ​យោង)​ លេខ​ ៩១១​ ហៅ​ Special​ Command​ Unit​ 911។​

លោក​ នុត​ រំដួល​ (Nuth​ Romduol)​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​សមាជិក​រដ្ឋសភា​ដែល​បាន​ជាប់​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា​ កងទ័ព​ជា​អ្នក​បំពារ​បំពាន​លើ​ក្រុម​បាតុករ។​

«ពេល​ខ្ញុំ​មក​ដល់​ គេ​គឃ្លើន​ដាក់​យើង។​ ពួក​ទាហាន​ទាំង​អស់​ហ្នឹង​ គេ​គឃ្លើន​ដាក់​យើង​ ហើយ​ទៅ​ចាប់​យុវជន​ម្នាក់​ដែល​ឥត​មាន​បញ្ហា​អី​សោះ​នេះ​នែ៎។​ ទៅ​ចាប់​គ្នា​ដែល​គ្នា​ឈរ​មើល​នេះ​នែ៎​ ចាប់​អូស​វ៉ៃ​គ្នា​បួន​ប្រាំ​ដំបង​ ហើយ​ធាក់​ផង​ទាត់​ផង។​ តើ​វា​សម​ទេ?​ ហើយ​សួរ​ថា​គ្នា​មាន​ចោល​ដុំ​ថ្ម​ឬ​អត់។​ អា​នេះ​គឺ​ធ្វើ​នៅ​ចំពោះ​មុខ​ខ្ញុំ​ផង»។​

តែ​លោក​ ចាប​ សោភ័ណ្ឌ​ (Chap​ Sophorn)​ មេ​បញ្ជាការ​នៃ​កង​ឯកភាព​ពិសេស​ (ឆ័ត្រយោង)​ Special​ Command​ Unit​ 911​ បាន​ថ្លែង​ថា​ កងទ័ព​របស់​លោក​បាន​ឆ្លើយ​តប​ទៅ​វិញ​បន្ទាប់​ពី​ពួក​បាតុករ​ចោល​ដុំ​ថ្ម​ទៅ​លើ​ពួក​គេ។​

«ឲ្យ​ពួក​ខ្ញុំ​រង​គ្រោះ​ឬ​យ៉ាង​ម៉េច?​ អើ​ ទាហាន​ខ្ញុំ​ស្តាប់​បទ​បញ្ជា​ណាស់!​ ស្រួល​ផង​ ខ្ញុំ​ថា​ឲ្យ​ប្រុងៗ​ សម្រាកៗ។​ ពួក​ហ្នឹង​វា​មាន​ស្តាប់​អ្នក​ណា​គេ។​ អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ថា​កុំ​គប់​ តែ​បើ​សិន​មាន​មួយ​គប់។​ កុំ​ថា​បង​ឯង​ បង​(ខ្ញុំ​ក៏​ទប់​អត់​ជាប់​ដែរ»។​

កម្មករ​រោងចក្រ​សម្លៀក​បំពាក់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​ធ្វើ​កូដកម្ម​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​បៀវត្សរ៍៕

ប្រែ​សម្រួល​ដោយ កែរ យ៉ាន