រដ្ឋាភិបាលកម្ពុជាអាចមានអ្វីដែលគេនឹងចាត់ទុកថាជាមោទនភាព នោះគឺជោគជ័យក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រឱ្យបាន ពាក់កណ្តាលនៅត្រឹមខែកញ្ញា ឆ្នាំ២០១៥។
កាលបរិច្ឆេទនេះ គឺជាពេលវេលាដែលបណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ទាំងអស់ដោយរួមទាំងកម្ពុជាផងដែរនឹងមានកាតព្វកិច្ចរាយការណ៍ពី សមិទ្ធិផលក្នុងការខិតខំប្រឹងប្រែងឱ្យសម្រេចបាននូវគោលដៅដ៏ធំ មួយចំនួនដែលរដ្ឋសមាជិកបានសន្យាកាលពីឆ្នាំ២០០០ថានឹងសម្រេចឱ្យ បាននៅឆ្នាំ២០១៥នេះ។
គោលដៅចំនួន៨របស់អង្គការសហប្រជាជាតិដែល កម្ពុជាយល់ព្រមធ្វើតាមត្រូវបានហៅថាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ។ គោលដៅទាំងនោះទាក់ទងនឹងការលើកកម្ពស់ជីវភាពរស់នៅនិងសុខភាពរបស់ប្រជាពលរដ្ឋ។
គោលដៅទាំង៨ រួមមាន គោលដៅទីមួយ ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសនោះឱ្យបានពាក់កណ្តាល ទីពីរ ជំរុញការអប់រំសម្រាប់ថ្នាក់បឋមសិក្សា ទីបី លើកកម្ពស់សមភាពយេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី គោលដៅទីបួន ទីប្រាំនិងទី៦ទាក់ទងនឹងការកាត់បន្ថយអត្រាមរណភាពកុមារ លើកកម្ពស់សុខភាពមាតា ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ គ្រុនចាញ់និងជំងឺដទៃទៀត ហើយគោលដៅទី៧គឺត្រូវការពារបរិស្ថាននិងព្រៃឈើរបស់ប្រទេស និងគោលដៅចុងក្រោយជាការចូលរួមរបស់ប្រទេសម្ចាស់ជំនួយក្នុងការជួយឱ្យប្រទេសក្រីក្រសម្រេចបានគោលដៅទាំងអស់នោះ។ សម្រាប់កម្ពុជាបានបន្ថែមគោលដៅទី៩មួយទៀតគឺការដោះមីនហើយទាំងអស់នេះហៅថាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។ គោលដៅទាំងអស់នេះមានចំណុចដៅនិងសូចនាករត្រឹមត្រូវដែលត្រូវសម្រេចឱ្យបាន ត្រឹមឆ្នាំ២០១៥។
លោក ថេង បញ្ញាធន អគ្គលេខាធិការនៃក្រសួងផែនការបានបញ្ជាក់ពីសមិទ្ធិផលរបស់កម្ពុជាមកទល់នឹងពេលនេះ៖
«ប៉ុន្មាន ឆ្នាំចុងក្រោយនេះគឺការកាត់បន្ថយភាពក្រីក្រនេះគឺកម្ពុជាយើង សម្រេចបានជោគជ័យខ្លាំងមែនទែន។ អញ្ចឹងហើយបានជាអង្គការសហប្រជាជាតិគេបានជ្រើសរើសយកកម្ពុជាយើងជា ប្រទេសគំរូ...ក្នុងការសម្រេចបាននូវការកាត់បន្ថយភាពក្រីក្របាន លឿនហើយហ្នឹងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បានច្រើន»។
របាយការណ៍ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជាចេញផ្សាយដើមឆ្នាំ២០១៤បង្ហាញ ទាំងជោគជ័យនិងបញ្ហាប្រឈមក្នុងការសម្រេចឱ្យបានគោលដៅមួយចំនួន ក្នុងនោះមានគោលដៅនៃការកាត់បន្ថយភាពក្រីក្រដែលអាចសម្រេច បានជោគជ័យតែកម្រិតថ្នាក់ជាតិក្នុងខណៈពេលដែលបរាជ័យនៅក្នុង ខេត្តជាច្រើន ពោលគឺ កម្ពុជាសម្រេចបានតែការកាត់បន្ថយចំនួនពលរដ្ឋដែលរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រនិងធ្វើឱ្យចំនួនមនុស្សហូបអំបិលមានជាតិ អ៊ីយ៉ូដកើនឡើងច្រើនប៉ុណ្ណោះ ក្រៅពីនោះមិនអាចធ្វើបានទេ ដូចជា កង្វះអាហារូបត្ថម្ភកុមារនៅតែមានច្រើន មិនអាចកាត់បន្ថយចំនួនកុមារខ្វះទម្ងន់ នៅមានការប្រើប្រាស់ពលកម្មកុមារ និងចំនួនស្រ្តីនិងកុមារដែលមានជំងឺស្លេកស្លាំងគឺនៅតែច្រើន ដដែល។
អត្រាភាពក្រីក្រថ្នាក់ជាតិមានការថយចុះមកត្រឹម ១៨,៩ភាគរយនៅឆ្នាំ២០១២គឺមុនគោលដៅដែលព្យាយាមបញ្ចុះមកត្រឹម១៩,៥ ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោកថេង បញ្ញាធន។
ប៉ុន្តែ លោកក៏ទទួលស្គាល់ដែរថាខេត្តដាច់ស្រយ៉ាលមួយចំនួនអត្រានៃភាពក្រី ក្រមាននៅខ្ពស់នៅឡើយ ជាឧទាហរណ៍ខេត្តរតនគិរីមានរហូតដល់ ២៨,៦ភាគរយ។
អត្រានៃភាពក្រីក្រនៅតាមជនបទនេះមានផលប៉ះពាល់ មកលើការសិក្សារបស់សិស្សានុសិស្សផងដែរ។ មានសិស្សជាច្រើនបានធ្វើចំណាកស្រុកទៅរកការងារតាមរោងចក្រនិងក្រៅ ប្រទេសនៅមុនពេលពួកគេបញ្ចប់ការសិក្សាថ្នាក់ទី៩។
លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានពន្យល់ថា៖
«ក្នុង គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ក្នុងគោលដៅទីពីរនេះគឺមានតែសូចនាករ មួយទេដែលយើងអាចមិនសម្រេចបានគឺអត្រារួមនៃការសិក្សាមធ្យម សិក្សាបឋមភូមិដែលត្រូវសម្រេចឱ្យបាន៧៤ភាគរយ។ ដោយឡែកសូចនាករផ្សេងទៀតដូចជាអក្ខរភាព អត្រាពិតនៃការសិក្សាកម្រិតបឋមសិក្សាក្តីនិងសមភាពនៃយេនឌ័រក្តី គឺថាយើងសម្រេចបាន»។
ប៉ុន្តែក៏នៅមានក្រុមកុមារមួយចំនួនដែល អង្គការយូនីសេហ្វយល់ឃើញថានៅ មិនទាន់ទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់នៅឡើយនោះគឺ៖
«កូនចៅ របស់ក្រុមគ្រួសារក្រីក្រ ជនជាតិភាគតិច និងអ្នកមានកាយសម្បទាមិនគ្រប់គ្រាន់មិនត្រូវបានយកចិត្ត ទុកដាក់នៅគ្រប់លទ្ធផលនៃការអប់រំទាំងអស់ តម្រូវការចាំបាច់របស់ពួកគេ ការផ្តល់សេវាជូន និងឧបសគ្គសង្គម»។
គោល ដៅទីបីទាក់ទងនឹងការលើកកម្ពស់យេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ ស្រ្តីត្រូវបានអ្នកជំនាញមើលឃើញថាមិនទាន់សម្រេចបាននៅឡើយទេ ជាពិសេសលើការលុបបំបាត់គំលាតយេនឌ័រនៅក្នុងស្ថាប័នសាធារណៈ។
លោកស្រីធីតា ឃឹះ នាយិកាអង្គការសីលការបានបញ្ជាក់ថា៖
«សួរថាហេតុអ្វីគាត់លើកគោលដៅហើយគាត់ធ្វើអត់បានគឺគាត់គ្មាន មធ្យោបាយពិសេសច្បាស់លាស់ថាដាក់ស្ត្រីគ្រាន់តែថាដាក់ប៉ុន្តែ អត់មានវិធានការសមធម៌ដើម្បីធ្វើយ៉ាងណាឱ្យស្ត្រីបានទទួលតួរនាទី និងបានឱកាសក្នុងការបានតំណែងជាតំណាងប្រជាពលរដ្ឋ។ យើងមានស្ត្រីនៅក្នុងប្រទេសយើងដល់ទៅ៥២ភាគរយក៏ប៉ុន្តែដល់តំណាង យើងមានតែត្រឹមឥឡូវនេះ២០ភាគរយហើយនៅ ថ្នាក់មូលដ្ឋានយើងមាន១៧,៧ភាគរយ»។
គោលដៅដែលរដ្ឋាភិបាលសន្យា សម្រេចឱ្យបានគឺ ឱ្យចំនួនសមាជិកសភាជាស្ត្រីមានដល់ទៅ៣០ភាគរយនៅឆ្នាំ២០១៥និង តំណាងស្រ្តីនៅថ្នាក់មូលដ្ឋានដល់២៥ភាគរយ។
គោលដៅទី៧ដែល សំដៅលើការថែរក្សាគម្របព្រៃឈើរបស់កម្ពុជាឱ្យនៅសល់៦០ភាគរយក៏ ទទួលការរិះគន់ជាច្រើនបើទោះបីជារដ្ឋបាលព្រៃឈើបានប៉ាន់ស្មាននៅ ឆ្នាំ២០១០ថាមាននៅសល់៥៧,៥៩ភាគរយហើយប្តេជ្ញាប្រឹងប្រែងបន្ថែមឱ្យ ដល់៦០ភាគរយតាមផែនការនៅឆ្នាំ២០១៥។
រីឯចំណុចដៅមួយក្នុង គោលដៅទី៧នេះគឺការចេញបណ្ណកម្មសិទ្ធិដីធ្លីទូទាំងប្រទេសឱ្យបាន ដល់៦៥ភាគរយនៅឆ្នាំ២០១៥នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយក្នុងខណៈ ពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថាបានចេញបណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋចំនួនសរុបជាង ៣លាន៨សែនបណ្ណ។
ប៉ុន្តែរបាយការណ៍មិនបានរៀបរាប់ពីចំនួន ពលរដ្ឋជាង៧៧០.០០០នាក់ដែលអង្គការសិទ្ធិមនុស្សរាយការណ៍ថាត្រូវបាន បណ្តេញចេញពីទីលំនៅដ្ឋានដោយសារការអភិវឌ្ឍន៍ទេ។
ថ្វីបើមាន រូបភាពស្រអាប់សម្រាប់ការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ពិតប្រាកដប៉ុន្តែអ្វីដែលប្រទេសកម្ពុជាមានមោទនភាពខ្លាំងគឺ ការសម្រេចបានលើទិសដៅនៃការកាត់បន្ថយមេរោគនិងជំងឺអេសដ៍ដែលមាននៅ ក្នុងគោលដៅទី៦ បើទោះបីជាមិនទាន់សម្រេចបានលើទិសដៅដទៃទៀតនៃគោលដៅនេះក៏ដោយ ដូចជាអត្រាមនុស្សស្លាប់ដោយជំងឺរបេងនៅខ្ពស់ និងនៅ តែប្រឈមគ្រោះថ្នាក់ខ្ពស់នឹងជំងឺគ្រុនចាញ់។
កម្ពុជាបានដាក់ ទិសដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃមេរោគអេសដ៍ក្នុងចំណោមមនុស្សពេញ វ័យអាយុពី១៥ដល់៤៩ឆ្នាំពី២,៦ភាគរយឱ្យមកនៅត្រឹម១,៨ភាគរយនៅឆ្នាំ ២០១៥ប៉ុន្តែមានលទ្ធភាពកាត់បន្ថយចុះមកនៅ០,៧ភាគរយ ហើយបានកែតួលេខថានឹងសម្រេចឱ្យបាន០,៤ភាគរយនៅឆ្នាំ២០១៥វិញ។
ការខិតខំ ធ្វើឱ្យប្រជាជនរស់នៅទីប្រជុំជនចំនួន៨០ភាគរយមានទឹកស្អាតប្រើ ប្រាស់សម្រេចបានមុនគោលដៅកំណត់ចំនួនបួនឆ្នាំ។
ថ្វីបើគោលដៅ នានានៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាមួយចំនួនមិនសម្រេចបានតាម គោលដៅដែលបានដាក់តាំងពីឆ្នាំ២០០០ប៉ុន្តែជំនួយបរទេសសម្រាប់ជួយ អភិវឌ្ឍន៍ កម្ចីនិងជំនួយឥតសំណងមានការកើនឡើងលើសពីអ្វីដែលកម្ពុជារំពឹង ទុក។ នេះជាគោលដៅទី៨ដែលជាការទទួលខុសត្រូវរបស់ប្រទេសអ្នកមានឬម្ចាស់ ជំនួយដល់កម្ពុជា។
កម្ពុជាទទួលប្រាក់ពីបរទេសជាមធ្យម១០០០ លានដុល្លារក្នុងមួយឆ្នាំៗ។ សម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះចំនួននេះដោយកើនឡើងលើសពី ទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០០១ដែលមានតែ៤៧០លានដុល្លារសម្រាប់ ការអភិវឌ្ឍន៍វិស័យនានាដែលមាននៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នេះ។ គ្រាន់តែក្នុងឆ្នាំ២០១១ ២០១២និង២០១៣កម្ពុជាទទួលបានទឹកប្រាក់ពីបរទេសជិត១៤០០លានក្នុង មួយឆ្នាំៗ។
លោកចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (Center for Policy Studies) បានបញ្ជាក់ថា៖
«កន្លង មកប្រទេសកម្ពុជាយើងបានប្រើប្រាស់ទុនពីប្រាក់កម្ចីបរទេសនិង ជំនួយឥតសំណងផងនោះពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងបន្តិចម្តងៗ។ នេះជាការរួមចំណែកមួយក្នុងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើនដែលនឹងជំរុញឱ្យមានភាពងាយស្រួលក្នុងការចរាចរណ៍ក្នុងការ ប្រកបពាណិជ្ជកម្មអាជីវកម្មផ្សេងៗដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយក្នុងមួយឆ្នាំ»។
ជាអ្នកសេដ្ឋកិច្ច លោកចាន់ សុផលបញ្ជាក់ថាប្រសិនបើថវិកាទាំងនោះអាចប្រើប្រាស់ប្រកបដោយ តម្លាភាពនិងប្រកបដោយអភិបាលកិច្ចល្អនឹងទទួលបានផលកាន់តែច្រើន ជាងនេះទៀត។
«លោកសួរថាតើអាចមានប្រសិទ្ធភាពជាងនេះឬទេ? ប្រហែលជាអាចជាមានប្រសិនបើរដ្ឋាភិបាលមានការពិនិត្យពិច័យឱ្យបាន ដិតដល់ពីគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលសាងសង់ដោយប្រាក់ជំនួយឬ ប្រាក់កម្ចីហើយអំពីថ្លៃនៃហេដ្ឋារចនាសម្ព័ន្ធឬគម្រោងផ្សេងៗទាំងនោះ ។ ប្រសិនបើជាមានការពិនិត្យដិតដល់ប្រហែលជាយើងអាចទាញប្រសិទ្ធភាព ខ្ពស់ជាងនេះទៀត»។
របាយការណ៍ដំបូងនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលបានដាក់ទៅឱ្យអង្គការសហប្រជាជាតិនិងរបាយការណ៍ចុងក្រោយដែលចេញ នៅឆ្នាំ២០១៤មានតួលេខខុសគ្នាមួយចំនួនក្នុងការកំណត់គោលដៅនិង ទិសដៅដែលត្រូវសម្រេចឱ្យបាន។ ការប្រៀបធៀបរបាយការណ៍ទាំងពីរឃើញថាមានការកែទម្លាក់ទិសដៅឱ្យមកទាប ជាងមុនខ្លះបើទោះបីជាមន្ត្រីរដ្ឋាភិបាលបានប្រកែកថាមិនមានកែប្រែ ក៏ដោយ។
ក្នុងនោះមានដូចជា អត្រាអក្ខរកម្មនៃអ្នកដែលមានអាយុពី១៥ដល់២៤ឆ្នាំដែលកាលពីជាង១០ មុនកម្ពុជាដាក់ថានឹងបង្កើនឱ្យដល់១០០ភាគរយនៅត្រឹមឆ្នាំ២០១៥ ប៉ុន្តែបានប្តូរទម្លាក់មកត្រឹមតែ៩៤,៥វិញនៅក្នុងរបាយការណ៍ឆ្នាំ ២០១៤។
អត្រាមរណភាពមាតាក្នុង១០០.០០០កំណើតរស់ដែលពីមុនដាក់ថា នឹងបន្ថយឱ្យមានចំនួនស្រ្តីស្លាប់តែ១៤០នាក់នៅឆ្នាំ២០១៥បានកែ សម្រួលមកដាក់ថា២៥០នាក់វិញ។
បញ្ហាដីធ្លីដែលជាបញ្ហាដ៏ ក្តៅគគុកនៅក្នុងប្រទេសកម្ពុជាដែលកំណត់នៅក្នុងគោលដៅទី៧នៃគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ត្រូវបានកែសម្រួលពីគោលដៅដើមថាបង្កើនអត្រា នៃប្រជាជនមានកម្មសិទ្ធិដីធ្លីទូទាំងប្រទេសទាំងទីក្រុងនិងជនបទ រហូតដល់៦៥ភាគរយនៅឆ្នាំ២០១៥ត្រូវបានកែសម្រួលមកនៅតែត្រឹម ៤៣ភាគរយវិញ។
លោកថេង បញ្ញាធនបានសម្តែងពីការខិតខំរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសម្រេចតាមគោលដៅដែលនៅសេសសល់ទាំងនេះ៖
«ថ្វី ត្បិតតែមានគោលដៅមួយចំនួនទៀតដែលយើងអត់ទាន់សម្រេចបានតាមការ កំណត់របស់យើងនៅឆ្នាំ២០១៥មែនក៏ប៉ុន្តែជាជំហររបស់រដ្ឋាភិបាលក៏ដូច ជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលគឺយើងបានរៀបចំ ជាក្របខណ្ឌពន្លឿនសម្រាប់ឱ្យឈានទៅដល់ការសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាទាំងអស់នេះ»។
ក្របខណ្ឌពន្លឿនដែល រដ្ឋាភិបាលដាក់ចេញនោះគឺទាក់ទងនឹងវិស័យសង្គមកិច្ចនិងសេដ្ឋកិច្ច ដូចជារក្សាកំណើនសេដ្ឋកិច្ចឱ្យនៅថេរ ការកសាងធនធានមនុស្ស អភិរក្សធនធានធម្មជាតិយកមកអភិវឌ្ឍន៍ ជំរុញឱ្យស្ត្រីបានចូលរួមស្មើគ្នាជាមួយនឹងបុរស ថែរក្សាសុខភាពពលរដ្ឋជាពិសេសកុមារនិងស្រ្តីជាមាតានិងការប្រើ ប្រាស់ទឹកស្អាតជាដើម។
ការប្រើប្រាស់ទឹកស្អាតនិងអនាម័យក្នុងចំណោមពលរដ្ឋនៅជនបទនៅមានកម្រិតទាបនៅឡើយ៕