លោក ហ៊ុន សែន ទទូច​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់​សាំង ខណៈ​មនុស្ស​ជិត​ ៥ ​លាន​នាក់​​មិន​ទាន់​ទទួល​ដូស​ជំរុញ​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​យក​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដូស​ជំរុញ ខណៈ​មនុស្ស​ជិត​៥​លាន​នាក់ មិន​ទាន់​ទទួល​ដូស​ជំរុញ​នេះ​នៅ​ឡើយ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេស​ចរណ៍ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​រ៉េស៊ីដង់ ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ ការ​ចាក់​វ៉ាក់​សាំង​ជា​ «​វិធី​ដែល​ល្អ​ជាង» ​ហើយ​វាជា​ «រនាំង​ការ​ពារ​ខ្លួន» មិន​ឲ្យ​ប្រជាពលរដ្ឋ​ឈឺ​ធ្ងន់​ធ្ងរ។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​អ្វី​ដែល​ជា​កង្វល់ គឺ​នៅ​បញ្ហា​ត្រង់​ការ​ទទួល​យក​នូវ​ដូស​ជំរុញ​នៃ​វ៉ាក់​សាំង។ ឥឡូវ​នេះ យើងខ្វះ​មនុស្ស​ជាង​ ៤​ លាន​នាក់ ជិត​ ៥ ​លាន​នាក់​ទៀត ដែល​មិន​ទាន់​មក​ទទួល​ដូស​ទី​បី»។

បើ​តាម​លោក ហ៊ុន សែន ការ​ធ្វើ​តេស្ត​រហ័ស និង​ PCR​ បង្ហាញ​ថា​ មាន​ករណី​ឆ្លង​ច្រើន«​គួរ​ឲ្យ​ព្រួយ​បារម្ភ»​នៃ​វីរុស​អូមីក្រុង​បំប្លែង​ថ្មី ដែល​ឆ្លង​លឿន។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា​អ្នក​បាន​ចាក់​ដូស​ជំរុញ​ឬ​ដូស​ទី​ ៣​ មាន​ចំនួន​ជាង​ ៩​ លាន​ ៥ ​សែន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ ១៦ ​លាន​នាក់ ហើយការ​ឆ្លង​អូមីក្រុង​ក្នុង​សហគមន៍​បាន​កើន​ដល់​ ១៤.៥៩៩​ ករណី​ហើយ​រួម​ទាំង​ករណី​ឆ្លង​ថ្មី​ចំនួន​ ១៧ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង។

ទោះ​ជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​ថា ​រដ្ឋាភិ​បាល​ «មិន​មាន​ការ​ចាំ​បាច់​ណាមួយ» ដើម្បី​បិទ​ទីក្រុង សាលា​រៀន ឬ​ហាង​លក់​ដូរ​ទេ។ ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​បង្កើន​នូវ​វិធាន​ការ​ការពារ​សុខ​ភាព​ផ្ទាល់​ខ្លួន។

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ លោក ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​ជា​សំឡេង​មួយ ដោយ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។

លោក​ថ្លែង​ថា៖ «ជាមួយ​នឹង​វិធានការ​សុខាភិបាល​ដែល​ត្រូវ​ប្រកាន់​យក​នេះ ខ្ញុំ​នៅ​តែ​ទទូច​អង្វរក​ប្រជា​ពលរដ្ឋ​របស់​យើង ទទួល​យក​វ៉ាក់​សាំង​នូវ​ដូស​ជំរុញ​ ព្រោះ​មាន​តែ​ជម្រើស​មួយ​នេះ​ទេ ទើប​យើង​អាច​ជៀស​ផុត​ពី​មហន្តរាយ ដែល​អាច​កើត​ឡើង​ចំពោះ​ជីវិត​មនុស្ស»៕