ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចាក់​វ៉ាក់សាំង​កូវីដ១៩


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)

ទោះ​បី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា មាន​ភាព​ធូរ​ស្បើយ​ច្រើន លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បន្ត​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ និងបន្ត​ចាក់​វ៉ាក់​សាំងដូស​ជំរុញ។

ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​មក​នេះ ក្រសួង​សុខាភិ​បាល​កម្ពុជា​បាន​រាយការណ៍ថា​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ឬ​ស្លាប់ ក្នុង​ប្រទេស​ឡើយ។ របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល​មិន​បាន​រាប់​បញ្ចូល​អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​សម្រាក​ព្យាបាល​នៅ​ផ្ទះ ដោយ​ខ្លួន​ឯង​ឡើយ។

នៅ​ក្នុង​សារ​ជា​សំឡេង​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ពុធ ទី១ ខែ​មិថុនា លោក​ ហ៊ុន សែន បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ទោះ​បីមិន​មាន​ការ​ឆ្លង ឬ​ស្លាប់​នៅ​កម្ពុជា​ក៏​ដោយ ក៏ប៉ុន្តែ​កូវីដ​នៅ​តែ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នោះ​ទេ។ ដូច្នេះ​ជម្រើស​ដែល​រដ្ឋាភិបាល​នៅ​តែ​អំពាវ​នាវ​ចំពោះ​ពលរដ្ឋ​របស់​យើង គឺ​ការ​ទទួល​វ៉ាក់​សាំង ដើម្បី​ការពារ​ជីវិត​ ការពារ​ការ​ឆ្លង​ចំពោះ​ខ្លួន​ ចំពោះ​ក្រុម​គ្រួសារ​ក៏​ដូចជា​សហគមន៍»។

នេះ​ជា​ការ​អំពាវនាវ​សា​ជា​ថ្មី​ទៀត បន្ទាប់​ពី​លោក​បាន​ផ្ញើ​សារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជា​បន្ត​បន្ទាប់។

បើ​តាម​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​វ៉ាក់សាំង​កូវីដ​១៩ ចំនួន​៩​លាន​ដូស​ក្នុង​ឃ្លាំង​សម្រាប់​ប្រើប្រាស់​រវាង​ឆ្នាំ​២០២២ និង​២០​២៣។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​ផែន​ការ​ទិញ​វ៉ាក់សាំង​ដែល​នឹង​ត្រូវ​វេច​ខ្ចប់​នៅ​ក្នុង​ប្រទេស​ចំនួន​ជាង ​១០៤​លាន​ដូស គួប​ផ្សំ​នឹង​វ៉ាក់​សាំងបញ្ជា​ទិញ​ពី​ប្រទេស​ចិន​ចំនួន​១៥​លាន​ដូស សហរដ្ឋអាមេរិក ៥​លាន​ដូស និង​អូស្ត្រាលី ៥០​ម៉ឺន​ដូស សម្រាប់​ប្រើ​ប្រាស់​នៅ​ចន្លោះ​ឆ្នាំ​២០២៤ និង​២០២៦។

ប្រមាណ​ជាង​៩៤​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​១៦​លាន​នាក់ ​បាន​ទទួល​វ៉ាក់​សាំង​កូវីដ១៩​យ៉ាង​តិច​ចំនួន​២​ដូស ដែល​ក្នុង​នោះ​ជាង​៩​លាន​ ២​សែន​នាក់​ ទទួល​បាន​៣​ដូស និង​២​លាន​៥​សែន​នាក់ ចំនួន​៤​ដូស។ នេះ​បើ​តាម​របាយការណ៍​ក្រសួង​សុខាភិបាល​ ត្រឹម​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​២០២២។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដូស​ជំរុញ​ទី​៥ ដល់ក្រុម​មន្ត្រី​ជួរ​មុខ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនានេះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក យង់ គិមអេង ចាត់​ទុក​សារ​របស់​នាយក​រដ្ឋមន្ត្រី​ជា​ការ​ក្រើន​រំឭក​មួយ​ដល់​ពល​រដ្ឋ​ទូទៅ​កុំ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​នឹង​ជំងឺ​នេះ។

លោក​បន្ថែម​ថា​ ជា​រឿង​សំខាន់​ក្នុង​ការ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូវីដ​១៩​ពី​សំណាក់​ពលរដ្ឋ​ទូទៅ​និង​រដ្ឋាភិបាល ដើម្បី​ធានា​ការ​មិន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​នៃ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​នេះ។ ​

លោក​ថ្លែង​ថា៖ «ជាមួយ​គ្នា​នោះ ខ្ញុំ​ថា​បើ​សិន​យើង​ធ្វេស​ប្រហែស​ថ្ងៃ​ណា​មួយ​ យើង​អាច​រង​គ្រោះ​ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​វិញ​នៃ​កូវីដ​១៩។ បើ​ថា ការ​ផ្ទុះ​ឡើង​វិញ​ វា​អាច​ផ្តល់​ផល​អវិជ្ជមាន​ខ្លាំង​ដែរ​ សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ មិន​ទាន់​រឹងមាំ​ដូចជា​កម្ពុជា​យើង​នេះ។ ហើយ​ជាមួយ​គ្នា​នោះ​ ខ្ញុំ​គិត​ថា ការ​បង្ការ ការ​ចាក់​វ៉ាក់​សាំង​នៅ​តែ​ជា​សេចក្តី​ត្រូវ​ការ​ចាំបាច់​ ដែល​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ការ​ត្រូវ​ទទួល​វ៉ាក់​សាំង​ការពារ​គ្រប់ៗ​គ្នា​ ដើម្បី​បង្ការ​ការពារ​ដែរ»។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌ លោក អ៊ូច វុទ្ធី លើក​ឡើង​ថា​ ទោះ​បី​ស្ថានភាព​ជំងឺ​កូវីដ​១៩ ជា​ពិសេស​ប្រភេទ​បំប្លែង​ថ្មី​អូមី​ក្រុង មាន​សភាព​ស្ងប់​ស្ងាត់ នា​ពេល​បច្ចុប្បន្ន លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​បន្ត​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ ដែល​លោក​ថា​ជា​ផ្នែក​មួយ​ដើម្បី​ទប់​ទល់​ក្នុង​ករណី​កើត​មាន​ជំងឺ​កូវីដ​១៩ ប្រភេទ​ថ្មី​ណា​មួយ​ផ្សេង​ទៀត។

លោក​បាន​ស្នើ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្តប្រកាន់​ខ្ជាប់​នូវ​វិធាន​ការ​ត្រួត​ពិនិត្យ​ល្អិត​ល្អន់​ ដើម្បី​អាច​គ្រប់​គ្រង​បាន​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ ក្នុង​សង្គម។

លោក​ថ្លែង​ថា៖ «ខាង​ក្រសួង​ពាក់ព័ន្ធ ខាង​មន្ត្រី​ដែល​មាន​ជំនាញ​ផ្សេងៗ​ហ្នឹងគួរ​ណា​តែ មាន​វិធាន​ការ​ជាប់​ជានិច្ច​ អត់​អាច​ធ្វេស​ប្រហែស​បាន​នោះ​ទេ។ នេះ​ជា​ការ​សិក្សា ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាពលរដ្ឋ​យើង និង​ប្រទេស​ជាតិ​យើង​ទៅ​ថ្ងៃ​ក្រោយ»។

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ប្រទេស​ឡើង​វិញ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១​មក៕

XS
SM
MD
LG