លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃប្រទេសកម្ពុជា នឹងដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសហុងគ្រីនៅចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយនៅថ្ងៃចន្ទនេះ ហើយដែល VOA ទទួលបាន។
ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ នេះ គឺកើត ឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហុងគ្រី «វីកទ័រ អ័របាន» (Vickto Orban) ហើយនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២០ ហៅថា (5th CICA Summit) តាមការអញ្ជើញរបស់ប្រធានាធិបតី ប្រទេសតាជីគីស្ថាន អ៊ីម៉ូម៉ាលី រ៉ាម៉ុន ដែលជាប្រធានសន្និសីទនេះ ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានកម្មវិធីចុះហត្ថលេខាជាមួយសមភាគី ហុងគ្រីលើឯកសារចំនួនពីរគឺ កិច្ចព្រម ព្រៀងទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង ផ្នែកអប់រំ ក្រៅពីមានគម្រោងជំនួបជាមួយមេដឹកនាំប្រទេសហុងគ្រី។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រៅពីគ្រោងនឹងជួបជាមួយមេដឹកនាំប្រទេសនានា ក៏នឹងត្រូវថ្លែងសុន្ទរកថាក្នុង កិច្ចប្រជុំកំពូល CICAផងដែរ ដែលលោកនឹងផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជា ការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថាអាស៊ីនឹងរួមគ្នា ដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA៕