នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ស្នើ​ឲ្យ​ចិន​បន្ត​វិនិយោគ​ក្នុង​កម្ពុជា​ទោះ​ជា​អឺរ៉ុប​ព្យួរ​ EBA

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩៕

​​លោក ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​អ្នក​ដឹក​នាំ​ប្រទេស​ចិន​ឲ្យ​រក្សា​និង​បញ្ជូន​អ្នក​វិនិយោគ​មក​កម្ពុជា​បន្ថែម​ទៀត។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​អំពាវនាវ​ដល់​មេ​ដឹក​នាំ​ចិន​ឲ្យរក្សានិងជំរុញ​អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់​បង់​ការ​អនុគ្រោះ​ពន្ធលើ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ជំនួប​ជា​មួយក្រុម​អ្នក​វិនិយោគ​ចិន​នៅ​វិមាន​សន្តិភាព រាជធានីភ្នំពេញ លោក​ហ៊ុន សែន បាន​ផ្ដាំ​តាម​រយៈ​ក្រុមអ្នក​ជំនួញ​ទាំង​នេះ ទៅ​កាន់​លោក​ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង (Xi Jinping) និង​លោក​ នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) ​ដើម្បី​ឲ្យ​ប្រមុខ​ដឹក​នាំ​ចិន​ទាំង​ពីរ​«រក្សាអ្នក​វិនិយោគ​ចិន​ដែល​មាន​ស្រាប់​ឲ្យ​នៅ​ប្រទេស​កម្ពុជា​និង​ជំរុញ​ឲ្យ​មាន​អ្នក​វិនិយោគ​ចិន​ថ្មី​មក​កម្ពុជា​បន្ថែម​ទៀត»​បើ​ទោះជាកម្ពុជា​ស្ថិត​ក្នុង​ការ​ប្រឈម​នឹង​ការ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ទៅ​កាន់​អឺរ៉ុប ឬ​EBA ក៏ដោយ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ក្រោយ​ពី​ជំនួប​ជាមួយ​ក្រុម​អ្នក​ជំនួញ​ដែល​មកពី​ខេត្ត​ផ្សេងៗ​របស់​ប្រទេស​ចិន។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ស្នើ​ឲ្យប្រធានាធិបតី​ចិន​និង​នាយក​រដ្ឋមន្ត្រី​ចិន​បើក​ទី​ផ្សារ​ចិន​កាន់តែ​ធំ​ដើម្បី​នាំ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ចិន។

សហភាព​អឺរ៉ុប​បានបញ្ចប់​ការ​សិក្សារយៈ​ពេល​ប្រាំមួយ​ខែស្តីពី​លទ្ធ​ភាព​ព្យួរការ​អនុគ្រោះពន្ធ​EBA ​ដល់​កម្ពុជា​ ​កាល​ពី​ខែ​សីហា ​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០ ថា​តើ​ត្រូវ​រក្សា​ឬ​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា​ជា​ថ្នូរ​ទៅ​នឹង​លក្ខខណ្ឌ​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​ឡើងវិញ។

ការ​បាត់​បង់​ចំណូល​ពី EBA អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ លោក ង៉ែត ជូ យល់​ឃើញ​ថា ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ដែល​ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​កាត់ដេរ​ អាច​ផ្ដល់​ការងារ​បន្ថែម​ដល់​កម្ពុជា ប៉ុន្តែ​ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សង្គម និង​បរិស្ថាន​ជាដើម​ខណៈ​ដែល​មាន​លំហូរ​ជនជាតិ​ចិន​ចូល​ក្នុង​កម្ពុជា​កាន់​តែច្រើន។

«ពីព្រោះ​អ្នក​វិនិយោគ​ចិន​ មិនមែន​ទាំង​អស់​ទេ​តែ​មួយ​ចំនួន​តូច​គឺ​មាន​អាច​ថា​មិនសូវ​មានការ​ទទួល​ខុស​ត្រូវ​ទាក់ទង​នឹង​បញ្ហា​ទាំង​នោះ​ទេ។ អ៊ីចឹង​វា​អាច​ជះ​ឥទ្ធិពល អាក្រក់​ច្រើន​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ បញ្ហា​ការ​យកចិត្ត​ទុកដាក់​ទាក់ទង​ជាមួយ​សុខុមាលភាព​សង្គម​អី​ជាដើម​»។

លោក ​បាន​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​គួរ​ផ្ដោត​លើ​តែ​ការ​វិនិយោគ​ពី​ប្រទេស​ចិន​តែ​មួយ​មុខ​នោះ​ដែរ។​

ទំហំ​ពាណិជ្ជកម្ម​នៃ​កម្ពុជា​-​ចិន​ ​សម្រេច​បាន​ ​៦​,៤៥៧​ ​លាន​ដុល្លារ​ ​កាលពី​ឆ្នាំ២០១៨​ ​កន្លងទៅ​។​ ​ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​លេខរៀង​ទី១​ ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​កាលពី​ឆ្នាំ២០១៨​ ​ចិន​បាន​ដាក់​ទុន​វិនិយោគ​ប្រមាណ​ ​៣​,៥៩៤​ ​លាន​ដុល្លារ​ ​លើ​វិស័យ​កាត់ដេរ​ ​អគ្គីស​នី​ ​រោងម៉ាស៊ីន​កិនស្រូវ​ ​កសិ-ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​សំណង់​ ​និង​ធ្យូងថ្ម​។ រី​ឯ​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ក៏​មានការ​កើន​ឡើង​រហូត​ជាង២​ ​លាន​នាក់​កាលពី​មុន។ នេះ​បើ​យោង​តាម​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម។​

ប្រទេស​ចិន​ក៏​ជា​ទី​ផ្សារ​លក់​អង្ករ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​សម្រេច​ដំឡើង​ការ​យក​ពន្ធ​លើ​អង្ករ​ក្រអូប​នាំចូល​ពី​ប្រទេស​កម្ពុជា។ ​ការ​យក​ពន្ធ​នេះធ្វើ​ឲ្យ​ការ​នាំ​អង្ករ​របស់​កម្ពុជា​ធ្លាក់​ចុះ។

ទោះ​យ៉ាង​ណា​ប្រទេស​កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ឲ្យ​កើន​ដល់​ ១០​ពាន់​លាន​ដុល្លារ នៅ​ត្រឹមឆ្នាំ២០២៣៕