ក្រុងភ្នំពេញ​ស្ងាត់​ដោយសារ​គ្មាន​បុណ្យ​អុំ​ទូក​

As salas de aula com paredes de chapa, na Escola Viva a Paz. O olhar de um ouvinte da VOA pelo Ensino Primário, província de Benguela, Angola. Março 2014

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ អកអំបុក​សំពះ​ព្រះ​ខែ​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​អំឡុង​ខែតុលា​ឬ​ខែវិច្ឆិកា​នៅ​ចំ​ថ្ងៃ​ពេញ​បូរ​មី​និង​ជា​ពិធីបុណ្យ​ដែល​មាន​ប្រជាប្រិយ៍​បំផុត។​
ភ្នំពេញ៖ នៅ​ថ្ងៃនេះ​កាលពី​ពីរ​ឆ្នាំ​មុន​នៅ​តាម​ដង​វិថី​នានា​កណ្តាល​រាជធានី​ភ្នំពេញ​កកស្ទះ​ដោយ​ហ្វូង​មនុស្ស​រាប់​លាន​នាក់​មក​ពី​បណ្តា​ខេត្ត​នានា​ដែល​នាំ​គ្នា​សម្រុក​ចូល​មើល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​សំពះ​ព្រះ​ខែ​និង​លយ​ប្រទីប។​

ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​លើក​ពេល​រៀបចំ​ព្រះរាជ​ពិធី​ប្រពៃណី​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ដោយសារ​តែ​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​នៃ​កោះ​ពេជ្រ​នៅ​ថ្ងៃ​បង្ហើយ​នៃ​ព្រះរាជ​ពិធី​នេះ​នៅ​ឆ្នាំ​២០១០​និង​ដោយសារ​តែ​ដើម្បី​ចូលរួម​មរណទុក្ខ​ព្រះ​បរមសព​សម្តេច​ឳ​នរោត្តម​ សីហ​នុ។​ ព្រះ​អង្គ​បាន​យាង​សោយ​ទីវង្គត​កាលពី​ថ្ងៃ​ទី​១៥​ខែតុលា​ហើយ​ព្រះរាជ​សព​នឹង​ត្រូវ​ដម្ក​ល់រ​ហូត​ដល់​ថ្ងៃ​ប្រទាន​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី​៤​ខែកុម្ភៈ​ឆ្នាំ​ក្រោយ។​
​រាជធានី​ភ្នំពេញ​មិន​ត្រឹមតែ​មិន​មាន​មនុស្ស​កកកុញ​នោះ​ទេ​ប៉ុន្តែ​បែរជា​ស្ងប់ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​ដោយសារ​តែ​មន្ដ្រី​រាជការ​និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ទទួល​បានការ​ឈប់​សម្រាក​ផ្លូវការ​ចំនួន​បី​ថ្ងៃ​ដូច​ពេល​ដែល​មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែរ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៩​ខែវិ​ច្ឆិ​កា​ហើយ​ប្រជា​ពលរដ្ឋ​ទាំងនោះ​បាន​ចេញដំណើរ​ទៅ​កំសាន្ត​តាម​គោលដៅ​ផ្សេងៗ។​

អ្នកស្រី​អ៊ី​ ច័ន្ទ​ម៉ូ​លី​ អ្នកក្រុង​ភ្នំពេញ​ម្នាក់​ទើបតែ​ដើរ​ចេញពី​ព្រះ​បរម​រាជវាំង​ទាំង​អាវ​ស​ ចង​បូរ​ពណ៌​ខ្មៅ​ជាប់​នឹង​ទ្រូង​ខាងឆ្វេង។​ អ្នកស្រី​បាន​ចូល​គោរព​ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម​ សីហ​នុ​ជា​លើក​ដំបូង​ក្រោយ​ពី​ព្រះ​អង្គ​យាង​ចូល​ទីវង្គត។​

និយាយ​បណ្តើរ​លើកដៃ​សំពះ​សម្តែង​ការ​គោរព​ព្រះ​វិញ្ញាណ​ខន្ធ​បណ្តើរ​អ្នកស្រី​ច័ន្ទម៉ូ​លី​ មាន​អារម្មណ៍​ខុស​រាល់​ឆ្នាំ​ដែល​មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប៉ុន្តែ​អ្នកស្រី​រក្សា​ការ​កាន់ទុក្ខ​ព្រះ​សព​ជាប់​នឹង​ខ្លួន។​

«ប្លែក​ជាង​ឆ្នាំ​មុនៗ​ទាំងអស់​ដោយសារ​អត់​មាន​ប្រជា​ពលរដ្ឋ​កុះករ​ជុំវិញ​ព្រះ​បរមរាជវាំង។​ តែ​ចំពោះ​នាង​ខ្ញុំ​គឺ​ធូរស្បើយ​គឺថា​ក្នុង​ចិត្ត​នាង​ខ្ញុំ​កើតទុក្ខ​ចំពោះ​ព្រះមហាក្សត្រ»។​

អង្គុយ​នៅ​ក្បែរ​រថយន្ត​ដឹក​ទំនិញ​ជាមួយ​នឹង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ដែល​មក​ពី​ខេត្តកំពង់ស្ពឺ​អ្នកស្រី​ម៉ៅ​ វឿ​ន​ ធា្ល​ប់​មក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ស្ទើរ​រាល់​ឆ្នាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ នៅ​ពេល​នេះ​អ្នកស្រី​មិន​បាន​រីករាយ​ដូច​កាលពី​ពេល​មុន​នោះ​ទេ។​

«ធ្លាប់​បានឃើញ​គេ​អុំទូក​ទាំង​គូ​ បណ្តែត​ប្រ​ទីប​ បាញ់​កាំជ្រួច។​ឥឡូវ​អត់​មាន។​ពី​មុន​សប្បាយ​។​ឥឡូវ​ក្រៀមក្រំ​កាន់ទុក្ខ​សម្តេច»។​

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ប្រទីប​ អកអំបុក​សំពះ​ព្រះ​ខែ​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​អំឡុង​ខែតុលា​ឬ​ខែវិច្ឆិកា​នៅ​ចំ​ថ្ងៃ​ពេញ​បូរ​មី​និង​ជា​ពិធីបុណ្យ​ដែល​មាន​ប្រជាប្រិយ៍​បំផុត។​

ក្នុង​ពិធី​នេះ​មានការ​ប្រកួត​ទូកប្រណាំង​នៅ​ក្នុង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង​ដែល​ជា​ទូទៅ​ព្រះមហាក្សត្រ​ទ្រង់​យាង​ជា​ធិ​បតី​ក្នុង​ការ​ប្រកួត។​ ពិធី​ប្រពៃណី​នេះ​រំលឹក​ដល់​វីរភាព​កង​ទ័ព​ជើង​ទឹក​កម្ពុជា។​

ប៉ុន្តែ​ក្រោយ​ពី​សោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ​ កាលពី​យប់​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធី​នេះ​ដែល​បាន​បណ្តាល​ឲ្យ​អ្នក​ដើរ​កំសាន្ត​ជាង​៣៥០​ នាក់​ ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​រដ្ឋាភិបាល​បាន​ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​នេះ​នៅ​ឆ្នាំ​២០១១​និង​ជា​ចៃដន្យ​ព្រះរាជ​ពិធី​នេះ​ត្រូវ​លើក​ពេល​ជា​លើក​ទី​ពីរ​សម្រាប់​ជា​ការ​គារវកិច្ច​ដល់​ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម​ សីហ​នុ។​

លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ក្នុង​ពិធី​សម្ពោ​ធ​ស្ពាន​អាកាស​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ពន្យល់​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​ចោល​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ជា​លើក​ទី​ពីរ។​

«ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​កាន់ទុក្ខ​ វា​មិនជា​ការ​គួរសម​ទេ​ដែល​មនុស្ស​រាប់​លាន​នាក់​ហ៊ោ​ក​ញ្ច្រៀ​វ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​មុខ​ព្រះ​បរមរាជវាំង​ មុខ​កន្លែង​ព្រះ​បរមសព​នោះ»។​

ប៉ុន្តែ​ជាមួយ​គ្នា​នេះ​អាជីវករ​តូចតាច​ដែល​ធ្លាប់​ពឹង​អាស្រ័យ​នឹង​ឱកាស​រក​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល​នោះ​បែរជា​សោកស្តាយ​ដោយសារ​គ្មាន​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក។​

លោក​លី​ ម៉ា​រ៉ា​ឌី​ រត់​ម៉ូតូឌុប​ជាង​ដប់​ឆ្នាំ​ហើយ។​ គាត់​មក​ពី​ទីរួមខេត្ត​កណ្តាល​ហើយ​កំពុង​សំចត​ម៉ូតូ​នៅ​មុខ​វាល​ព្រះ​មេរុ​ខាងជើង​ព្រះ​បរមរាជវាំង។​ គឺ​នៅ​ទី​នេះ​ដែល​រដ្ឋាភិបាល​នឹង​ត្រូវធ្វើ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម​ សីហនុ។​

«ឆ្នាំ​នេះ​អត់​មាន​ធ្វើ​ពិធីបុណ្យ​អុំ​ទូករ​កមួយ​ថ្ងៃ​មិន​បាន​២០.០០០​រៀល​ទេ។​បើសិន​មានបុណ្យ​អុំទូក​បាន​បី​ទៅ​បួន​ម៉ឺន​រៀល។​មនុស្ស​ច្រើន​ត្រូវការ​រក​ម៉ូតូ​ជិះ។​ ក្នុង​បុណ្យអុំទូក​បី​ថ្ងៃ​ហ្នឹង​ចំ​ណូ​ល​យើង​បាន​ច្រើន។​ មនុស្ស​មក​ពី​ខេត្ត​ច្រើន​យើង​អាច​ដឹក​បាន​រហូត»។​

អ្នកស្រី​ជា​ លី​ដា​ អ្នកលក់​ទឹក​សុទ្ធ​ចល័ត​កំពុង​តម្រៀប​ទឹក​សុទ្ធ​និង​ភេសជ្ជៈ​ផ្សេងៗ​ចូល​ក្នុង​ធុង​ក្លា​សេ​នៅ​លើ​សួនច្បារ​មុខ​វត្ត​បុ​ទុមវតី។​ ការ​ប្រគុំ​តន្ត្រី​ ស្តង់​ទំនិញ​ និង​មនុស្ស​យ៉ាង​ណែនណាន់​តាន់តាប់​ធ្លាប់​ដើរ​ឆ្លងកាត់​ប្រជ្រៀត​គ្នា​ស្ទើរ​ថប់ដង្ហើម​នៅ​ទី​នេះ។​

«​កាលពីមុន​ពេល​បុណ្យ​អុំទូក​មាន​មនុស្ស​កុះករ​ដើរ​លេង​ លក់​មួយ​ល្ងាច​បាន​ទឹក​សុទ្ធ​៣០​ទៅ​៤០​យួរ។​ដល់​អត់​មានបុណ្យ​អុំទូក​អីចឹ​ង​លក់​អត់​ដាច់។​ និយាយ​រួម​ទៅ​បាត់​សឹងតែ​៥០​ភាគរយ។​ រាល់ថ្ងៃ​បើ​អត់​មានបុណ្យ​ទាន​ជួនកាល​លក់​មិន​បាន​ទឹក​សុទ្ធ​មួយ​យួរ​ផង​មួយ​ល្ងាច»។​
​ដូច្នេះ​មនុស្ស​ម្នា​ដែល​ធ្លាប់​ដើរ​ឆ្វាត់ឆ្វែង​ដេរដាស​ជាន់​ជើង​គ្នា​នៅ​ទីលាន​មុខ​ព្រះ​បរមរាជវាំង​ តាម​សួនច្បារ​នានា​ និង​នៅ​អម​ច្រាំង​ទន្លេសាប​បាន​ជំនួស​វិញ​ដោយ​ប្រជាពលរដ្ឋ​ជា​ក្រុម​តូចៗ​ចូល​គោរព​ព្រះ​បរមសព​សម្តេច​ព្រះ​នរោត្តម​ សីហនុ។​ ការ​ស្មូត​កំដ​ព្រះ​សព​ដែល​ត្រូវ​ដម្កល់​រយៈពេល​បី​ខែ​បាន​រំលឹក​ក្តី​អាឡោះ​អាល័យ​និង​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​បានឮ​សាច​ចូល​ត្រចៀក​ពលរដ្ឋ​ទាំងឡាយ​ដែល​បាន​មក​សម្តែង​មរណទុក្ខ​ទាំង​ក្នុង​និង​ក្រៅ​ព្រះ​បរមរាជវាំង៕