គណបក្ស​ធំ​ទាំង​ពីរ​សម្រេច​ឲ្យ​សភា​បោះឆ្នោត​សមាសភាព​គ.ជ.ប.​ថ្មី​​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​

បាតុកម្ម​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ការ​បោះឆ្នោត​ក្នុង​ពេល​កន្លង​ម។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។ ​នេះ​ជា​ការ​ប្រកាស​របស់​លោក​ស ខេង ​ឧប​នាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ ក្រោយ​ពី​កិច្ច​ប្រជុំ​រវាង​មេដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​មួយ​ម៉ោង។​

«គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​នឹង​កើត​ជា​រូប​រាង​នៅ​ថ្ងៃ​ស្អែក​នេះ​គឺ​ថ្ងៃ​ទី​៩ ​ខែ​មេសា»។​

ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គ.ជ.ប.ថ្មី​នេះ​ធ្វើ​ឡើង​បួន​ថ្ងៃ​លឿន​ជាង​ការ​គ្រោង​ទុក។​ កាល​ពី​ពេល​មុន​រដ្ឋសភាគ្រោង​នឹង​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គ.ជ.ប.ថ្មី​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា។​

លោក ពុទ្ធា ហង្ស នាយកប្រតិបត្តិ​នៃ​អង្គការ​នីកហ្វិក​ចូល​រួមនៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៣០ ខែ​តុលា ឆ្នាំ​២០១៤។ (លឹម សុធី/VOA)

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ថ្មី​នេះ​គឺ​ជា​ផ្នែក​មួយ​នៃគោល​ដៅ​កែ​ទម្រង់​ការ​បោះឆ្នោត ដែល​ជា​ផែន​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​បាន​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តាន​តឹង ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​ គណបក្ស​ជំទាស់​បាន​ចោទ​ប្រកាន់​ថា​ គណបក្សប្រជាជន​កម្ពុជា​បាន​ប្រើ​ប្រាស់​គ.ជ.ប.​ចាស់​ដែល​លម្អៀងដើម្បី​បម្រើ​ផល​ប្រយោជន៍សម្រាប់​ការ​ចំណេញ​សន្លឹក​ឆ្នោត​របស់គណបក្ស​កាន់​អំណាច​នេះ។​ ហើយ​គណបក្ស​ជំទាស់​បាន​ទាមទារ​ឲ្យ​មាន​ការ​រុះរើ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ និង​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ឡើង​វិញ។​

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ពេល​អស់​ជា​ច្រើន​ខែ​ដើម្បី​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ថ្មី​សម្រាប់​កែ​ទម្រង់ការ​បោះឆ្នោត​គឺ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ និង​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។​ លោក​ស ខេង ​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​អះអាង​នៅ​មន្ទីរ​រដ្ឋ​សភា​ជាតិថា ​គណបក្ស​ទាំង​ពីរ​នឹង​ជំរុញ​ឲ្យ​សមាជិក​គ.ជ.ប.ថ្មី​ចូល​កាន់​តំណែងយ៉ាង​យូរ​បំផុត​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា​គឺ​មួយ​ថ្ងៃ​មុន​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។​

ទាំង​លោក​ស ខេង ​ទាំង​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​លិខិត​ចំនួន​បី​ដាច់​ដោយឡែក​ពី​គ្នាទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ដើម្បី​ដាក់​ចូលក្នុង​របៀប​វារៈ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាស​ភាព​គ.ជ.ប.​ថ្មី​ ​គឺ​លិខិត​មួយ​ស្នើ​បេក្ខភាព​ចំនួន​បួន​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ លិខិត​មួយ​ទៀត​ស្នើ​បេក្ខភាព​ចំនួន​បួន​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លិខិត​រួម​មួយ​ទៀត​ស្នើ​បេក្ខភាព​លោក​ហង្ស ពុទ្ធា ​ជា​បេក្ខជន​ទី​៩​សម្រាប់​ជា​សមាជិក​គ.ជ.ប.។​

ថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា​ដឹកនាំដោយលោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ ដឹកនាំដោយលោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅមន្ទីររដ្ឋសភាជាតិ នៅ​ថ្ងៃ ច័ន្ទ​ ទី​៦ ខែ​មេសា ឆ្នាំ​២០១៥។ (ប្រភព៖ ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី)

យ៉ាង​ណា​ក៏​ដោយ​ មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​ទម្លាយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​នូវ​ឈ្មោះ​បេក្ខជន​ទាំង​៨​រូប​ដែល​ស្នើ​ដោយ​គណបក្ស​ទាំងពីរ​ តែ​គេ​ដឹង​ក្រៅ​ផ្លូវ​ការ​ថា គណបក្ស​សង្គ្រោះជាតិ​មាន​បេក្ខភាព​លោក ​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ និង​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​កម្មករ​ល្បី​ល្បាញ​មួយ​រូប ​លោក​ ហ៊ីង ធារិទ្ធ ​អតីត​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ដក​ហូត​តំណែងពាក់​ព័ន្ធ​នឹង​សំណុំរឿង​នយោបាយ​ដ៏​ចម្រូង​ចម្រាស់​ លោក​គួយ ប៊ុនរឿន ​ដែល​ដក​ខ្លួន​ពី​កៅ​អី​តំណាង​រាស្ដ្រ​ និង​លោក​ស្រី​ តែ ម៉ានីរ៉ុង​ ដែល​ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍។ ​ដោយ​ឡែក​ខាង​គណបក្ស​ប្រជាជន​កម្ពុជាត្រូវ​គេ​ដឹង​ថា ​មាន​លោក​ស៊ិក ប៊ុនហុក ​តំណាង​រាស្ដ្រ​មណ្ឌល​កំពង់ធំ​ និង​ជា​បេក្ខជន​ប្រធាន​គ.ជ.ប.​ លោក​មាន ​សាទិ ​ជា​អតីត​សមាជិក​គ.ជ.ប.ចាស់ ​លោក​ទូច​ សុន ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ចូល​និវត្តន៍​ និង​លោក​ឯម សូផាត ​ជា​អតីត​សមាជិក​គ.ជ.ប.ចាស់។​

លោក​សម រង្ស៊ី​រំពឹង​ថា​ គ.ជ.ប.​ ថ្មី​នឹង​នាំ​ឲ្យ​ការ​បោះឆ្នោត​ប្រសើរ​ជាង​មុន។​

«គ.ជ.ប.ថ្មី​ សម័យថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​នឹង​ឃើញ​ការ​បោះ​ឆ្នោត​ល្អ​ប្រសើរ​ និង​មិន​មាន​បញ្ហា​ដូច​មុន។​ អ្នក​ណា​ឈ្នះ​ អ្នក​ណា​ចាញ់​គឺ​ឈ្នះ​ដោយ​កិត្តិយស ​ចាញ់​ដោយ​អស់​ចិត្ត។​ ដូច្នេះ​ធានា​ស្ថិរភាព ​សន្តិភាព​និង​ភាព​រលូន​គ្រប់​កាលៈទេសៈ​ គឺ​ប្រជារាស្ត្រ​ខ្មែរ​មិន​ព្រួយ​បារម្ភ»។​

លោក​សម រង្ស៊ី​សង្ឃឹម​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គ.ជ.ប.ថ្មី​នឹង​មិន​មាន​បញ្ហា​នោះ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​ លោក​ស ខេង​បញ្ជាក់​បន្ថែម​ថា​ការ​បោះឆ្នោត​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​កញ្ចប់៕

សូម​ប្រិយមិត្ត​ចូល​រួម​ផ្ញើ​សំណួរ​និង​ស្តាប់​កម្មវិធី​ Hello VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោក​បណ្ឌិត ពុទ្ធា ហង្ស​ត្រង់​នេះ