គណបក្ស​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​បញ្ហា​កំណែ​ទម្រង់​បោះឆ្នោត

គណបក្ស​ជំទាស់​ចង់​បាន​ការ​អនុម័ត​យល់ព្រម​ដោយ​សំឡេង​​២​ភាគ​៣​នៃ​សមាជិក​សភា​ទាំង​អស់​ក្នុង​ការ​សម្រេច​អំពី​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ​បញ្ហា​នេះ​ជា​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​កំពូល​ ដែល​គណបក្ស​ជំទាស់​ស្នើសុំ​ឲ្យ​មាន​ជំនួប​នេះ។​

ក្រុម​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​គណបក្ស​ជំទាស់​បាន​យល់ព្រម​ជា​គោលការណ៍​លើ​បញ្ហា​១៤​ចំណុច​ ក្នុង​កិច្ច​ចរចា​កន្លង​មក​ដើម្បី​បញ្ចៀស​ការ​ជាប់គាំង​នយោ​បាយ។​ តែមក​ទល់​ពេល​នេះ​សូម្បី​តែ​ចំណុច​ដំបូង​មួយ​ គឺ​ការ​កែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត​គ.ជ.ប. ក៏​ក្រុម​ចរចា​នៃ​គណបក្ស​ទាំងពីរ​ មិន​អាច​យល់​ព្រមគ្នា​បាន​ឡើយ​ នៅ​ពេល​ភាគី​ម្ខាង​ចង់​សើរើ​ស្ថាប័ន​នេះ​ ហើយ​ម្ខាង​ទៀត​ចង់​រក្សា​នៅ​ដដែល។​

ក្រុម​អ្នក​សង្កេត​ការណ៍​ ដូចជា​លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​អង្គការ​និចហ៊្វិច​ដែលឃ្លាំ​មើល​ការ​បោះឆ្នោត បាន​អះអាង​ថា​ បញ្ហានេះ​ជា​ចំណុច​រស៊ើប​សម្រាប់​គណបក្ស​ទាំងពីរ​ដែល​ធ្លាប់​ឈ្នះ​និង​ចាញ់​ដោយសារ​ប្រព័ន្ធ​នេះ​ ដូច្នេះ​ការ​ទាមទារ​ឲ្យ​កែទម្រង់នេះ​ជា​រឿង​ដែល​រស៊ើប​ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង។​

«ការ​កែ​ទម្រង់​ហ្នឹង​គណបក្ស​ប្រជាជន​កម្ពុជាចង់​រក្សា​ស្ថាប័ន​គ.ជ.ប.ជា​ស្ថាប័ន​រដ្ឋបាល​ដដែល ​ហើយ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​គឺជា​ស្ថាប័ន​ធម្មនុញ្ញ។​ អញ្ចឹង​ចំណុច​នេះ​ជា​ចំណុច​ផ្ទុយគ្នា ​មិន​អាច​យល់​ស្រប​គ្នា​បាន​ទេ»។​

គណបក្ស​ជំទាស់​ចង់​បាន​ការ​អនុម័ត​យល់ព្រម​ដោយ​សំឡេង២​ភាគ​៣​នៃ​សមាជិក​សភា​ទាំង​អស់​ក្នុង​ការ​សម្រេច​អំពី​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ​បញ្ហា​នេះ​ជា​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​កំពូល​ ដែល​គណបក្ស​ជំទាស់​ស្នើសុំ​ឲ្យ​មាន​ជំនួប​នេះ។​ តែ​លោក​ពុទ្ធា ហង្ស​បាន​អះអាង​ថា​ សង្គម​ស៊ីវិល​ចង់​ឃើញ​ គណបក្ស​ទាំង​ពីរ​បន្ត​រក​វិធី​ដោះ ស្រាយ​បញ្ហា​នេះ​បន្ត​ទៀត។​

«អនុសាសន៍​របស់​ខ្ញុំ​ ទោះបី​ជា​គ.ជ.ប.ជាស្ថាប័ន​រដ្ឋបាល​ ឬស្ថាប័ន​ធម្មនុញ្ញ​ក៏​ដោយ ​ធ្វើម៉េច​ឲ្យ​គ.ជ.ប.ហ្នឹង​អព្យាក្រិត្យ​ទៅ​ជា​ជំហាន​វិជ្ជមាន​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា»។​

លោកគល់ បញ្ញា​ ​ជា​នាយក​អង្គការ​ខុម​ហ្រ្វែល​ដែលឃ្លាំ​មើល​ការ​បោះឆ្នោត​ដែរ ​បាន​អះអាង​ថា​ គណបក្ស​ទាំងពីរ​បាន​យល់​ស្របគ្នា​ថា ​ត្រូវ​កែ​លម្អ​លើ​ចំណុច​ជាច្រើន តែបញ្ហា​ថា​ ត្រូវ​ធ្វើ​យ៉ាងម៉េច​នោះ​នៅ​មិន​ទាន់​មាន​ការ​យល់​គ្នា​នៅ​ឡើយ​ រួមទាំង​ការ​កែ​ទម្រង់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប.ផង។​

«ក៏​ប៉ុន្តែ​ចំណុច​លម្អិត​នៅក្នុង​រឿង​ហ្នឹង​ប្រហែល​ជា​គាត់​មាន​ការ​មិនទាន់​យល់​ មាន​គំនិត​ខុសគ្នា​អំពី​របៀប​កំណែទម្រង់​ហ្នឹង។​ ប្រហែល​ជា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​គាត់មើល​ឃើញ​កំណែទម្រង់ខ្លះ​ ដូច​ជា​គ.ជ.ប.អី ​គាត់​ថា​ គ្រាន់តែ​មានការ​បែងចែក​សមាសភាព​គ.ជ.ប.ហ្នឹង​ចេញ​ពី​គណបក្ស​ទាំង​ពីរ​ហ្នឹង​ទៅ។​ គាត់​គិត​អញ្ចឹង​ តែ​គាត់​មិន​បាន​គិត​អំពី​ថា​តើ​ត្រូវ​ឲ្យ​មាន​កំណែ​ទម្រង់​ឲ្យ​ស៊ី​ជម្រៅ​របៀប​ម៉េច ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​គាត់​ចង់​ឲ្យ​មាន​កំណែ​ទម្រង់​មួយ​ដែល​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​អាច​មាន​លទ្ធភាព​ចូលរួម​ក្នុង​ការ​ត្រួត​ពិនិត្យ​ ក្នុង​ការ​ជ្រើស​រើស​សមាជិក​គ.ជ.ប.ហ្នឹង»។​

លោក​បាន​បន្ថែម​ថា ​គណបក្ស​ទាំងពីរ​មាន​សម្ពាធ​ដូចគ្នា​ក្នុង​ការ​ចរចា​ដោយ​សារ​ថា​ ប្រជាពលរដ្ឋ​ចង់​បាន​ការ​ផ្លាស់ប្តូរ​នយោបាយ​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ពួក​គេ​ជាម្ចាស់​ឆ្នោត។ ​លោក​គល់ បញ្ញា​បាន​អះអាង​ថា ​ចំណែក​គណបក្ស​ទាំង​ពីរ​វិញ ​ពួកគេ​ក៏មាន​ការ​ប្រយ័ត្ន​ប្រយែង​ដូចគ្នា​ក្នុង​ការ​ធ្វើយ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​អំណាច​និង​ប្រជា​ប្រិយភាព​របស់​ពួកគេ​ដែរ។​

«ត្រង់​ហ្នឹង​ដែល​អាច​ធ្វើ​ឲ្យ​ជា​សម្ពាធ​លើ​គណបក្ស​នយោបាយ​ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ឯង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចរចា​ដែល​អាច​ចាកឆ្ងាយ​ចេញ​ពី​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ។​ ហើយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ​ ថា​តើ​ការ​រក​ដំណោះ​ស្រាយ​នយោបាយ​ហ្នឹងវាអាច​មើល​ទៅ​ប៉ះពាល់​ដល់​អំណាច​ខ្លួន​អញ្ចឹង​ទេ។​ គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ត្រង់​ហ្នឹង។​ គាត់​មិន​ទាន់​មាន​ឥរិយាបទ​ផ្លាស់​ប្តូរ​ទៅ​ក្នុង​ស្ថាន​ការណ៍​ថ្មី​ទេ។ ​រឿង​ហ្នឹង​ដែល​ធ្វើឲ្យ​ការ​ចរចា​ហ្នឹង​វា​អត់​ទៅ​មុខ។​ ខ្ញុំ​គិត​ថា​ ទំនង​ជាត្រូវ​ការ​ពេល​វេលា​ទៀត»។​

ទាំង​លោកគល់ បញ្ញា ​និង ​លោកពុទ្ធា ហង្ស​បាន​អះអាង​ថា ​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ ដែល​គណបក្ស​ទាំងពីរ​ត្រូវ​ប្រឈម​មុខ​នឹង​គ្នា។​ ​ក្នុង​ចំណោម​បញ្ហា​១៤​ចំណុច​ ដែល​អាច​មាន​ការ​ជំទាស់​ទៅវិញ​ទៅមក​ ពេល​ជជែក​ដល់​បញ្ហា​លម្អិត​នោះ​ គឺរួម​មាន​បញ្ហា​ ថា​តើ​ត្រូវ​រៀប​ចំចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឬ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោតយ៉ាង​ម៉េច​ឲ្យ​ត្រឹមត្រូវ​ ការ​បោះឆ្នោត​មុន​អាណត្តិ​ត្រូវ​ធ្វើ​នៅ​ពេល​ណា​ មន្ត្រី​រាជការ​ស៊ីវិល​ត្រូវ​ស្ថិត​នៅ​ឯករាជ្យ​និង​អព្យាក្រឹត​យ៉ាង​ណា​ ការ​ដោះស្រាយ​បញ្ហា​វិវាទ​បោះឆ្នោត​នោះ​ត្រូវ​មាន​ស្ថាប័ន​យ៉ាងណា​ ច្បាប់​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ត្រូវ​រៀបចំ​យ៉ាង​ដូច​ម្តេច?​

តែសេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ​បាន​បញ្ជាក់​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ការ​លើក​យក​បញ្ហា​កំណែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត​ ហើយ​ចាប់​បង្ខំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​លើក​ឡើង​ថា​ សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រឿង​កែ​ទម្រង់​គ.ជ.ប.ដោយ​ដាក់​ជា​ស្ថាប័ន​ធម្មនុញ្ញ​និង​អនុម័ត​ដោយ​សំឡេង​២​ភាគ៣​នៃ​សមាជិក​សភា​ទាំង​មូល​ ឬការ​កំណត់​កាល​បរិច្ឆេទ​ថ្ងៃ​បោះឆ្នោត​ឡើងវិញ​នោះ​ មិនអាច​ទទួល​យក​បាន​ទេ។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មន្ត្រី​គណបក្ស​នេះ​បាន​បញ្ជាក់​ថា ​បញ្ហា​ទាំង​១៤​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី៣​ ទី​១០ ​និង​ទី១៧ ​ខែមីនា​ឆ្នាំ​២០១៤​ត្រូវ​លើក​យកទៅ​ដាក់ជូន​សិក្ខា​សាលា​ថ្នាក់​ជាតិ។​

ទោះជា​យ៉ាងណា​ក៏ដោយ​អ្នកឃ្លាំមើល​ទាំងពីរ​បាន​អះអាង​ថា​ សំណើ​ឲ្យ​មាន​ជំនួប​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរ​ទំនង​ជា​អាច​ដោះ​ស្រាយ​បញ្ហា​បានខ្លះ​ដែរ ​ប្រសិន​បើ​កើត​មាន។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ដូចគ្នា​កំពុង​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​ការជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាលពីថ្ងៃទី​២៨​ ខែ​កក្កដា ​ឆ្នាំ​២០១៣​ ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៉ី ​និង​លោក​កឹម សុខា​បាន​ធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​សភា​ដំបូង​ដើម្បី​បង្គ្រប់​ភាព​ស្រប​ច្បាប់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​រៀប​ចំ​សភា​ និង​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់​នោះ។​ គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ប្រកាន់​ថា ​មានការ​គៃបន្លំ​សន្លឹក​ឆ្នោត​ ហើយ​ធ្វើឲ្យ​មាន​ការ​កែប្រែ​សំឡេងឆ្នោត ​ដែល​តម្រូវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ឬ​ការ​បោះឆ្នោត​ឡើង​វិញ​ ឬ​បោះ​ឆ្នោត​មុន​អាណត្តិ៕