អតីត​មន្ត្រី​សង្គ្រោះជាតិ​៧រូប​បន្ថែម​ទៀត​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើង​វិញ

រូបឯកសារ៖ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ ទី​៣០ ខែ​ឧសភា​ ឆ្នាំ២០១៦។

អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ​៧ រូប​បន្ថែម​ទៀត ​រួមមាន​ទាំង​លោក យ៉ែម ប៉ុញ្ញឫទ្ធិ និង​លោក ​មុត ចន្ថា ផង​ដែរ បាន​ទទួល​នីតិ​សម្បទា​នៃ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ ​ក្រោយ​ពី​បានដាក់​ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល។

ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម សីហមុនី​ បាន​ឡាយ​ព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ​ចំនួន​ ៧ ផ្សេងៗ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ ​ផ្ដល់​នីតិសម្បទា​នយោបាយ​ដល់​អ្នក​ទាំង ៧នាក់។ ព្រះរាជក្រឹត្យ​ទាំង ៧ ​ត្រូវ​បាន​ចែកចាយ​ដោយ​ក្រសួងព័ត៌មាន ​នា​ល្ងាច​ថ្ងៃសៅរ៍ ​ទី ១៧ ​ខែមេសា​នេះ

ក្រៅពី​អតីតសមាជិក​សភា​លេច​ធ្លោ និង​នាយ​ខុទ្ទកាល័យ​លោក ​កឹម សុខា​ ក្នុង​ចំណោម​អតីតមន្ត្រី​ទាំង ​៧ រូប ក៏​មាន​ផង​ដែរ ​លោក​ ទួត ឃឿត និង​លោក ​ឡាត់ លិតេយ្យ​ ជា​អតីត​តំណាង​រាស្ត្រ និង​ក៏​ដូចជា​លោក​ ឡុង គឹមឃន​ លោក​ ជុំ ច័ន្ទដារិន និង​អ្នកស្រី យ៉ង់ ផាន់ណេត។

នៅ​ព្រឹក​ថ្ងៃសៅរ៍​ មានការ​ចែកចាយ​លិខិត​ចុះថ្ងៃទី ១៣ ​ខែមេសា ​ឆ្នាំ ២០២១​ របស់​លោកឧប​នាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្ញើជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ចែង​ថា ​អ្នកទាំង ៧ ​បាន​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​មក​វិញ។

លិខិត​ដដែល​បាន​កត់​សម្គាល់​លើ​ការ​អនុវត្ត​បំរាម​របស់​លោក យ៉ែម ប៉ុញ្ញឫទ្ធិ ថា​ «បានធ្វើសកម្ម​ភាព​ការ​ទូត​អំឡុង​ពេល​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស»។

លិខិតបន្តថា៖ «ដោយ​ឡែក​សកម្មភាព​នៅ​ក្នុង​ប្រទេស​បុគ្គល​ទាំង ​៧ ​(ប្រាំពីរ)​ រូប​នេះ​បាន​អនុវត្ត​ខ្ជាប់​ខ្ជួន​តាម​អំណាច​សាលដីកា​របស់​តុលាការ ដោយ​ពុំ​បាន​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ ឬ​បង្កការ​រំខានដល់​សន្តិសុខ​ជាតិ​និង​សណ្ដាប់​ធ្នាប់​សង្គម​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ»។

ព្រះអង្គម្ចាស់ ​ស៊ីសុវត្ថិ ធម្មិកោ​ ដែល​ជាអ្នក​នយោបាយ​ជាប់បំរាម​ដែរ​នោះ​ បាន​មាន​ព្រះ​បន្ទូលប្រាប់​វីអូអេ​ថា ព្រះអង្គ​និង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជ្រាប​អំពី​គម្រោង​នៃ​ការ​សុំសិទ្ធិ​ធ្វើ​នយោបាយ​របស់​អ្នក​ទាំង ៧ ​តាំង​តែ​ពី​ចុង​ខែមីនា។

«ខ្ញុំបាន​ជជែក​រឿងនេះ​ជាមួយ​លោក ​កឹម សុខា ដែរ​តើ។ ក៏​ប៉ុន្តែ​លោក កឹម សុខា ក៏​ដោយ ​ខ្ញុំ​ក៏ដោយ​បាន​សម្រេច​ទៅ​ថា អ្នក​ណា​ចង់​ធ្វើ​អ្វី​ធ្វើ​ទៅ យើង​អត់​មាន​សិទ្ធិ​ហាម​ឃាត់​គេ​ទេ»។

អ្នក​នយោបាយ​ជាប់​សែ​រាជវង្ស​អង្គ​នេះ​បាន​មាន​ព្រះបន្ទូល​បន្ត​ថា ​លោក មុត ចន្ថា ​និង​លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​អវត្តមាន​ពី​សកម្មភាព​ជាមួយ​លោក ​កឹម សុខា ​អស់​រយៈពេល​ «ពីរ​បី​ខែ» កន្លង​មក​ហើយ​ ហើយ​តំណែង​លោក ​មុត ចន្ថា ជា​នាយខុទ្ទកាល័យ​លោក កឹម សុខា ក៏​ស្ថិតក្នុង​ភាព​មិនច្បាស់​លាស់​ផង​ដែរ។

«ដូច​ជា​អត់​ទេ ដូច​ជា​ចប់​ហើយ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ គួរណា​តែ​បញ្ចប់​ហើយ តួនាទីរបស់​លោក មុត ចន្ថា កុំ​ឱ្យ​ច្រឡំ​ថា មុត ចន្ថា បាន​សុំ​សិទ្ធិ​ហើយ រួច​ហើយ​នៅ​តែ​ធ្វើការ​ជូនលោក កឹម សុខា ​ទៀត​ហើយ​មើល​ទៅ​សាម៉ី​ខ្លួន​សុំ​ឈប់​ខ្លួន​ឯង​ទេ»។

ព្រះអង្គ​បាន​បន្តថា​ «លោក​ មុត ចន្ថា ​និង​លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​សម្រេច​ជាមួយ​គ្នា ស្នើសុំ​ជាមួយ​គ្នា» លើបញ្ហា​សុំសិទ្ធិ​ធ្វើ​នយោបាយ​នេះ ខណៈ​លោក​ ឡាត់ លិតេយ្យ និង​លោក ទួត ឃឿត ជា​អ្នកស្និទ្ធ​នឹ​ង​លោក​ យ៉ែម ប៉ុញ្ញឫទ្ធិ ដែល​មាន​មូលដ្ឋាន​គាំទ្រ​នៅ​ប្រទេស​បារាំង។

រូបឯកសារ៖ លោក មុត ចន្ថា អតីត​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ជំនួប​របស់ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​នឹង​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី ​១១​ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (ទុំ ម្លិះ/វីអូអេ)

ទាំង​លោក ​មុត ចន្ថា និង​លោក យ៉ែម ​ប៉ុញ្ញឫទ្ធិ ជា​មនុស្ស​ជំនិត​យូរឆ្នាំ​នឹង​លោក ​កឹម សុខា ហើយ​តាំង​ពីពេល​លោក ​កឹម សុខា ​ត្រូវបាន​ដោះលែងពី​ការ​ឃុំក្នុង​ផ្ទះ ​នា​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៩​ មក លោក​ទាំង​ពីរសកម្ម​និង​ឈរកៀក​ជាមួយ​លោក កឹម សុខា ក្នុង​សកម្មភាព​ទូត​ផង និង​ការតស៊ូ​ក្ដី​រឿង​ «សន្ទិទ្ឋិភាព» ដែល​ដំណើរការ​បានមួយ​រយៈ​ខ្លី នា​ដើម​ឆ្នាំ ២០២០ ផង។​

វីអូអេ​មិនទាន់​អាចទាក់ទង​សុំការ​អធិប្បាយ​ពី​អ្នកនយោបាយ​ទាំង ៧ រូប​ខាងលើ ​ដែល​ទើប​បានសិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​នោះ​បាននៅ​ឡើយទេ ​គិតត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។

យ៉ាងណា​ក៏​ដោយ ​ព្រះអង្គម្ចាស់ ​ស៊ីសុវត្ថិ ធម្មិកោ ​មាន​ព្រះបន្ទូល​បន្ថែមថា​ ទាំង​ព្រះអង្គ ​និងលោក ​កឹម សុខា ​ពុំមាន​គម្រោង​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ទេ។

អ្នកនយោបាយ​គណបក្ស​សង្គ្រោះជាតិ​សរុប​ ១១៨ រូប​ ត្រូវបាន​តុលាការ​កំពូល​ដែល​បាន​រំលាយ​បក្ស​នេះ ដាក់​បំរាមនយោបាយ​រយៈពេល ​៥ ឆ្នាំ​ដល់​ ខែវិច្ឆិកា ​ឆ្នាំ២០២២។

បើគិត​ទាំង​លើកនេះ​ មាន​អតីត​មន្ត្រីបក្ស​សង្គ្រោះជាតិ​ជាប់​បំរាម​ ២១ រូប​ហើយ ដែល​បាន​ស្នើសុំ​និង​ទទួល​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ តាំងតែ​ពីរដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ចុងឆ្នាំ ២០១៨ ដើម្បី​ផ្ដល់​លទ្ធភាព និង​យន្តការ​នៃ​ការ​ស្នើ​សុំ​នេះ។

ក្រោយពី​ការកែកុន​ច្បាប់​គណបក្ស​នយោបាយ​ម្ដងជាពីរដង នៅ​ឆ្នាំ ២០១៧ ​ច្បាប់​នេះត្រូវបានប្រើ​ប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ដៃគូ​ប្រជែង​យ៉ាង​ធំចម្បង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ចោទ​ថា​បាន​ឃុបឃិតនឹង​អំណាច​បរទេស។

ការរំលាយ​នេះធ្វើ​ឡើង​ក្រោយ​បក្សសង្គ្រោះជាតិ​ដែល​ទើប​បង្កើត​នៅ​ឆ្នាំ ២០១២ បាន​បង្ហាញ​កម្លាំង​គាំទ្រក្នុង​ធុងឆ្នោត​ប្រកៀក​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ និង​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ ២០១៧។

ជាមួយនឹង​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ​ពី​លើ​សន្លឹក​ឆ្នោត ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ ដោយ​ងាយ​ស្រួល និង​ក្រសោប​អសនៈ​ទាំង​អស់​ ១២៥ ​នៅ​រដ្ឋ​សភា។

ក្រោយ​ការ​សុំសិទ្ធិ​ធ្វើ​នយោបាយ អតីត​មន្ត្រី​សង្គ្រោះជាតិ​ខ្លះ បាន​ទៅ​បើក​គណបក្ស​ថ្មី រួម​មាន​លោក ជីវ កត្តា​ បាន​ទៅ​បើក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​លោក អ៊ូ ច័ន្ទរ័ត្ន​ បាន​ទៅ​បើក​បក្ស​កែទម្រង់​កម្ពុជា​ត្រៀម​ចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់​ នាខែ​មិថុនា ឆ្នាំ​ ២០២២​ ខាងមុខ។

លោក​ សួស យ៉ារ៉ា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​លើក​ឡើង​ថា ករណី​អ្នក​ទាំង​ ៧ ស្នើ​សុំ​សិទ្ធិ​ធ្វើនយោបាយ​នេះ គណបក្ស​កាន់អំណាច​ស្វាគមន៍​ ហើយ​លើកទឹកចិត្ត​ឱ្យ​អនុវត្តសេរីភាព​នយោបាយ​ដែលទើប​បានទទួល​ជាថ្មី​នេះ​តាម​ក្របខណ្ឌ​ច្បាប់។

តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​រូបនេះ​ ប្រាប់​វីអូអេ​ថា៖ «ច្បាប់​កម្ពុជា​យើង​ចំហ ដូច្នេះ​អ្វីដែលគាត់​ទទួល​បាន​ហើយ គឺគាត់​អាច​អនុវត្តសិទ្ធិ​សេរីភាព​របស់​គាត់​ថា​គាត់​ចូល​បក្ស​ណា ឬ​ក៏គាត់​បង្កើត​បក្ស​ថ្មី អា​ហ្នឹង​ជា​សិទ្ធិ​សេរីភាព​របស់​គាត់»។

យ៉ាងណា​ក៏ដោយ ការ​ចាកចេញ​របស់​មនុស្ស​ជំនិត បង្កជា​ភាពមិន​ច្បាស់​លាស់​និង​ចំណោទលើ​ឥទ្ធិពល​គ្រប់គ្រង​របស់​លោក កឹម សុខា លើ​មន្ត្រី​ដែល​មាន​ភក្ដី​ភាព។

លោក​ យឹម ស៊ីណន ​អ្នកដឹកនាំ​ចលនា​ពលករ​គាំទ្រ​បក្សជំទាស់​នៅ​ប្រទេស​កូរ៉េខាងត្បូង​ បានសរសេរ​ជា​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​រូបថត​លោក​និង​លោក កឹម សុខា នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖

«នាវា​កាន់តែស្រាល​[ទម្ងន់]​ក្រោយ​ពេល​មានមនុស្ស​ចុះ​ចេញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ឲ្យ​តែ​កាពីទែន​ម្នាក់​នេះ​មិន​ព្រម​ចុះ​ពី​នាវា​ទៅ​បើក​កូន​ម៉ារីន ហើយ​នៅ​តស៊ូ​អត់ឃ្លាន​នៅ​ជាមួយ​អ្នក​ដំណើរ​លើនាវា ខ្ញុំនៅ​តែ​តស៊ូ​ជាមួយ​ដល់​ទីបញ្ចប់»៕