អាជ្ញាធរ​ព្រឺ​ឆ្អឹង​ខ្នង​ពេល​ចូល​ធ្វើ​រដ្ឋ​បាល​នៅ​វត្តសាមគ្គីរង្សី

ព្រះ​តេជគុណ​ ថាច់​ ហា​ សំអាង ព្រះ​ចៅ​អធិការ​ស្តី​ទី​វត្ត​សាមគ្គីរង្សី​ កាន់​លិខិត​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​វត្ត​សាមគ្គីរង្សី កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​ (នូវ ពៅលក្ខិណា/VOA)

វត្តខ្មែរកម្ពុជា​ក្រោម​ឬ​ហៅថា​ វត្តសាមគ្គីរង្សី​គឺ​ជា​វត្ត​ដែល​មាន​ទី​តាំង​តាម​បណ្តោយ​ផ្លូវ​ស្ទឹងមាន​ជ័យ​និង​មាន​សកម្មភាព​សង្គម​និង​នយោបាយ​យ៉ាង​ច្រើន​ក្នុង​ពេល​កន្លង​មក។

វត្ត​នេះ​ត្រូវ​បាន​លោក ​ឃួង ស្រេង​ អភិបាល​រងក្រុង​ភ្នំពេញដឹក​នាំ​កង​កម្លាំង​មាន​សមត្ថកិច្ច​ជាច្រើន​រយ​នាក់​មក​ធ្វើ​បែប​បទ​រដ្ឋបាល​កាលពី​ថ្ងៃ​អង្គារ​ក្រោម​ការ​តាម​សង្កេត​មើល​ពី​ក្រុម​សិទ្ធិ​មនុស្ស​និង​ប្រជាពលរដ្ឋ​ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ណាមួយ​កើត​ឡើង​រវាង​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​ក្រុម​ប្រជាពលរដ្ឋទេ។​

ក្រោយ​ពី​បាន​ធ្វើ​បែប​បទ​រដ្ឋបាល ​មន្ត្រី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ថា​វត្ត​សាមគ្គីរង្សី សឹង​ក្លាយ​ទៅ​ជា​តំបន់​អបគមន៍ ​ក៏ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​វិញ​ចាត់​ទុក​ថា​ អាជ្ញាធរ​កំពុង​គំរាម​កំហែង​ដល់​ព្រះ​សង្ឃ​ដោយ​សារ​តែ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​កន្លង​មក​ហ៊ាន​ចេញ​មុខ​ចូល​រួម​បាតុកម្ម​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​រងគ្រោះ​នានា​និង​ចូល​រួម​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។​

លោក ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ​តាម​រយៈ​ការ​ចុះ​ធ្វើ​បែប​បទ​រដ្ឋបាល​កាល​ពី​ម្សិល​មិញ​អាជ្ញាធរ​ហាក់​បី​ដូច​ជា​ព្រឺ​ឆ្អឹង​ខ្នង​នៅ​ពេល​ដែល​ឃើញ​ហ្វូង​មនុស្ស​មក​ឡោម​ព័ទ្ធ​ក្រុម​សមត្ថកិច្ច។​

លោក​បាន​បញ្ជាក់​ថា​វត្តសាមគ្គីរង្សី​នេះ​សឹង​ក្លាយ​ទៅ​ជា​ទីតាំង​តំបន់អបគមន៍​ដោយ​សារ​តែ​កន្លង​មក​វត្ត​នេះ​មិន​ដែល​មាន​ការ​សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​ទេ ​អាជ្ញាធរ​បង្គាប់​ឱ្យ​ធ្វើ​ស្តាំ គាត់​ធ្វើ​ឆ្វេង។​

លោក​និយាយ​ថា៖​ «សួរ​ថា​តើ​ផ្តល់​នូវ​ភាព​ទុក​ចិត្ត​ផ្តល់​នូវ​ភាព​កក់​ក្តៅ​បាន​ទេ។ ​អាហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ប្រើ​ពាក្យ​ថា​គាត់​ត្រូវ​តែ​សហការ​ពី​ព្រោះ​បើ​មិន​អញ្ចឹង​ទេ​វា​សឹង​តែ​ក្លាយ​ទៅ​ជា​តំបន់​អបគមន៍»។​

លោក​បញ្ជាក់​ថា​វត្ត​ផ្សេងៗ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​រាយការណ៍​ពី​ការ​ស្នាក់​នៅ​ក្នុង​វត្ត​តែ​សម្រាប់​វត្ត​សាមគ្គីរង្សី​មិន​ដែល​សហការ​ជាមួយ​កង​កម្លាំង​មាន​សមត្ថកិច្ច​ទេ។​

ទស្សនា​កម្រង​រូបភាព​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​វត្ត​សាមគ្គីរង្សី៖

កម្រង​រូប​ភាព៖​ វត្ត​សាមគ្គី​រង្សី

ក្រោយ​ពី​បាន​ចុះ​ធ្វើ​បែប​បទ​រដ្ឋ​បាល​មក ​ក្រុម​អាជ្ញាធរ​បាន​រក​ឃើញ​ថា​វត្តពុំ​ទាន់​មាន​ច្បាប់​គ្រប់​គ្រាន់​នៅ​ឡើយ​ហើយ​ការ​ប្រើ​ប្រាស់​ព្រះ​ឆាយាលក្ស​ក៏​មិន​ទាន់​បាន​ត្រឹមត្រូវ។​

ព្រះ​តេជគុណ​ ថាច់ ហាសំអាង ​ព្រះ​ចៅអធិការ​ស្តី​ទី​វត្ត​សាម​គ្គី​រង្សី​មាន​សង្ឃដីការ​ថា​ វត្ត​បាន​ទទួល​ការអនុញ្ញាត​ផ្លូវ​ច្បាប់​ប្រមាណ​៨០​ភាគ​រយ​ហើយ​នៅ​សល់​តែ​ក្រសួង​ធម្មការ​តែ​មួយ​ប៉ុណ្ណោះ​មិន​ព្រម​ចុះ​បញ្ជីការ​ឱ្យ។​

ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​បែប​បទ​រដ្ឋបាល​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នោះ​គឺ​ខុស​បែប​បទ​រដ្ឋបាល​និង​បង្ហាញ​ថា​ប្រទេស​កម្ពុជា​នៅ​តែ​ទទួល​រង​សម្ពាធ​ពី​ប្រទេស​វៀតណាម​ដោយ​សារ​តែ​កន្លង​មក​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តែងតែ​ចូល​រួម​បាតុកម្ម​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​នឹង​ប្រឆាំង​ជាមួយ​ស្ថានទូត​វៀតណាម។

ព្រះអង្គ​បាន​បញ្ជាក់​ថា៖​ «អាត្មា​មាន​ការ​សន្និដ្ឋាន​ថា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​យួន​នៅ​ពី​ក្រោយ​ខ្នង​បញ្ជា។​ បញ្ជា​ដោយ​សារ​យួន​គេ​ស្អប់​ខ្ពើម ​គេ​ខឹង​នឹង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ជា​ពិសេស​ព្រះ​សង្ឃ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វត្ត​សាមគ្គីរង្សី​ប្រឆាំង។​ អញ្ចឹង​គេ​អាច​បញ្ជា​សាលា​ក្រុង​ហើយ​សាលា​ក្រុង​នេះ​មិន​អាច​ចុះ​មក​ក្នុង​លេស​ថា​យួន​បញ្ជា​ទេ​ប៉ុន្តែ​គេ​យក​ហេតុ​ផ្សេង​មួយ​ដើម្បី​លាង​មុខមាត់​គេ លាង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ខ្មែរ»។​

យ៉ាង​តិច​មាន​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​៥២​អង្គ​បាន​គង់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ដោយ​បូករួម​ទាំង​សិស្ស ​និស្សិត ​និង ​យាយជី ​តាអាចារ្យ ​ចំនួន​២២​នាក់​ផ្សេង​ទៀត។​

លោក អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា ​ការ​ធ្វើ​បែប​បទ​រដ្ឋបាល​អាជ្ញាធរ​កំពុង​តែ​គំរាមកំហែង​ដល់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម។​

លោក​បាន​បញ្ជាក់​ថា​កន្លង​មក​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បានចេញ​ព្រះ​ភ័ក្ត្រ​យ៉ាង​សកម្ម​ក្នុង​ការ​ទាម​ទារ​រក​យុត្តិធម៌​ក្នុង​សង្គម៕