គណបក្សជំទាស់នៃប្រទេសកម្ពុជាបានស្នើឲ្យសហគមន៍អន្តរជាតិជួយត្រួតពិនិត្យស្ថានភាពនយោបាយ និងការបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ធ្វើការគាបសង្កត់មកលើក្រុមខ្លួននោះ។ ក៏ប៉ុន្តែតំណាងគណបក្សកាន់អំណាចថ្លែងថា នយោបាយនៅកម្ពុជាគឺគ្មានការឡើងកម្តៅអ្វីនោះទេ។
នាព្រឹកថ្ងៃអង្គារនោះ មេដឹកនាំគណបក្សជំទាស់ ដែលមានកៅអីក្នុងរដ្ឋសភាគឺលោក សម រង្ស៊ី និងលោកកឹម សុខាបានអំពាវនាវឲ្យសហគន៍អន្តរជាតិ ជាពិសេសប្រទេសជប៉ុន ជួយឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា និង«ធានាដល់ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងប្រជាធិបតេយ្យ»។
ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា រូបលោក និងលោកសម រង្ស៊ី ប្រធានគណបក្សនេះ បានធ្វើសន្និសីទព័ត៌មានមួយជាមួយអ្នកយកព័ត៌មានអន្តរជាតិនាប្រទេសជប៉ុន ជាទីដែលពួកលោកកំពុងធ្វើដំណើរទស្សនកិច្ច។ លោកសរសេរថា ក្នុងសន្និសីទនាព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា និងលោក សម រង្ស៊ី បានបង្ហាញអំពីការវិវឌ្ឍនយោបាយថ្មីៗនៅក្នុងប្រទេសកម្ពុជា រួមទាំងការទម្លាក់រូបលោកចេញតំណែងអនុប្រធានទីមួយនៃរដ្ឋសភា ការប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រជាដើម ដែលលោកហៅថាជា «ភាពតានតឹងឡើងកម្តៅនយោបាយនៅមុនការបោះឆ្នោត»។
លោក កឹម សុខា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖
«យើងអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសជប៉ុន ជួយធ្វើឲ្យបរិយាកាសតានតឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ គោរពតាមស្មារតីដើមនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ សំដៅ ធានាដល់ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងប្រជាធិបតេយ្យ ជាពិសេស ការស៊ើបអង្កេតដោយឯករាជ្យ ពេញលេញ និងអាចជឿទុកចិត្ត ទាក់ទងនឹងអំពើហិង្សា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥»។
ស្របគ្នានោះដែរ លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យក្រុមប្រទេសសេរីជួយឃ្លាំមើលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រចាំនៅទីក្រុងតូក្យូ ដែលសរសេរជាភាសាអង់គ្លេស។
ទីភ្នាក់ងារព័ត៌មានដដែលបានស្រង់សម្តីលោក សម រង្ស៊ី ថា៖
«ប្រទេសសេរីមានឥទិ្ធពលខ្លាំង។ អញ្ចឹងហើយពួកគេមិនគួរព្រងើយ និងអនុគ្រោះដល់លោក ហ៊ុន សែន ហើយនឹងគួរប្រកាន់ខ្ជាប់ថា ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនឹងធ្វើឡើងតាមពេលកំណត់ ដោយមានការត្រួតពិនិត្យពីសហគមន៍អន្តរជាតិ»។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ ២០១៨ខាងមុខ។ កាលពីឆ្នាំ២០១៤កន្លងទៅ គណបក្សធំៗដែលមានកៅអីក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឯកភាពក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដោយមានការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើងផងដែរ។
យ៉ាងណាក៏ដោយ លោក សុខ ឦសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបដិសេធការលើកឡើងរបស់ថ្នាក់ដឹកនាំរបស់គណបក្សជំទាស់ ដែលថា កម្តៅនយោបាយក្នុងប្រទេសកម្ពុជាបានកើនឡើង។ លោកបន្ថែមថា ការទម្លាក់លោកកឹម សុខាគឺដោយការប្រព្រឹត្តរបស់លោកផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយថា អ្នកប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សជំទាស់គឺមិនទាក់ទិននឹងបាតុករដែលតវ៉ាឲ្យមានការទម្លាក់លោក កឹម សុខា នោះទេ។
«ខ្ញុំថា ការលើកឡើងរបស់ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា គឺវាផ្ទុយពីសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា។ សភាពការណ៍នៅកម្ពុជាគឺវាមិនឈានដល់ឡើងកម្តៅអីរហូតដល់រត់ទៅពឹងបរទេសនោះទេ។ ការរត់ទៅពឹងបរទេសគឺវា ជាវប្បធម៌ធម្មតារបស់គណបក្សប្រឆាំងទៅហើយ។ ដូច្នេះវាមិនសមស្របទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជានោះទេ បាទ»។
លោក សុខ ឦសាន្ត និយាយថា ការអំពាវនាវរបស់លោក កឹម សុខា និងសម រង្ស៊ីនោះគឺគ្មានអ្វីប្លែកទេ ហើយនេះជាទម្លាប់របស់គណបក្សជំទាស់ ដែលធ្វើឲ្យមានការប្រេះឆាកិច្ចព្រមព្រៀងនយោបាយ ដែលស្គាល់ថា ជាវប្បធម៌សន្ទនានោះរវាងគណបក្សទាំងពីរនោះ។
អរិភាពរវាងគណបក្សកាន់អំណាច និងគណបក្សជំទាស់បានផ្ទុះឡើងសារជាថ្មី ក្នុងប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ជាក់ពីការមន្ទិលសង្ស័យពីការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែនរវាងកម្ពុជានិងប្រទេសវៀតណាម ការចាប់ឃុំខ្លួន និងការកាត់ទោសសកម្មជន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ ការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាជាដើម។
កាលពីសប្ដាហ៍កន្លងទៅមានកិច្ចប្រជុំសម្ងាត់មួយរវាងលោក សម រង្ស៊ី និងលោក ស ខេង នារដ្ឋសភាជាតិ ក្នុងការព្យាយាមបន្ធូរបន្ថយភាពប្រេះឆានៃគណបក្សទាំងពីរ។ ក៏ប៉ុន្តែលទ្ធផលនៃកិច្ចប្រជុំសម្ងាត់នេះមិនត្រូវបានគេទម្លាយឲ្យដឹងជាសាធារណៈនោះទេ៕