ក្តី​សង្ឃឹម​មាន​ខ្ពស់​មុន​ពេល​ការ​ជួប​ចរចា​រវាង​បក្ស​ទាំង​ពីរ

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី ចាប់​ដៃ​នៅ​ក្រោយ​កិច្ច​ប្រជុំ​ចរចា​កាល​ពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤។

មន្ត្រី​គណបក្សជាប់​ឆ្នោត​ទាំង​ពីរ​និង​មន្ត្រី​សង្គម​ស៊ីវិល​បង្ហាញ​សុទិដ្ឋិ​និយមមុន​ការ​ចរចា​រកដំណោះ​ស្រាយ​នយោ​បាយ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិចំនួន​បី​រូបរួម​មាន​លោក​សុន ឆ័យ ​លោកគួយ ប៊ុនរឿន ​និង​លោក​យ៉ែម បុញ្ញឫទ្ធិ​និង​មន្ត្រី​ជាន់​ខ្ពស់ខាងគណបក្ស​ប្រជាជន​កម្ពុជា​មាន​លោក​ព្រុំ សុខា ​លោក​កើត រិទ្ធ ​និង​លោកសក់ សេដ្ឋានឹង​ពិភាក្សា​គ្នា​ជា​សំខាន់​លើ​ការ​ការកែទម្រង់​ការ​បោះឆ្នោតប៉ុន្តែ​មេ​ដឹកនាំ​គណបក្ស​ជំទាស់បាន​រក្សា​ជំហរ​ស្វែង​រក​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក​ព្រុំ ​សុខា ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ចរចា​នេះ​នឹង​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​ទម្លាយវិបត្តិ​នយោបាយ​សព្វ​ថ្ងៃ​នេះ។

«ជំហរ​របស់​គណបក្ស​ប្រជាជន​យើង​យល់​ថា​គ្មាន​មធ្យោ​បាយ​ណា​ល្អ​ជាង​និង​ប្រសើរ​ជាង​ដំណោះ​ស្រាយ​តាម​សន្តិ​វិធី​តាម​ការចរចា។​ដូច្នេះ​បើ​មាន​ការ​ចរចា​យើង​នៅ​តែ​មាន​សង្ឃឹម»។

ដោយ​ឡែក​សម្រាប់​លោក​យឹម សុវណ្ណ ​តំណាង​រាស្ដ្រ​និង​ជាអ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​មាន​ប្រសាសន៍​ថាគណបក្ស​ទាំង​ពីត្រូវ​ដោះស្រាយ​បញ្ហា​នយោបាយ​នេះ​ឲ្យ​បាន។

«យើង​មិន​អាច​ទុក​ឲ្យភាព​ជាប់​គាំង​នយោបាយ​បែបន​នេះ​អូស​បន្លាយ​គ្មាន​ទី​បញ្ចប់​ទេ។​ យើង​ត្រូវ​តែ​រិះ​រក​នយោបាយ​ដើម្បី​បញ្ចប់​វា​ដោយ​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋដោយ​ការពារ​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត»។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បានបើក​កិច្ច​ប្រជុំ​កំពូល​ជា​មួយ​គ្នា​ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៣​ដើម្បីដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយបន្ទាប់​ពី​គណបក្ស​ជំទាស់​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការបោះឆ្នោត​កាល​ពី​ខែកក្កដា។​ ការ​មិន​ទទួល​ស្គាល់​នេះ​ដោយ​សារ​គណបក្ស​ជំទាស់​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតីនិង​លួច​បន្លំក្នុង​ការ​បោះ​ឆ្នោតហើយ​ខ្លួន​ទាម​ទារ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​បើ​ពុំ​នោះ​ទេ​ត្រូវ​តែ​បោះឆ្នោត​ឡើង​វិញ។​

ការ​ចរចា​គ្នា​ត្រូវ​បាន​អាក់ខាន​ទៅ​វិញ​ដោយ​សារ​ជំហរ​មិន​ត្រូវ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ដោយ​ហេតុ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សំអាង​លើនីតិ​វិធី​នានា​ដែល​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​សំអាង​ថា​សំណើ​របស់​ខ្លួន​មិន​ត្រូវ​បាន​ទទួល​យក​ទៅ​ពិចារណា​ដើម្បី​ដោះស្រាយ។​

ការ​ចរចា​ជា​ថ្មី​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៤​នេះ​ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅ​វិញ​ក្រោយ​ពី​រដ្ឋា​ភិបាល​បានបាញ់​បង្រ្កាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

​នៅ​ថ្ងៃច័ន្ទ​នេះ​គឺ​មួយ​ថ្ងៃ​មុន​នឹង​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​ចាប់ផ្តើម​ចរចា​គ្នា​ជាថ្មីគណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​អំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​អំពើ​ហិង្សា​សង្គម​គ្រប់​ប្រភេទនិងត្រូវ​បង្កើត​វប្បធម៌​នៃ​ការគោរព​សិទ្ធិមនុស្ស​និងការ​សម្តែង​ការ​គោរព​ចំពោះ​អាយុជីវិតនៃ​ប្រជាជាតិ​ដោយ​មិន​ប្រកាន់ពូជ​សាសន៍។

លោក​បណ្ឌិត​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​ថា​និកហ្វិកយល់​ឃើញ​ថា​ការ​ងាក​មក​រក​ការ​ចរចា​គ្នា​នៅ​ពេល​នេះ​ក្រោយ​ពី​គណបក្សទាំងពីរ​បាន​បង្ហាញ​ភាព​ខ្លាំង​រៀង​ខ្លួន​មួយរយៈ។

«គឺ​ជា​ព័ត៌មាន​វិជ្ជ​មាន​មួយ​ដែល​ខ្ញុំ​គិត​ថា​ គណបក្ស​ទាំង​ពីរ​នឹង​ព្យាយាម​ទោះ​បី​យើង​មើល​ឃើញ​ពី​ចម្ងាយ​ថា​ចំណុច​បោះឆ្នោត​ឡើង​វិញ​ឬ​បោះឆ្នោត​មុន​អាណត្តិនោះ​មិន​មាន​ការ​ឯកភាព​គ្នា​ប៉ុន្តែ​ចំណុច​នៃ​ការ​កែ​ទម្រង់​បោះ​ឆ្នោត​គឺ​ជាចំណុច​ឯកភាព​មួយ។ ​ដូច្នេះ​បើ​មាន​ការ​ឯកភាព​មួយ​ហើយ​អាច​នឹង​មាន​ការ​ឯកភាព​ទៅ​លើ​ចំណុច​ផ្សេង​ទៀត​អាស្រ័យ​លើ​ការ​ជួប​មុខ​គ្នា​សិន»។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ពី​ការ​កែ​ទម្រង់និង​ការ​ទាមទារឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ។

ក៏​ប៉ុន្តែ​នៅថ្ងៃ​នេះលោក​ព្រុំ សុខា ​បញ្ជាក់​ថាការ​ចរចា​នៅ​ថ្ងៃ​ស្អែក​នេះនឹង​មិន​លើក​យក​ការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ​ទេ​ដ្បិត​ការ​ទាមទារ​នេះ​ប្រៀប​ដូចជា​ការ​ទាត់​ចោល​លទ្ធ​ផល​នៃ​ការបោះឆ្នោត​កាល​ពី​ខែ​កក្កដា៕