បក្ស​ប្រឆាំង​ក្រើន​រំលឹក​សហគមន៍​អន្តរជាតិ​ពី​ភាព​ខុស​ច្បាប់​នៃ​រដ្ឋាភិបាល​កម្ពុជា

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុន្នី យាង​ជា​អធិបតីភាព​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​​របស់​សមាជិក​សភា​ថ្មី​បើ​មាន​ពហិការ​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង។ (១៣ សីហា ២០១៣)

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​រំលឹក​ដល់​សហគមន៍​អន្តរជាតិ​ពី​ការ​ជាប់​គាំង​នយោបាយ​ដែល​នៅ​តែ​បន្ត​ដោយ​មិន​ទាន់​ឃើញ​ពន្លឺចេញ​រួច​នៅ​ឡើយក្នុង​ខណៈ​ពេល​ដែល​គណបក្ស​កាន់​អំណាច​ព្យាយាម​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​មាន​ការ​ទទួល​ស្គាល់រដ្ឋាភិបាល​របស់​ខ្លួន។​

នៅ​ក្នុង​កំណត់​ហេតុ​កាលពីថ្ងៃ​អង្គារ​ជូន​ដល់​ស្ថានទូត​នានាលោក​សម រង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជូនជម្រាប​ដល់​ពួកគេ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បដិសេធ​មិន​ឱ្យមាន​ការស៊ើប​អង្កេត​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី ហើយ​រដ្ឋាភិបាល​នេះ​មិន​មាន​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​តាម​ផ្លូវ​ច្បាប់​ទេ។

ការ​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ​កើត​មាន​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ផ្តល់​ជំនួយ​កំពុង​តែ​ពិនិត្យ​មើល​លក្ខខណ្ឌ​នានា​ដើម្បី​បន្ត​ឬ​ពង្រីក​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​មួយ​ដែល​ដឹកនាំ​ដោយ​លោក​អ៊ុច បូររិទ្ធ ​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កំពុង​តែ​ជួប​ប្រជុំ​ជាមួយ​នឹង​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល ​ប្រទេស​បែលហ្ស៊ិក​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៣​ខែ​មិនា។​ ក្រសួង​ការបរទេសកម្ពុជា​ក៏​ឱ្យ​ដឹង​ដែរ​ថា​ការ​ប្រជុំ​នេះ​ផ្តោត​លើ​កិច្ចសហ​ប្រតិបត្តិការ​រវាងកម្ពុជា​និង​សហភាព​អឺរ៉ុប​ខាងផ្នែក​សេដ្ឋកិច្ច ​នយោបាយ ​សន្តិសុខ ​និង​ច្បាប់​ជាដើម។

សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ជាតិ​នៅឡើយ​ទេ​បន្ទាប់​ពី​ការ​បោះឆោ្នត​កាលពី​ខែ​កក្កដាឆ្នាំ​២០១៣​ដែល​ពេល​នេះ​ឈាន​ចូល​មក​ដល់​ខែ​ទី​៨​ហើយ។

លោក​សម រង្ស៊ី​បាន​ចោទប្រកាន់​ថា​គណបក្ស​កាន់​អំណាច​គ្មាន​ចេតនា​ពិតប្រកដ​ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នេះ​ទេ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​ «យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​គ្រាន់​តែ​ពន្យារ​ពេល​ដើម្បី​ច្បាម​អំណាច​តាម​គ្រប់​មធ្យោបាយ​ទាំងអស់ទោះ​បីក្នុង​តម្លៃ​ណា​ក៏ដោយ ​ដូច្នេះ​ហើយ​វានឹង​ធ្វើ​ឱ្យ​ខូច​អនាគត​ប្រទេស​កម្ពុជា ព្រោះថា​ការ​អភិវឌ្ឍ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​ដើរ​ទន្ទឹម​គ្នា»៕