ភ្នំពេញ៖ ថ្លែងទៅកាន់អ្នកចូលរួមមកពីគ្រប់ទិសទីប្រមាណជាមួយម៉ឺននាក់ដែលអង្គុយនៅកណ្តាលដីវាលមួយដ៏ធំក្រោមសំពត់តង់មេដឹកនាំគណបក្សសង្គ្រោះជាតិបានសន្យាកាលពីថ្ងៃអាទិត្យកន្លងមកនេះថានឹងកែប្រែការដឹកនាំប្រទេសនៅពេលដែលខ្លួនជាប់ឆ្នោតក្នុងការបោះឆ្នោតខាងមុខនេះ។
លោកសម រង្ស៊ី ដែលកំពុងស្ថិតក្នុងការនិរទេសខ្លួនដោយសារការផ្តន្ទាទោសដោយតុលាការខ្មែរត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិនេះ។
លោកបានថ្លែងតាមរយៈប្រព័ន្ធស្កាយប៍(Skype)ក្នុងឱកាសសមាជលើកដំបូងនៃគណបក្សជំទាស់របស់លោកថាលោកនឹង«បម្រើនិងការពារប្រទេសជាតិ ចាប់ពី ឆ្នាំ២០១៣នេះតទៅ»ដែលលោករំពឹងថាគណបក្សលោកនឹងឈ្នះឆ្នោតនោះ។
លោកសម រង្ស៊ី បានអះអាងថាលោកនឹងចាប់ដៃជាមួយលោកកឹម សុខា ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។
«ខ្ញុំនឹងសហការជាមួយឯកឧត្តមកឹម សុខា ដូចបងប្អូនបង្កើតដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិឆ្ពោះទៅរកជោគជ័យទៅដឹកនាំរដ្ឋាភិបាលនៅឆ្នាំ២០១៣នេះ។ សូមឲ្យបងប្អូនដែលធ្លាប់បោះឲ្យសញ្ញាភ្លើងទៀន បែរទៅរកពន្លឺព្រះអាទិត្យ ដែលធ្លាប់រកសញ្ញាព្រះច័ន្ទពេញបូរមី ក៏សូមបែរទៅរកពន្លឺព្រះអាទិត្យទាំងអស់គ្នា»។
គណបក្សសង្គ្រោះជាតិបានច្របាច់បញ្ចូលគ្នាដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ក្នុងសមាជដែលស្ថិតនៅជាប់ក្បែរផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាយក្រុងភ្នំពេញក្រុមប្រជាពលរដ្ឋដែលមកពីបណ្តាខេត្ត ក្រុងក្នុងប្រទេសកម្ពុជាបានអង្គុយសម្លឹងកញ្ចក់ទូរទស្សន៍ដែកភ្ជាប់រូបភាពលោកសម រង្ស៊ី ពីក្រៅប្រទេស។ ខ្លះឈរនៅខាងក្រៅដំបូលតង់ដោយសារតែគ្មានកន្លែងអង្គុយ។
សមាជបានជ្រើសតាំងលោកកឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្សឲ្យធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិនិងបានបោះឆ្នោតជ្រើសតាំងគណៈគ្រប់គ្រងថ្មីទាំងមូល។
លោកកឹម សុខា ក៏អះអាងដែរថាគណបក្សរបស់លោកនឹងផ្តល់នូវភាពស្មើភាពគ្នាក្នុងសង្គម។
«ខ្ញុំសូមសន្យាជាមួយបងប្អូនជនរួមជាតិថាយើងនឹងដឹកនាំប្រជាពលរដ្ឋខ្មែរឆ្ពោះទៅរកប្រជាធិបតេយ្យមួយពិតប្រាកដដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានសិទ្ធិស្មើគ្នាខាងនយោបាយ ស្មើគ្នាខាងសេដ្ឋកិច្ចនិងសង្គមកិច្ច»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។
គណបក្សថ្មីនេះនឹងក្លាយជាគណបក្សប្រឆាំងដែលមានសក្កានុពលក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
គេឃើញមានសែរាជវង្សពីរអង្គបានចូលរួមក្នុងគណបក្សសង្គ្រោះជាតិនេះ។ ក្នុងនោះមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រសម្តេចឪនរោត្តម សីហនុផងដែរ។
ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលថាការយាងចូលនយោបាយនៅពេលនេះដោយព្រះអង្គចង់ជួយរកយុត្តិធម៌ជូនសង្គមខ្មែរ។
«ពីព្រោះមានភាពអយុត្តិធម៌ច្រើនពេកក្នុងសង្គមខ្មែរសព្វថ្ងៃហ្នឹង ហើយបើសិនជារាជវង្សមិនប្រឈមមុខដើម្បីរកសេចក្តីសុខនិងសេចក្តីយុត្តិធម៌ជូនប្រជារាស្ដ្រគឺយើងអត់ត្រូវការសេ្តចទេនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ»។
ក៏ប៉ុន្តែលោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិនៃគណបក្សហ្វ៊ុនស៊ីនប៉ិចដែលត្រូវអះអាងថាគណបក្សរាជានិយមបានរិះគន់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោថាបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិដោយសារតែព្រះអង្គខកព្រះទ័យមិនបានធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច។
ក៏ប៉ុន្តែព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលថាការណ៍នេះដោយសារតែស្ថានភាពប្រទេសជាតិត្រូវការរាជវង្សសម្រាប់ជួយស្តារសង្គមឡើងវិញ៕