គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ បានប្រកាសដាក់ដំណើរការគណៈកម្មការជំនាញចំនួន១០ដើម្បីជួយការងារគណបក្សសម្រាប់ការដឹកនាំប្រទេសក្នុងឆ្នាំ២០១៨ខាងមុខ។
ការប្រកាសនេះធ្វើឡើង ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាមានភាពតានតឹងនិងខណៈពេលដែលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា ដោយសារមានការចាប់ឃុំខ្លួនតំណាងរាស្រ្តរបស់ខ្លួន។
ថ្លែងក្នុងសន្និសីទព័ត៌មានដែលធ្វើឡើងនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង បានថ្លែងថា គណៈកម្មការទាំង១០នេះ គឺស្រដៀងគ្នានឹងគណៈកម្មការទាំង១០នៃរដ្ឋសភា ដោយបង្កើតជាក្រុមស្រាវជ្រាវបច្ចេកទេសក្នុងការរៀបចំខ្លួនទុកជាមុនសម្រាប់គ្រប់គ្រងប្រទេស។
លោកមានប្រសាសន៍ថា៖
«ក្នុងគោលបំណងរៀបចំខ្លួននៅក្នុងកាលៈទេសៈណាដែលយើងជឿថា អាចជិតមកដល់ ដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត និងទៅគ្រប់គ្រងប្រទេស។ គណបក្សត្រូវយល់ឲ្យច្បាស់អំពីអ្វីដែលជាគោលការណ៍ចាំបាច់ដើម្បីអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលយើងមានតួនាទីដឹកនាំប្រទេសនោះ។ ដូច្នេះយើងបានរៀបចំត្រឹមដប់សិន ហើយយើងអាចរៀបចំបំបែកជាផ្នែកតូចៗទៀតបើមានការចាំបាច់»។
លោកបន្ថែមថា ក្រោយការបង្កើតគណៈកម្មការទាំង១០នេះបានចំនួន៣ខែគឺចាប់ពីខែមិថុនាមក គណៈកម្មការនីមួយៗរកឃើញនូវបញ្ហាជាច្រើនក្នុងវិស័យទាំងនោះ ហើយថា គណបក្សនឹងដោះស្រាយបញ្ហាដែលរកឃើញ ក្រោយពេលគណបក្សនេះជាប់ឆ្នោតនៅឆ្នាំ២០១៨។
ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយគឺលោក អ៊ូ វីរៈ មានប្រសាសន៍ថា ប្រសិនជាគណបក្សប្រឆាំងចង់ត្រៀមខ្លួនក្នុងការកាន់អំណាច ពួកគេត្រូវត្រៀមរៀបចំគម្រោងការរៀបចំរដ្ឋាភិបាល និងត្រូវប្រាកដថា គណបក្សនេះមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីធ្វើការ។
លោកបន្ថែមថា ការត្រៀមខ្លួនជាមុនបែបនេះនឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិអាចក្លាយជាគណបក្សប្រឆាំងមួយដែលមានឥទ្ធិពលក្នុងការទាក់ទាញទំនុកចិត្តពីប្រជាពលរដ្ឋ។
លោកបន្ថែមថា៖
«ការប្រកួតប្រជែងទាមទារឲ្យ ទី១រដ្ឋាភិបាលពូកែគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឬមួយគណបក្សកាន់អំណាចហ្នឹងគាត់ពូកែក្នុងការដឹកនាំ។ ទី២គណបក្សប្រឆាំងដែលមានប្រសិទ្ធភាព ហើយគណបក្សប្រឆាំងដែលមានប្រសិទ្ធភាពគឺជាគណបក្សប្រឆាំងក្នុងការប្រកួតប្រជែង ដែលមានមនុស្សដែលអាចដឹកនាំរដ្ឋាភិបាលបាន បានន័យថា រដ្ឋាភិបាលត្រូវមាននាយករដ្ឋមន្រ្តីទៅដល់រដ្ឋមន្រ្តីក្រសួងនីមួយៗ ហើយនិងមានគំនិតដែលយើងហៅថា ជាគោលនយោបាយហ្នឹង។ អញ្ចឹងបន្ទាប់ពីមានមនុស្សដឹកនាំហ្នឹងគឺត្រូវមានគំនិត។ មនុស្សនីមួយៗហ្នឹងត្រូវមានគំនិតក្នុងការដឹកនាំ»។
តំណាងរាស្រ្តគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានសម្រេចបង្កើតគណៈកម្មការចំនួន១០ក្នុងរដ្ឋសភា ដូចជាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុជាដើម។ គណបក្សទាំងពីរបានបែងចែកការគ្រប់គ្រងគណៈកម្មការជំនាញរដ្ឋសភាម្នាក់ពាក់កណ្តាល ហើយតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិគឺជាអ្នកកោះហៅរដ្ឋមន្រ្តី ឬមន្រ្តីជាន់ខ្ពស់ដែលដឹកនាំរដ្ឋាភិបាលណាមកសួរនាំពីបញ្ហានានា។
បច្ចុប្បន្ននេះប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្សីកំពុងនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចពីការចោទប្រកាន់របស់តុលាការពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទចោទផ្សេងទៀត។ ចំណែកលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិកំពុងស្នាក់នៅក្នុងស្នាក់ការគណបក្ស ខណៈកំពុងជាប់បណ្តឹងចំពោះការមិនចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបទសញ្ចារកម្មដែលគួរឲ្យឆ្ងល់។ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានឃុំខ្លួននៅពន្ធនាគារ ស្របពេលតំណាងរាស្រ្តមួយចំនួនទៀតកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទចោទផ្សេងៗទៀត៕