ភ្នំពេញ៖ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន៧រូបបានស្នើសុំរដ្ឋសភាឱ្យធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ក៏ប៉ុន្តែសំណើនេះត្រូវបានអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាច្រានចោល។
នៅក្នុងលិខិតដែលមានស្នាមចុះហត្ថលេខាពីអ្នកតំណាងរាស្រ្តមកពីគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីបានឱ្យដឹងថាការស្នើសុំឱ្យធ្វើវិសោធនកម្មលើមាត្រាមួយចំនួននេះក្នុងគោលបំណងដើម្បីពង្រឹងការប្រមូលថវិកាជាតិឱ្យបានត្រឹមត្រូវជួយជីវភាពមន្ត្រីរាជការ កងប្រដាប់អាវុធនិងមនុស្សចាស់តាមរយៈដំឡើងប្រាក់ចំណូលដល់មន្ត្រីរាជការ១លានរៀលនិងប្រាក់ជំនួយដល់មនុស្សចាស់៤ម៉ឺនរៀលក្នុងមួយខែ ។ការផ្តល់ចំណាយបន្ថែមលើវិស័យអាទិភាពរួមមាន វិស័យអប់រំ សុខាភិបាល កសិកម្ម និង អភិវិឌ្ឍន៍ជនបទ និងកាត់បន្ថយការខ្ចីប្រាក់ពីបរទេស។
លោក ស៊ុន ឆ័យប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីបានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃអង្គារនេះថាថវិកាជាតិសម្រាប់ឆ្នាំ២០១៣មានចំនួនប្រមាណ២.៩៨០លានដុល្លារក៏ប៉ុន្តែទឹកប្រាក់ប្រមាណ៣០ភាគរយនៃថវិកាជាតិបានពឹងផ្អែកទៅលើការខ្ចីបុលពីបរទេសដែលមានទឹកប្រាក់ប្រមាណ៨០០លានក្នុងមួយឆ្នាំៗ។
លោកមានប្រសាសន៍ថាប្រទេសកម្ពុជាអាចរកប្រភពលុយដើម្បីជំនួសការខ្ចីបុលនេះ។
«លទ្ធភាពដែលយើងប្រមូលបានសម្រាប់ថវិកាជាតិទីមួយអ្វីដែលងាយយកដូចជាករណីដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ។ឥឡូវយើងដឹងថាដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំឡើងដល់២,៨លានហិកតា»។
លោកជាម យៀបប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាបានជំទាស់ទៅនឹងការស្នើសុំឱ្យធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុនេះ។
លោកជាម យៀបបានបញ្ជាក់នៅក្នុងលិខិតរបស់លោកដែលបានឆ្លើយតបទៅនឹងក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានឱ្យដឹងថាមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលបានអនុវត្តន៍តាមយន្តការដំឡើងប្រាក់ខែ២០%ក្នុង១ឆ្នាំ។
ចំពោះសំណូមពរឱ្យកាត់បន្ថយការខ្ចីប្រាក់ពីបរទេសពី៦០០លានមកនៅត្រឹម១៣០លានដុល្លារលោកជាម យៀបបាននិយាយថាតាមការសិក្សាយើងពុំអាចកាត់បន្ថយការខ្ចីប្រាក់នេះបានទេដោយសារភាពចាំបាច់សម្រាប់យកទៅបំពេញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ធានាបានសន្តិសុខ និងការអភិវឌ្ឍ។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីADBបានឱ្យដឹងថាកម្ពុជាក្នុងរយៈពេលនៃការគ្រប់គ្រងអំណាចអស់រយៈពេលជិត៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជំពាក់ប្រាក់បរទេសចំនួន៤.៦៧៦លានដុលា្លរសហរដ្ឋអាមេរិក។
លោកស៊ុន ឆ័យបាននិយាយថានៅដំណាច់ឆ្នាំ២០១២នេះប្រាក់កម្ចីពីបរទេសអាចកើនឡើងដល់៧.៣០០លានដុល្លារហើយនៅឆ្នាំ២០១៣កម្ពុជាអាចនឹងកើនឡើងនៅប្រាក់កម្ចីពី៨.០០០ទៅ៩.០០០លានដុល្លារ។
លោកបានបញ្ជាក់ថាប្រាក់កម្ចីទាំងនេះអាចស្នើនឹងប្រមាណពី៧៥%ទៅ៨០%នៃផលិតផលក្នុងស្រុក។
«ការជំពាក់លុយឈានដល់ដំណាក់កាលគ្រោះថ្នាក់ហើយ»។
លោកស៊ុន ឆ័យបាននិយាយថានៅឆ្នាំ២០១០កម្ពុជាបានជំពាក់ប្រាក់ពីបរទេសចំនួន៣.៤៧៧លាន ឆ្នាំ២០១១ចំនួន៣.៩៨៦លាននៅឆ្នាំ២០១២ក្នុងឆមាសទីមួយនេះការជំពាក់ប្រាក់បរទេសបានកើនឡើងដល់៥.៤៥៣លានដុល្លារ៕