បក្ស​ប្រឆាំង​មិន​មាន​សមាសភាព​ក្នុង​ក្រុម​ស្រាវជ្រាវ​កែ​ទម្រង់​ការ​បោះឆ្នោត

មន្ត្រី​ការិយាល័យ​បោះឆ្នោត​បង្ហាញ​សន្លឹក​ឆ្នោត​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​មួយ​ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ។ ចំណាត់ការ​នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​ជំទាស់​ខឹង​សម្បារ​ជាខ្លាំង​ហើយ​ចោទ​ថា​ រដ្ឋាភិបាល​មិន​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់​និង​ដោះស្រាយ​វិបត្តិ​នយោបាយ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​គណៈ​កម្មការ​សិក្សា​ស្រាវ​ជ្រាវ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​សមាស​ភាព​មក​ពី​គណបក្ស​កាន់​អំណាច​តែម្ខាង​ប៉ុណ្ណោះ​ពុំ​មាន​ការ​ចូល​រួម​ពីគណបក្ស​សង្គ្រោះ​ជាតិ​និង​អង្គការ​សង្គម​ស៊ីវិល​ទេ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ទើប​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​គណបក្ស​នេះ​បាន​ស្តី​បន្ទោស​ថា​ការ​បង្កើត​យន្តការ​ណា​មួយ​ដែល​ពាក់​ព័ន្ធ​ការ​កែទម្រង់​ការបោះ​ឆ្នោត​ដោយ​មិន​មាន​ប្រឹក្សា​យោបល់​ឬ​ការ​ព្រមព្រៀង​ជាមុន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ផ្ទុយ​ទាំង​ស្រុង​នឹង​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​ជំនួប​កំពូល​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៣។​

សេចក្តី​ប្រកាស​រួម​ជំនួប​កំពូល​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពាក់​កណ្តាល​ខែកញ្ញា​ត្រង់​ចំណុចទី​២​បាន​ចែង​ថា​ភាគីទាំង​ពីរ (គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា)បាន​ព្រម​ព្រៀង​គ្នា​ថា​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នាពេល​ខាង​មុខ។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្តី​បន្ទោស​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ទេ។​

លោក​បាន​និយាយ​ថា៖​ «អញ្ចឹង​ឃើញ​ថា​ការ​កែ​ទម្រង់​នេះ​ទៅ​មិន​រួច​ទេ​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​សង្គមកម្ពុជា​ក៏​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​ រួម​ទាំង​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស ខេង​ប្រធាន​ក្រុម​ចរចា លោក​ ជាម យៀប ​អ្នក​តំណាង​រាស្រ្ត ​និងលោក ផៃ ស៊ីផានរដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​មិន​អាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​អស់​លោក​គ្មាន​អ្នក​ទទួល។​

ចំណែក​លោក​ ព្រំ សុខា​ តំណាង​ក្រុម​បច្ចេក​ទេស​ចរចា​ខាង​គណបក្ស​ប្រជាជនកម្ពុជា​ត្រូវ​បាន​អ្នក​លើក​ទូរស័ព្ទ​និយាយ​ថា​លោក​ជាប់​រវល់។​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​សំឡេង​គាំទ្រចំនួន៦៨​អាសនៈ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​៥៥​អាសនៈនៅ​តែ​បន្ត​បែរ​ខ្នង​ដាក់​គ្នា​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​

លោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​និក​ហ្វិក​បាន​បញ្ជាក់​ថា​គណៈកម្មការ​សិក្សា​ស្រាវ​ជ្រាវ​លើ​កំណែ​ទម្រង់​បោះ​ឆ្នោត​នេះ​ត្រូវ​តែ​មានការ​ចូល​រួម​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។​

លោក​បាន​បញ្ជាក់​ថា​បើ​គណៈកម្មការ​នេះ​បង្កើត​ឡើង​ដោយ​ឯកបក្ស​នោះ​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ជួប​បញ្ហា​ដដែលៗ។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​បញ្ហា​ដដែល​ជាដដែល​ទេ​បាទ​ពាក់​ព័ន្ធ​នឹង​លទ្ធផល​ ពាក់​ព័ន្ធ​ភាព​មិន​ប្រក្រតី​គឺ​ប្រហែល​ជា​អាច​នឹង​មាន​រឿង​ដដែលៗ​កើត​ឡើង​ទៀត»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​មើល​លទ្ធផល​បោះ​ឆ្នោតក៏ប៉ុន្តែ​ការ​ទាម​ទារ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាត់​ចោល។​

ក្រោយ​ពី​ការ​ទាមទារ​មិន​បាន​សម្រេច​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ​និង​ទម្លាក់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ចេញ​ពី​មុខ​តំណែង​ក៏ប៉ុន្តែ​បន្ទាប់​ពី​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អស់​រយៈ​ពេល​តែ​បី​សប្តាហ៍​ប៉ុណ្ណោះ​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា៕