គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ពិធី​បុណ្យ​រំលឹក​ដល់​អ្នក​ស្លាប់​ថ្ងៃ​៥និង​៦​កក្កដា

រថពាស​ដែក​នៅ​តាម​ផ្លូវ​ក្នុង​តំបន់​មួយ​ក្នុង​ក្រុង​ភ្នំពេញ​​ដែល​មាន​ការ​ផ្ទុះ​អាវុធ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។ (រូបថត​ឯកសារ)

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​ឡើង​ដោយ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​ គឺ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​នឹង​ប្រារព្វ​ខួប​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ហូរ​ឈាម​កាលពី​ថ្ងៃទី​៥និង​៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។​

សម្រាប់​គណបក្ស​ហ៊្វុន ស៊ីន​ប៉ិច​ ដែល​រង​គ្រោះ​ដោយ​ផ្ទាល់​ក្នុង​រដ្ឋប្រហារ​នោះ​ក៏​មិន​បាន​បំភ្លេច​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ​ដែរ។ ​ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​ហាក់​បីដូច​ជា​មាន​ជំហរ​ផ្ទុយ​គ្នា​ឆ្ងាយ​សម្រាប់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ។​

គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​ថ្ងៃ​មុន​ពេល​ខួប​ថ្ងៃ​ទី៥ ទី​ ៦​ ខែកក្កដា​មក​ដល់​បាន​ចេញ​សេចក្តី​ប្រកាស​ព័តមាន​ភ្លាមៗ​មួយ ​ស្តីពី​បុណ្យ​បង្សុកូល​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ប៉ុន្តែ​សម្រាប់​គណបក្ស​ហ៊្វុន ស៊ីន​ប៉ិច​វិញ​មិន​មាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​អ្វី​ទេ។​

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ពិធី​បុណ្យ​រំលឹក​ខួបនេះ​មិន​មែន​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​តែ​ដើម្បី​ដឹង​គុណ​ដល់​អ្នក​ដែល​បាន​ពលីជីវិត​ ដោយ​សារការបាញ់​សម្លាប់​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ពី​គណបក្ស​ប្រជាជន​ទៅ​លើ​ជន​ស្លូត​ត្រង់។​

លោក​និយាយ​ថា៖ ​«យើង​រំលឹក​នេះ​ដើម្បី​កុំ​ឱ្យ​ហេតុ​ការណ៍​នេះ​កើត​ឡើង​មាន​ម្តង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

កាល​ពី​ថ្ងៃ​ទី​៥​ និង​ ទី​ ៦​ខែកក្កដា​ឆ្នាំ​១៩៩៧​ មាន​រដ្ឋ​ប្រហារបង្ហូរ​ឈាម​មួយ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​រវាង​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ ដែល​កាល​នោះ​ជានាយក​រដ្ឋ​មន្ត្រី​ទី​១​និង​កងទ័ព​របស់​លោក​ហ៊ុន សែន​ ជាអតីត​នាយក​រដ្ឋ​មន្ត្រី​ទី​២។​

ក្រោយ​ពី​បាន​សាក​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​ពីរ​ថ្ងៃ​ ​យ៉ាង​តិច​មាន​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ ចាប់​ពី​ថ្នាក់​ឧត្តមសេនីយ៍​រហូត​ដល់​ពល​ទាហាន​ប្រមាណ​ជាង​១០០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និងបាន​បាត់​ខ្លួន។​

លោក​ ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ដែល​ធ្លាប់​ដឹក​នាំ​កម្លាំង​តស៊ូ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​មិន​ដែល​បំភ្លេច​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ទេ។​

លោក​បញ្ជាក់​ថា ​យើង​បាន​យក​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​និង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំខ្មែរ ​ជារៀង​រាល់​ឆ្នាំ​ដើម្បី​គោរព​រំលឹក​ខួប​កង​ទ័ព​ដែល​បាន​ពលីជីវិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨១​ រហូត​ដល់​ឆ្នាំ​ ១៩៩១ និង​ឆ្នាំ​១៩៩៧​ ដែល​សរុប​មាន​ចំនួន​៥.០០០​នាក់​ហើយ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត។​

លោក​បាន​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ធ្វើ​ពិធី​នេះ​ដើម្បី​ជា​ការ​កេង​ចំណេញ​នយោបាយ។​

លោក​និយាយ​ថា៖​ «គេ​តែង​តែ​ផ្សាយ​ថា​ខ្ញុំ​ហ្នឹង​អត់​ហ៊ាន​ធ្វើ​ ថា​ខ្ញុំ​ហ្នឹង​ខ្លាច​ ថា​ខ្ញុំ​ហ្នឹង​បំភ្លេច​ចោល​អ្នក​ដែល​ស្លាប់​ ៥​ ៦​ កក្កដា។ នេះ​គឺ​ជាការ​លើក​ឡើង​សម្រាប់​ជាការ​កេង​ចំណេញ​នយោបាយ​ទេ។​ធាតុពិត​ខ្ញុំ​មិនមាន​ ការ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ថ្ងៃ​៥​ ៦​ កក្កដា អត់​មាន​ទេ»។​

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​ប្រារព្ធ​ខួប​ថ្ងៃ​ទី​៥​ ទី​៦ ខែកក្កដា​ឆ្នាំ​១៩៩៧​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​សិទ្ធិ​របស់​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណ​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​តាំង​ពី​ពេល​នោះ​មក​កម្ពុជា​បាន​បញ្ចប់​កង​សកម្ម​ប្រយុទ្ធ​របស់​បក្ស​និង​បាន​ប្រែក្លាយ​ទៅជា​កង​កម្លាំង​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​របស់​ជាតិ​ទាំង​មូល។​

លោក​និយាយ​ថា៖​ «អ្វី​ដែល​យើង​បាន​រៀន​សូត្រ​ពី​មុន​មក​គឺ​យើង​ចង់​បាន​ឱ្យ​មាន​ឯក​ភាព​កង​ប្រដាប់​អាវុធ​ សព្វ​ថ្ងៃ​នេះ​ក្លាយ​ទៅ​ជា​កង​ប្រដាប់​អាវុធ​ គឺ​យោធា​ថ្នាក់​ជាតិ ​គឺឯកភាព​ជាតិ​នៅ​កង​ប្រដាប់​អាវុធ។​ នេះ​ដែល​យើង​ចង់​បាន»។​

លោក​ ផៃ ស៊ីផាន​ ប្រសាសន៍​ថា​យើង​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​បាត់​បង់​ជីវិត​ទាំង​សង​ខាង​ តែនេះ​ជា​មេរៀន​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា៕