ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានផ្តល់យោបល់ដល់គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចឲ្យធ្វើការកែទម្រង់ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោតឡើងវិញ។
គណបក្សហ៊្វុនស៊ីនប៉ិចដែលធ្លាប់ឈ្នះឆ្នោតដាច់គេកាលពីឆ្នាំ១៩៩៣ បានធ្លាក់ដាំក្បាលបាត់ការគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រជាបន្តបន្ទាប់ហើយនៅក្នុងការបោះឆ្នោតចុងក្រោយកាលពីឆ្នាំមុនគណបក្សដែលសំបូរទំនាស់ផ្ទៃក្នុងនេះមិនបានទទួលអាសនៈក្នុងរដ្ឋសភាមួយសោះ។
នៅក្នុងជំនួបជាមួយប្រធានគណបក្សហ៊្វុនស៊ីនប៉ិចព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី នៅរសៀលថ្ងៃនេះលោក Guo Yezhou អនុរដ្ឋមន្ត្រីនៃនាយកដ្ឋានអន្តរជាតិរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនិស្តចិនបានផ្តល់អនុសាសន៍ថាហ៊្វុនស៊ិនប៉ិចត្រូវតែធ្វើការកែទម្រង់ជាមុនដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតអណត្តិក្រោយ។
លោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិចបានប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួបជាមួយគណៈប្រតិភូចិនថាគណៈប្រតិភូចិនថាគណបក្សកុម្មុយនិស្តចិនជំរុញឲ្យហ៊្វុនស៊ីនប៉ិចធ្វើការកែទម្រង់ដើម្បីប្រមូលយកការទុកចិត្តរបស់អ្នកបោះឆ្នោតឡើងវិញ។
«មានការលើកឡើងក្នុងការជំរុញឲ្យគណបក្សហ៊្វុនស៊ីនប៉ិចខិតខំធ្វើយ៉ាងណាកែទម្រង់ដើម្បីពង្រឹងធ្វើយ៉ាងណាឲ្យមានការគាំទ្រឡើងវិញ»។
គណៈប្រតិភូចិនមិនផ្តល់សេចក្តីអត្ថាធិប្បាយដល់ក្រុមអ្នកកាសែតនោះទេ។
លោកញឹក ប៊ុនឆៃ អះអាងថាគណបក្សរបស់លោកកំពុងធ្វើការកែទម្រង់ជាបណ្តើរៗនៅក្នុងពេលនេះជាពិសេសគឺការផ្តោតការយកចិត្តទុកដាក់ទៅលើក្រុមយុវជនដែលជាកម្លាំងបោះឆ្នោតយ៉ាងសំខាន់។
គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចបង្កើតឡើងដោយអតីតព្រះមហាក្សត្រនរោត្តម សីហនុដែលព្រះអង្គកៀកស្និទ្ធជាមួយប្រទេសចិនយ៉ាងខ្លាំង។ គណបក្សនេះបានឈ្នះការបោះឆ្នោតយ៉ាងលើសលប់កាលពីឆ្នាំ១៩៩៣ ប៉ុន្តែគណបក្សនេះបានធ្លាក់ចុះប្រជាប្រិយ៍ភាពជាបន្តបន្ទាប់ដោយសារជម្លោះផ្ទៃក្នុងនិងដោយសារមានការចោទប្រកាន់ថាជាគណបក្សដែលរណបគណបក្សប្រជាជនកម្ពុជា។
នៅក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣ គណបក្សហ៊្វុនស៊ីនប៉ិចបានបាត់បង់អាសនៈក្នុងរដ្ឋសភាជាតិ។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យយល់ថាគណបក្សហ៊្វុនស៊ីនប៉ិចអាចស្តារប្រជាប្រិយ៍ភាពឡើងវិញបានខ្លះប្រសិនបើគណបក្សនេះកែទម្រង់នយោបាយឲ្យបានត្រឹមត្រូវ។
«កាលបោះឆ្នោតឆ្នាំ១៩៩៣(ហ៊្វុនស៊ីនប៉ិច)ឈ្នះដោយសារគណបក្សហ៊្វុនស៊ីនប៉ិចមានគោលនយោបាយច្បាស់ចេញពីខ្លួនឯងដល់បោះឆ្នោតក្រោយៗមកហាក់ដូចជាធ្វើឲ្យអ្នកបោះឆ្នោតហ្នឹងមិនដឹងជាត្រូវបោះឲ្យគណបក្សណាដោយសារថាគោលនយោបាយមិនច្បាស់លាស់។ គេនិយាយថាបើបោះឲ្យហ៊្វុនស៊ិនប៉ិចដដែលគួរបោះឲ្យគណបក្សប្រជាជនប្រសើរជាង។ ចឹងបានជាខ្ញុំថានៅមានឱកាសសម្រាប់ហ៊្វុនស៊ីនប៉ិច ប្រសិនបើមានការកែប្រែជាក់លាក់អំពីគោលនយោបាយ»។
គណៈប្រតិភូនៃគណបក្សកុម្មុយនិស្តចិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី៤ខែកក្កដា។ ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូនេះបានជួបជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
ជំនួបជាមួយគណបក្សទាំងពីរដើម្បីបញ្ជាក់ពីការធានាស្តីពីកិច្ចសហប្រតិបត្តិការនៃគណបក្សក្នុងប្រទេសកម្ពុជាជាមួយបក្សកុម្មុយនិស្តចិន។ ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕