លោក កឹម សុខា ជំរុញ​តុលាការ​ឱ្យ​ចេញ​សាលក្រម​ឱ្យ​បាន​ឆាប់​លើ​សវនាការ​កាត់ក្ដី​រូប​លោក

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការ​រំលាយ ស្វាគមន៍​អ្នក​សារព័ត៌មាន​នៅ​គេហដ្ឋាន​របស់​លោក មុន​នឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៩ ខែ តុលា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ពុធ​នេះ លោក កឹម សុខា​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ប្រកាស​សាលក្រម​ឱ្យ​បាន​ឆាប់​លើ​សវនាការ​កាត់ក្តី​រូប​លោក បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​បិទ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​អង្គហេតុ​គ្រប់​បែប​យ៉ាង​ទាក់ទង​នឹង​សំណុំ​រឿង​របស់​លោក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក កឹម សុខា ដែល​ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ក្នុង​អំឡុង​ពេល​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ លោក កឹម សុខា បាន​ប្រាប់​ចៅក្រម​ថា លោក​ចង់​ឱ្យ​ដំណើរការ​ជំនុំជម្រះ​នេះ​ចប់​ឱ្យ​បាន​ឆាប់ ព្រោះ​លោក​មាន​បញ្ហា​ឈឺ​ខ្នង​និង​ឈឺ​ស្មា ដោយសារតែ​អង្គុយ​យូរ​ពេក​នៅ​ក្នុង​បន្ទប់​សវនាការ។

លោក​បាន​បន្ថែម​ថា លោក​មិន​ចង់​ឱ្យ​ឈឺ​យូរ​ជាង​នេះ​ទេ និង​ចង់​ទទួល​បាន​យុត្តិធម៌។

លោក កុយ សៅ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​អង្គហេតុ​គ្រប់​បែប​យ៉ាង​ទាក់ទង​នឹង​សំណុំ​រឿង​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​មាន​ការ​ជំនុំជម្រះ​លើ​រឿង​នេះ​ជាង ៦០ លើក​រួច​មក។ តុលាការ​នឹង​បើក​សវនាការ​ដើម្បី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​លើ​សំណុំ​រឿង​របស់​លោក កឹម សុខា នេះ​នៅ​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ ២០២២ ខាង​មុខ នៅ​ក្រោយ​ពេល​ដែល​ភាគី​នីមួយៗ​ដាក់​សេចក្ដី​សន្និដ្ឋាន​ការពារ​ខ្លួន​ជូន​តុលាការ៕