មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៊ីបានថ្លែងនៅថ្ងៃអង្គារនេះថា លោកសង្ឃឹមថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនឹងត្រូវពិភាក្សាអនុម័តក្នុងសភានៅដើមខែខាងមុខ ដើម្បីធានាថា ការបោះឆ្នោតទៅមុខនឹងប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ត្រឹមត្រូវ។
«ព្រោះថ្នាក់ដឹកនាំរដ្ឋសភា ក្បាលម៉ាស៊ីនរដ្ឋសភាបានរៀបចំហើយនៅតែ វិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងការប្រព្រឹត្តទៅនៃគ.ជ.ប.ថ្មីដែលនឹងត្រូវមានការអនុម័តនៅដើមខែតុលាក្រោយ ហើយនឹងមានសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នីតិវិធី របៀបរៀបចំការបោះឆ្នោត ការចុះឈ្មោះ ការធ្វើអត្តសញ្ញាណប័ណ្ណ។ នីតិវិធីទាំងអស់នេះនឹងចែងក្នុងច្បាប់បោះឆ្នោតថ្មីមួយ»។
នេះជាការអះអាងរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រាប់វីអូអេកាលពីថ្ងៃអង្គារតាមទូរស័ព្ទពីប្រទេសបារាំងមក ក្នុងពេលដែលលោកត្រៀមរៀបចំចេញដំណើរទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចចំនួនពីរសប្តាហ៍ក្នុងបណ្តាប្រទេសនៅអឺរ៉ុប។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានធ្វើការចរចាដើម្បីដាក់ បញ្ចូលខ្លឹមសារនានាទៅក្នុងច្បាប់ថ្មីទាក់ទងនឹងនីតិវិធីបោះឆ្នោត តួនាទី និង អភ័យឯកសិទ្ធិរបស់សមាជិកគណៈកម្មការថ្មី សមត្ថកិច្ចគណៈកម្មការជាតិ រៀបចំការបោះឆ្នោត លើបញ្ហាជាច្រើន និងបញ្ហាលក្ខខណ្ឌផ្សេងៗទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកសម រង្ស៊ីបានបន្ថែមថា ការជ្រើសរើសសមាសភាពគ.ជ.ប.ថ្មីចំនួន៩រូបនឹងមានការជ្រើសរើសបន្ទាប់ពីសេចក្តីព្រាងច្បាប់បោះឆ្នោតត្រូវបានអនុម័តដោយសភា។ លោកបានបន្ថែមថា ការចរចាមានភាពរីកចម្រើន ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាបន្តបន្ទាប់។
«ព័ត៌មានដែលខ្ញុំបានទទួលជាបណ្តើរៗ ដូចជាយើងអាចមានសុទិដ្ឋិនិយមគឺ អាចស្រុះស្រួលគ្នារករូបមន្តណាមួយដែលភាគីទាំងអស់ទទួលយកបាន ហើយ ដែលធានាថា ការបោះឆ្នោតលើកក្រោយនឹងប្រព្រឹត្តទៅដោយមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ»។
គណបក្សទាំងពីរបានបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ បន្ទាប់ពីជាប់គាំងដំណើររយៈពេល១ឆ្នាំ ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣ដែលមានការចោទប្រកាន់ថា មានការគៃបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរនោះ។ បន្ទាប់មកភាគីទាំងពីរបានព្រមព្រៀងគ្នាលើបញ្ហាមួយចំនួន ទាក់ទងនឹងការកែទម្រង់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សទាំងពីរបានសម្រេចជ្រើសរើសសមាជិកគ.ជ.ប.តាមរូបមន្ត៤ទល់នឹង៤ ហើយបូកនឹង១ ដោយមានន័យថា គណបក្សនីមួយៗជ្រើសរើសសមាសភាពបួនរូបម្ខាង ហើយគណបក្សទាំងពីរត្រូវជ្រើសរើសសមាសភាពទី៩ ដោយការព្រមព្រៀងគ្នាជាឯកឆន្ទ។ ឥស្សរជនមួយរូបដែលត្រូវបានជ្រើសរើសរួចហើយនោះគឺលោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលគេចាត់ទុកថា ជាជនឯករាជ្យ។ ក្រុមការងារទាំងពីរនៅតែបន្តជួបប្រជុំគ្នាជាហូរហែលើបញ្ហាផ្សេងទៀត។
លោកគល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រែល បានអះអាងថា ក្រុមអង្គការសង្គមស៊ីវិលដែលបានផ្តល់យោបល់ជាច្រើននោះ បានដាក់ សំណើទៅដល់ប្រធានក្រុមការងារចរចានៃគណបក្សទាំងពីរគឺលោកកួយ ប៊ុនរឿន ខាងគណបក្សសង្គ្រោះជាតិ និងលោកប៊ិន ឈិន ខាងគណបក្សប្រជាជនកម្ពុជា សុំឲ្យមានតំណាងសង្គមស៊ីវិលបានចូលរួមសង្កេតការណ៍ក្នុងកិច្ចពិភាក្សាគ្នារវាងគណបក្សទាំងពីរ។
«យើងបានដាក់លិខិតជូនសហប្រធានគណៈកម្មការចម្រុះនៃគណបក្សទាំងពីរ កាលពីអាទិត្យមុន ដែលធ្វើកិច្ចការទាក់ទិននឹងច្បាប់បោះឆ្នោត»។
លោកបញ្ញាបានអះអាងថា សង្គមស៊ីវិលចង់ស្តាប់ដំណើរការពិភាក្សា ហើយជួយ ជាគំនិត យោបល់ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់បោះឆ្នោតឲ្យមានប្រសិទ្ធិ ភាពចំពោះច្បាប់នានាដែលនៅមិនទាន់ព្រមព្រៀងគ្នានៅឡើយ តែគណបក្សទាំងពីរចង់បញ្ចប់ឲ្យបានឆាប់ ដោយគ្មានការជជែកគ្នាឲ្យបានស៊ីជម្រៅនោះទេ។
«អញ្ចឹងទេ ប្រហែលជាមានការខិតខំរុញកិច្ចការនេះចេញឲ្យបានលឿន ហើយ ប្រហែលជាមានការខិតខំឲ្យចេញឆាប់នូវច្បាប់ហ្នឹង ហើយនឹងការបង្កើតគ.ជ.ប. ថ្មីហ្នឹង»។
លោកថ្លែងថា ថ្វីត្បិតតែមានបញ្ហាមួយចំនួនត្រូវបានព្រមព្រៀងគ្នាមែន តែនៅ មានបញ្ហាជាច្រើនដែលសង្គមស៊ីវិលមិនបានដឹងជាផ្លូវការ។ បញ្ហាទាំងនោះដែលលោកបានរៀបរាប់ត្រួសៗគឺបញ្ហាសមត្ថកិច្ចរបស់គ.ជ.ប. បញ្ហាចុះឈ្មោះ បោះឆ្នោត បញ្ហាគ្រប់គ្រងសន្តិសុខ បញ្ហាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហា ដោះស្រាយ វិវាទនៃការបោះឆ្នោតដែលគណបក្សកាន់អំណាចគ្រប់គ្រងនោះ។
«រឿងដោះស្រាយវិវាទបោះឆ្នោត គេត្រូវចែងឲ្យច្បាស់ ថាតើគ.ជ.ប.ហ្នឹងគេត្រូវ ដោះស្រាយយ៉ាងម៉េចកុំឲ្យមានបញ្ហាចោទប្រកាន់ថា មានទំនាស់ផលប្រយោជន៍ ទាក់ទងនឹងវិវាទបោះឆ្នោតហ្នឹង។ ពេលខ្លះទាក់ទងនឹងមន្ត្រីគ.ជ.ប.ហ្នឹងខ្លួនឯង ធ្វើម៉េចធានាថា មានយន្តការមួយថា អាចដោះស្រាយទាក់ទិននឹងមន្ត្រីខ្លួនឯងហ្នឹង...មានអំណាចដាច់ដោយឡែកទៅ ហើយកន្លែងខ្លះទាក់ទិននឹងគណបក្ស និងគណបក្ស និងគណបក្សនឹងអាជា្ញធរ។ តើសមត្ថកិច្ចរបស់គ.ជ.ប.ដោះស្រាយ វិវាទហ្នឹងរបៀបម៉េច? កម្រិតប៉ុណ្ណា? រឿងហ្នឹងគេគួរចែងសិទ្ធិអំណាចហ្នឹងឲ្យ បានច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញក្តី ឬនៅក្នុងច្បាប់ស្តីពីការរៀបចំនៃការប្រព្រឹត្តទៅនៃគ.ជ.ប.»។
លោកគល់ បញ្ញាបានអះអាងបន្ថែមថា លោកគ្រាន់តែដឹងថា គណបក្សទាំងពីរ បានជជែកគ្នារួចហើយអំពីរបៀបជ្រើសរើសគណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន ខេត្ត និងឃុំ អំពីការការពារផ្លូវច្បាប់ដល់សមាជិកគ.ជ.ប.ថ្មីដូចក្រុមប្រឹក្សាធម្មនុញ្ញ។ ហើយរឿងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវគេរំពឹងថា នឹងត្រូវអនុម័តដោយសភា នៅពេលសភាបើកសម័យប្រជុំវិញ នៅប៉ុន្មានសប្តាហ៍ខាងមុខ។ លោកគល់ បញ្ញាបញ្ជាក់ថា សេចក្តីលម្អិត និងសិទ្ធិអំណាចរបស់គ.ជ.ប.ថ្មីទំនងជាមិនចែងក្នុងរដ្ឋធម្មនុញ្ញទេ តែនឹងមានចែងក្នុងច្បាប់ដោយឡែកវិញ៕