បក្ស​ប្រឆាំង​និង​រដ្ឋាភិបាល​ទាមទារ​មុខមាត់​លើ​ការកែទម្រង់

រូប​ឯកសារ៖ លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ច្រកចូល​ខាង​ក្រោយ​នៃ​ព្រឹទ្ធសភា។

ប្រតិកម្ម​របស់មន្ត្រី​ប្រឆាំង​​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​​​ហៅ​ការ​ឃោសនា​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា​មាន​ចេតនា​​ញុះ​ញង់​បង្ក​ចលាចល​។

ការ​ទាញ​យក​មុខមាត់រវាង​គណបក្ស​ប្រឆាំង​និង​រដ្ឋាភិបាល​ពី​ការកែទម្រង់​នានា​នៅ​បន្ត​មាន​មិន​ដាច់​ស្រេច។ ក្នុង​ខណៈ​ពេល​ដែល​អ្នក​តាម​ដាន​មើល​ឃើញ​ថា​វា​កើត​ឡើង​ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​សំឡេង​ទើប​រដ្ឋាភិបាល​ខិតខំ​ប្រឹង​កែប្រែ​ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា​នោះ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ។​

លោក​ សុន​ ឆ័យ​ ​ជា​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ ជា​អនុប្រធាន​គណៈ​កម្មាធិការ​ហិរញ្ញវត្ថុ​នៅ​រដ្ឋសភា​ជាតិ​ ថ្លែង​ថា គណបក្ស​ប្រឆាំង​មាន​តួនាទីពិនិត្យ​លើ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាលនៅ​លើ​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស។

ប្រតិកម្ម​របស់​លោក​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ហៅ​ការ​ឃោសនា​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា​មាន​ចេតនាញុះ​ញង់​បង្ក​ចលាចល បន្ទាប់​ពី​លោក​ កឹម​ សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ពី​ការ​តស៊ូ​មតិ​របស់​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​យក​ផ្លូវ​ជាតិ​លេខ​៤​ មក​ប្រើ​ប្រាស់​ដោយ​ឥត​បង់​ប្រាក់។​

លោក​ ស៊ុន ឆ័យ ​បាន​បញ្ជាក់​បន្ថែម​ថា៖

«យើង​បំពេញ​តួនាទី​យើង​ក្នុង​នាម​ ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ គឺ​យើង​មើល​ការ​ខ្វះ​ខាត។​ រដ្ឋាភិបាល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​ យើង​ទាម​ទារ​ ឲ្យ​កែ​លម្អ​។​ ហើយ​រូប​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ធ្លាប់​លើក​ឡើង​ដែរ​បញ្ហា។​ ញឹកញាប់​ណាស់​បញ្ហា​ដែល​យើង​ឃើញ​ថា​ មិន​ត្រឹម​ត្រូវ​។ បញ្ហា​យក​លុយ​ផ្លូវ​ជាតិ​លេខ​៤​ ក៏ដូចជា​ រឿង​យក​លុយ​ភ្ញៀវ​ចូល​អង្គរវត្ត​ជាដើម​។​ ប៉ុន្តែ​បញ្ហា​ទាំង​អស់​នេះ​វា​ វា​ជា​បញ្ហា​ដែល​ទុក​ឲ្យ​ប្រជាពលរដ្ឋ​លោក​វិនិច្ឆ័យបាទ​ មិន​ត្រូវ​ដណ្ដើម​គ្នា​អះអាង​យ៉ាង​ណា​នោះ​ទេ​បាទ»។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​នេះ​ បានស្នើ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង ឈប់​កុហក​បោក​ប្រាស់​ប្រជាពលរដ្ឋ​ថា​ ខ្លួន​បាន​រួមចំណែក​ច្រើន​ដល់​កំណែទម្រង់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ការ​ថ្លែង​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​យ៉ាង​ដូច្នេះ​ កើត​មាន​បន្ទាប់​ពី​លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ នៅ​ក្នុង​វេទិកា​សកម្ម​ជន​មូលដ្ឋាន​នៃ ​គណបក្ស​ប្រឆាំង​ក្នុង​ខេត្ត​កំពង់​ស្ពឺថា​ មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការទាម​ទារ​ឲ្យ​បញ្ឈប់​ការ​យក​ថ្លៃ​បើក​បរ​លើ​ផ្លូវ​ជាតិ​លេខ​បួន។​ វេទិកានោះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​សៅរិ៍​នៅ​ឯ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់​ស្ពឺ។​

លោក​ កឹម​ សុខា ​ថ្លែង​ថា​ បើ​គ្មាន​សំឡេង​ជំទាស់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ផ្លូវ​ជាតិ​លេខ​៤​ នឹង​មិន​ត្រូវ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ដោយ​មិន​បាច់​បង់​ប្រាក់​នោះ​ឡើយ។​ លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា៖​

«រហូត​មក​ដល់​ថ្ងៃ​នេះ​ អ្នក​ខ្លះ​គេ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ការ​អត់​បាន​ការ។​ អ្នក​ខ្លះ​គេ​ថា​ គណ បក្ស​សង្គ្រោះ​ជាតិ​ ថ្នាក់​ដឹកនាំ​យើង​ធ្វើ​មិន​ត្រូវ​ អ្នក​គេ​ខ្លះ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្នាក់​ដឹកនាំ​យើង​ទន់​ជ្រាយ។​ ប៉ុន្តែ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ ជាពិសេស​សកម្ម​ជន​ សកម្ម​នារី​ ​ទាំង​អស់​ជ្រាប​ដោយ​ខ្លួន​ឯង​ហើយ​ថា​ បើ​គ្មាន​កម្លាំង​រួប​រួម​ បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ដ៏​ខ្លាំង​ក្លា​នោះ​ទេ​ ថ្ងៃ​នេះ​ប្រហែល​ជា​ផ្លូវ​ជាតិ​លេខ​៤​ អម្បាញ់មិញ​នេះ​ គេ​នៅ​យក​លុយ​នៅ​ឡើយ​ទេ‍»។

ទំនង​ជា​ចង់​ឆ្លើយតប​ទៅ​លោក​ កឹម​ សុខា​នោះ លោក​ហ៊ុន​ សែន​បាន​សរ​សេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ ស្នើ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ឈប់​ទាញ​យក​ផល​ចំណេញ​នយោបាយ​ពី​សមិទ្ធផល​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា​ តាម​រយៈ​ការ​ភូតភរ​កុហក​នេះ​។​

លោក​បាន​ថ្លែង​ថា​ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ក្នុង​នាម​លោក​ជា​នាយក​រដ្ឋមន្ត្រី​ លោក​បាន​សម្រេច​ឈប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង់​ប្រាក់​លើ​ការ​ធ្វើ​ដំណើរ​ឆ្លង​តាម​ផ្លូវ​វេង​ស្រេង​ បញ្ឈប់​ការ​យក​លុយ​ថ្លៃ​ធ្វើ​ប័ណ្ណ​បើក​បរ​សម្រាប់​ម៉ូតូ​កម្លាំង​ពី​ (១២៥CC)​ ចុះ​ក្រោម បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើក​បរ​យានយន្ត​ (៥០%)​ បញ្ឈប់​យក​ថ្លៃ​សេវា​ផ្ទេរ​អចលន​ទ្រព្យ​ពី​ជីតា​ជីដូន​ទៅ​ចៅ​ ពី​ឪ​ពុក​ម្តាយ​ទៅ​កូន​ពី​ប្រពន្ធ​ទៅ​ និង​ប្តី​ទៅប្រពន្ធ​ និង​ឈប់​ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ​ពេល​ធ្វើ​ដំណើរ​ឆ្លង​តាមផ្លូវ​ជាតិ​លេខ​៤​ជាដើម។​ លោក​ថ្លែង​ផ្តាំ​ផ្ញើ​ទៅ​មេដឹកនាំ​ និង​ក្រុម​មន្ត្រី​នៃគណបក្សប្រឆាំង​ថា៖

«ខ្ញុំ​សូម​ផ្ញើ​សារ​ខ្លី​នេះ​ទៅ​កាន់​មេបក្ស​ប្រឆាំង​ព្រម​ទាំង​ក្រុម​បក្ស​ប្រឆាំង​ទាំងអស់​ ត្រូវ​ឈប់បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​តទៅទៀត។ ព្រោះ​កន្លង​ទៅ​ប៉ុន្មាន​អាទិត្យ​នេះ ​បក្ស​ប្រឆាំង​បាន​យក​លទ្ធផល​ដែល​គណបក្ស​ប្រជាជន​ និង​លទ្ធផល​ដែល​នាយករដ្ឋមន្រ្តី​បាន​សម្រេច​ខាងលើ​ យក​ទៅ​ធ្វើ​នយោបាយ​ប្រជាភិថុត​ឃោសនា​បោក​ប្រជា​ពលរដ្ឋ​ថា​ ដោយសារ​ពួកគេ​ទាមទារ​ ទើប​នាយក​រដ្ឋមន្រ្តី​សម្រេច​ធ្វើ​បែប​នេះ។ នេះ​ជា​ការ​និយាយ​កុហក​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​សុទ្ធសាធ​ ដែល​គណបក្ស​ប្រឆាំង​ចេះ​ធ្វើ​ទៅ​រួច​ដែរ ​ដោយ​គ្មាន​ការ​អៀន​ខ្មាស់។ តែ​ការពិត​គឺ​វា​នៅ​តែ​ជា​ការ​ពិត​ដដែល ​គឺ​គណបក្ស​ប្រឆាំង​គ្មាន​បាន​ធ្វើអ្វី​ក្រៅ​តែ​អំពី​ការ​ឃោសនា​បោក​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ»។​

លោក​ក៏​បាន​ហៅ​ការ​ថ្លែង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ ជាការ​ញុះ​ញង់​ផ្នែក​នយោបាយ​ផងដែរ។​ លោក​បញ្ជាក់​ថា​៖​

«ច្បាស់​ណាស់​ ទោះបី​មាន់​មិន​រងាវ​ ក៏​ព្រះអាទិត្យ​នៅតែ​រះ​ដដែល​ ហើយ​បើ​ទោះ​បី ​គណបក្ស​ប្រឆាំង​មិន​ស្រែក​ ក៏​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​បម្រើ​ប្រទេស​ជាតិ ​និង​ប្រជាពលរដ្ឋ​ដដែល​។ ជា​ការ​ពិត​គឺ​មាន​សមិទ្ធផល​ជាតិ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​សម្រេច​ ដោយ​គ្មាន​ការ​ចូល​ ​រួមពី​បក្ស​ប្រឆាំង​បន្តិច​ណា​ឡើយ។ អ្វីដែល​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពិត​ប្រាកដ​គឺ​បោកប្រាស់​ ជេរប្រមាថ​ ញុះញង់​បង្ក​ចលាចល​ និង​ដើរ​ទៅ​សុំ​ឱ្យ​បរទេស​ផ្តាច់​ជំនួយ ​ឬ​កុំ​មក​វិនិយោគ​នៅ​កម្ពុជា។ល។​និង​។ល។ ​សូម​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​គ្រប់​ជាន់​ថ្នាក់​មាន​ភាពថ្លៃថ្នូរ​កុំឆក់​ប្លន់​សមិទ្ធផល​របស់​គេ​ធ្វើជា​របស់​ខ្លួន»។

ការ​លើក​ឡើង​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែននេះ​ ធ្វើ​ឡើង​ នៅ​ក្រោយ​ពេល​ដែល​លោក​ កឹម​ សុខា​ បាន​ដឹកនាំ​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​វេទិការបស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​មូល​ដ្ឋាន​ នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា។​ បន្ទាប់​ពី​ការ​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ថ្ងៃ​សៅរ៍​ លោក​ កឹម សុខា​ បាន​ទៅកាន់​ខេត្ត​កំពង់​ធំ​កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ។​ នៅ​ឯ​ខេត្ត​កំពង់​ធំ​ លោក កឹម​ សុខា​ បាន​ថ្លែង​ពី​ភាព​ទន់​ខ្សោយរបស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ ដូច​ជា​ការ​អប់រំ ​ការ​ថែទាំ​សុខភាព​ និង​ការ​បង្កើត​ការងារ​ជាដើម។​

VOA​ ពុំ​ទាន់​អាចទាក់​ទង​លោក​ កឹម​ សុខា​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ទេ​ ដើម្បី​សុំ​ការ​អធិប្បាយ​ទាក់​ទិន​ប្រតិកម្មរបស់​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

អ្នក​តាម​ដានកិច្ច​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ ​ថ្លែង​ថា​ សំឡេង​ពី​ក្រុម​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ឲ្យ​គណបក្ស​ដឹកនាំ​ប្រទេស​ បំពេញ​ការ​ខ្វះខាត​របស់​ខ្លួន​នៅ​ក្នុង​ការ​កសាង​ប្រទេស។

លោក​ មាស នី​ ​អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ ជា​រឿង​ធម្មតា​ ដែល​គណបក្ស​ប្រឆាំង​ធ្វើ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​មិន​បម្រើ​ប្រយោជន៍​សាធារណៈ។​ លោក​បញ្ជាក់​ថា៖​

«យើង​មើល​ពីដើម​មក​គណបក្ស​ប្រឆាំង​ធ្លាប់​ ទាម​ទារ​សូម​ឲ្យ​ដំឡើង​ប្រាក់​ខែ​រហូត​ដល់​ ២៥០​ដុល្លារ​ ឥឡូវ​ហ្នឹង​គណបក្ស​ កាន់​អំណាច​ហ្នឹង​បាន​ខំ​តាម​ ហើយ​ព្យាយាម​ធ្វើ​ម៉េច​ឲ្យបាន​ប្រាក់​ខែ​ឡើង​ទៅ​គ្រប់​។​ អានេះ​វាជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ គឺ​គេ​ប្រណាំង​ប្រជែង​គ្នា​នឹង​រឿង​គោលនយោបាយ។​ គេ​ប្រណាំង​ប្រជែងគ្នា​ជាមួយ​នឹង​អ្វី​ដែល​ជា​ តម្រូវការ​ចាំបាច់​ក្នុង​ការ​ជួយ​ពលរដ្ឋ​របស់​ខ្លួន​ឯង»។​

ចាប់​ពីដើម​ឆ្នាំ​ ២០១៦​នេះ​ លោក​ កឹម​ សុខា​ បាន​បង្កើន​ការ​ចុះ​ជួប​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​នា​នា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​តែង​តែ​បាន​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​រដ្ឋាភិបាល នៅ​គ្រប់​ពេល​ដែល​លោក​បាន​ជួប​ក្រុម​អ្នក​គាំទ្រ៕