កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីកម្ពុជាបានបើកបង្ហាញមូលដ្ឋានកងទ័ពជើងទឹកក្នុងឆកសមុទ្ររាមនៃខេត្តព្រះសីហនុ ដើម្បីបញ្ចប់ការចោទប្រកាន់ដែលថាខ្លួនបានធ្វើកិច្ចសន្យាបើកដៃឱ្យចិនបោះទីតាំងយោធាក្នុងតំបន់សមុទ្រនេះ។
អ្នកសារព័ត៌មានក្នុងស្រុកជិត៦០រូបបានចូលរួមក្នុងដំណើរពីរាជធានីភ្នំពេញ ដើម្បីទស្សនកិច្ចក្នុងមូលដ្ឋានកងទ័ពជើងទឹក ជាអ្វីដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាហៅថាជា «ការបង្ហាញការពិត»ដើម្បីបញ្ចប់ព័ត៌មានក្លែងក្លាយប្រឆាំងនឹងរដ្ឋាភិបាលផងខ្លួន។ ក្រុមមន្ត្រីនៃក្រសួងការពារជាតិនិងទីស្តីការគណៈរដ្ឋមន្ត្រីដែលដឹកនាំក្រុមអ្នកសារព័ត៌មាន បានបង្ហាញអគារនិងសម្ភារៈសឹកមួយចំនួនក្នុងមូលដ្ឋានទ័ព អមដោយការឃ្លាំមើលពីមន្ត្រីយោធាយ៉ាងម៉ត់ចត់។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិដែលដឹកនាំក្រុមអ្នកសារព័ត៌មានទស្សនកិច្ចនៅថ្ងៃសុក្រនេះ បញ្ជាក់ថា៖
«ឥឡូវកាលមកឃើញនេះវាច្បាស់ជាងនិយាយ យើងនិយាយ១០០ដងមិនស្មើយើងមើលឃើញមួយដងទេ។ អ្វីដែលយើងចង់ឃើញចង់បាន [លោក] អ៊ុក សីហា គាត់នឹងនាំទៅ។ អត់មានអីលាក់លៀមទេព្រោះថ្វីត្បិត ទីនេះគឺជាតំបន់យោធាការពារដោយយោធាមែន ប៉ុន្តែយើងអត់មានអីលាក់លៀមដែរ ទោះយើងចង់លាក់ក៏មិនជិតដែរ ព្រោះសម័យឥឡូវមាន Satellite [ផ្កាយរណប]មានស្អីៗច្រើនណាស់! តែឥឡូវមក មើលជាក់ស្តែង»។
Your browser doesn’t support HTML5
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្តថា មិនមានអគារណាមួយក្នុងមូលដ្ឋានទ័ពសមុទ្ររាមដែលមានទំហំ ប្រមាណ១០០ហិកតាជាប់សមុទ្រនេះ ត្រូវបានសាងសង់ឬគ្រប់គ្រងដោយយោធាបរទេសនោះទេ។ លោកបន្តថា កម្ពុជាមិនដែលច្រានចោលជំនួយពីអាមេរិក ហើយក្រសោបយកចិនតែមួយនោះដែរ។
កាលពីថ្ងៃអាទិត្យកន្លងទៅ សារព័ត៌មានអាមេរិក The Wall Street Journal បានផ្សាយថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយប្រទេសចិនដើម្បីអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅទីតាំងសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ជាផ្នែកមួយដែលទីក្រុងប៉េកាំងមានផែនការពង្រីកមូលដ្ឋានយោធារបស់ខ្លួនក្នុងពិភពលោក។
លោក ផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយដំណើរទស្សនកិច្ចថា កម្ពុជាគឺព្យាយាមរក្សាសុខសន្តិភាព ហើយលោកសង្ឃឹមថា ការបើកបង្ហាញនៅថ្ងៃនេះនឹងអាចបំបាត់ព័ត៌មាន ដែលលោកហៅថាជាព័ត៌មានក្លែងក្លាយបាន។
«កម្ពុជាពេលនេះ ឆ្លៀតឱកាសបង្ហាញនូវអ្វីទៅដែលហៅថាជាតម្លាភាព ហើយកម្ពុជាទទួលខុសត្រូវទាំងស្រុងនូវគណនីយភាពយើងមិនធ្វើឱ្យមានការបែកបាក់ក្នុងសង្គមរបស់អាស៊ាននោះទេ!ហ្អេនេះ ខ្ញុំសូមជំរាបជូន។ ខ្ញុំជឿជាក់ថា ឱកាសដែលយើងមកនេះគឺយើងបានសម្លាប់នូវ Fake News នឹងជាក់ស្តែងនៅនឹងកន្លែង។ ហើយខ្ញុំសូមជំរាបជូនបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ សុំបន្តបញ្ចប់នូវអ្វីដែលប៉ះពាល់ដល់»។
លោក ឆាយ សុផល អ្នកសារព័ត៌មាន និងជានាយកប្រតិបត្តិនៃក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ក្រោយដំណើរទស្សនកិច្ចថា លោកជឿជាក់ថាអ្វីដែលបានបង្ហាញគឺវាគ្រប់គ្រាន់ថា កម្ពុជាមិនបានបើកចំហរឱ្យមានវត្តមាននៃកងទ័ពបរទេសនោះទេ។
«វាគឺជាចំណោះដឹងទូទៅមួយដែរ ដើម្បីឱ្យយើងយល់ ដើម្បីឱ្យយើងបានប្រៀបធៀប ឃើញជាក់ស្តែងហើយផ្ទៀងផ្ទាត់នឹងព័ត៌មានកន្លងមក។ សម្រាប់ខ្ញុំ ខ្ញុំនឹងយកវាទៅបង្រៀននិស្សិតសារព័ត៌មានដើម្បីឱ្យគាត់ចេះប្រៀបធៀបព័ត៌មានណាមួយមុនការធ្វើសេចក្តីរាយការណ៍ណាមួយ»។
យ៉ាងណាក៏ដោយ កាសែត The Wall Street Journal បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចឬអ៊ីមែលនៅថ្ងៃព្រហស្បតិ៍ថា ពួកគេនៅប្រកាន់ជំហររឹងមាំលើការរាយការណ៍ព័ត៌មានដែលបានចុះផ្សាយ៕