Your browser doesn’t support HTML5
គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ចំណាយឆ្នាំ២០១៤ មានទឹកប្រាក់ចំនួន៣.៥០០លានដុល្លារសរអាកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីផ្ញើជូនសភាអនុម័តក្នុងពេលឆាប់ៗ។
លោក ផៃ ស៊ីផាន បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាដើម្បីធ្វើឲ្យការចំណាយចំគោលដៅមានប្រសិទ្ធិភាព ដើម្បីអភិវឌ្ឍប្រទេស លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យស្របតាមនិន្នាការតំបន់និងពិភពលោក។ លោកថ្លែងបន្ថែមថា នៅឆ្នាំ២០១៥ខាងមុខនេះ យើងនឹងធ្វើឲ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនយុវនារីហ្នឹងក្លាយខ្លួនទៅជាកម្មករឬពលករជំនាញដែលចេញពីធនធានមនុស្សទៅជាធនធានមូលធនដែលមានឯកទេសច្រើន។ កម្ពុជានឹងចូលក្នុងតំបន់សេដ្ឋកិច្ចសេរីរបស់សមាគមអាស៊ាននៅឆ្នាំ២០១៥ ដែលកម្ពុជាត្រូវពង្រឹងសមត្ថភាពបច្ចេកទេសជំនាញដល់ពលរដ្ឋរបស់ខ្លួន។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិងជាសមាជិកសភាបានអះអាងថា រដ្ឋសភានៅមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ថវិកាពីរដ្ឋាភិបាលនៅឡើយទេ។ តែលោកថ្លែងថា សភានឹងត្រៀមយកមកពិនិត្យពិភាក្សានិងអនុម័ត ដោយតម្លាភាព គឺមិនអាចឲ្យរដ្ឋាភិបាលចំណាយស្រេចចិត្តបានទេ។
លោកបានអះអាងថា ចំណាយឆ្នាំនេះគឺកើនជាង៣០០លានដុល្លារដោយសារតែកម្ពុជាប្រឈមមុខនឹងគ្រោះធម្មជាតិទឹកជំនន់និងការគិតគូររបស់រដ្ឋាភិបាលក្នុងការបង្កើនប្រាក់ខែជូនមន្ត្រីរាជការ៕