ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ពិភាក្សា​តានតឹង​អំពី​គម្រោង​ថវិកា​ឆ្នាំ​២០១៣​


រដ្ឋសភា​ជាតិ​របស់​ប្រទេស​កម្ពុជា
រដ្ឋសភា​ជាតិ​របស់​ប្រទេស​កម្ពុជា
ភ្នំពេញ៖ រដ្ឋសភា​ជាតិ​របស់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចាប់​ផ្តើម​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៣។​ ការ​ពិភាក្សា​នេះ​បាន​ធ្វើឡើង​យ៉ាងតឹងតែង​រវាង​អ្នក​តំណាង​រាស្ត្រ​ខាង​គណ​បក្ស​កាន់​អំណាច​និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។​

សមាជិក​រដ្ឋសភា​ចំនួន​៩៦​រូប​នៃ​សមាជិក​សភា​ចំនួន​១០១​រូប​ដែល​មាន​វត្តមាន​ បាន​សម្រេច​ដោយលើក​ដៃ​គាំទ្រ​លើ​ខ្លឹម​សារ​រួម​ ដើម្បី​យក​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១៣​មក​ពិភាក្សា​ សួរ​ដេញ​ដោល​មុន​នឹង​អនុម័ត។​

សេចក្តី​ព្រាងច្បាប់​នេះ​មាន​ចំនួន​៦​ជំពូក​និង​១៨​មាត្រា​ ហើយ​តំណាង​រាជ​រដ្ឋាភិបាល​ដែល​ចូលមក​ការពារ​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិឆ្នាំ​២០១៣​នេះ​ ដឹក​នាំ​ដោយ​លោក​ គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ដោយ​មាន​ការ​ហែរហម​ពីគណៈ​ប្រតិភូ​ចំនួន​៤០​រូប​ផ្សេង​ទៀត។​

សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុនេះ​បាន​កំណត់​ពី​ការ​ចំណាយ​សរុប​រហូត​ដល់​ជាង​១២​ពាន់​លាន​រៀល​គឺ​ស្មើនឹង​ប្រមាណ​ជាង​៣០០០​លាន​ដុល្លារ​អាមេរិក។​ ថវិកា​ចំណាយ​សរុប​ឆ្នាំ​២០១៣​បាន​កើន​ឡើង​១២,៣២%​ បើ​ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១២​ស្មើនឹង​១៩,១២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​(ផ.ស.ស.)។​

ក្រសួង​អប់​រំបាន​ស្ថិត​នៅ​ក្នុង​ការ​ចំណាយ​អទិភាព​ខ្ពស់​ជាង​គេ​សម្រាប់​ថវិកា​ឆ្នាំ​២០១៣​នេះ​គឺមាន​ចំនួន​ជាង​២៨០​លាន​ដុល្លារ​ បន្ទាប់​មក​គឺ​ក្រសួង​ការពារ​ជាតិ​ស្ថិតនៅ​ក្នុង​លំដាប់​ទីពីរ​ មាន​ចំនួន​ត្រឹម​តែ​២៤៥​លាន​ដុល្លារ​ ក្រសួង​សុខាភិបាល​ចំនួន​២២៥​លាន​ដុល្លារ ​ក្រសួង​មហាផ្ទៃ​និង​សន្តិសុខ​មុខងារ​សារធារណៈ​ចំនួន​១៥៥​លាន​ដុលា្លរ​និង​ក្រសួង​សង្គមកិច្ច​ចំនួន​១០៣​លាន​ដុល្លារ។​

ក្នុង​ចំណោម​ថវិកា​ជាតិ​សរុប​ជាង​៣០០០​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​ឆ្នាំ​២០១៣​នេះ ​មានចំនួន​ជាង​៩០០០​លាន​ដុល្លារ​ជាប្រាក់កម្ចី​ពី​បរទេស។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ហេតុ​នៃ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នេះ​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​បន្ត​បង្ក​នូវ​កត្តា​ជាបុព្វបទ​ទាំង​ឡាយ​សម្រាប់​ការ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវគោល​នយោបាយ​ជាមូលដ្ឋាន​គ្រឹះ​ខាង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។​

អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​បាន​ធ្វើការ​បរិហាររិះ​គន់​ធ្ងន់ៗ​ចំពោះ​ការ​ចំណាយថវិកាជាតិ​ ដែលពុំ​មាន​គុណភាព​ដូច​ជា​ការ​សាង​សង់​ផ្លូវ​គមនាគមន៍​ សេវា​សុខភាព​សារធារណៈ​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល។

លោក​សុន ឆ័យ​ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋសភា​ថា​ ថវិកា​ឆ្នាំ​២០១៣​មាន​ការ​កើន​ក្នុង​ការ​ចំណាយ​ ក៏​ប៉ុន្តែ​លទ្ធភាព​នៃ​ការ​បង្កើន​ការ​ចំណាយ​មួយភាគ​ធំ​នៃ​ទឹក​ប្រាក់​គឺ​បាន​មកពី​ការ​ខ្ចីបុល​ដែល​កំណត់​នៅ​ក្នុង​ច្បាប់​នៃ​ថវិកា​នេះ។​

លោក​បាន​បញ្ជាក់​ថា​ កាលណា​យើង​ខ្ចីបុល​ពី​បរទេស​ច្រើន​ប្រៀបធៀប​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ វាអាច​ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់​ទៅ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស។​

«ចំនួន​នៃ​ការ​ខ្ចីបុល​នេះ​វាអាច​មាន​ចំនួន​គ្រោះ​ថ្នាក់​ដល់​សេដ្ឋកិច្ច​នេះ​បាន​តាម​ការលើក​ឡើង​របស់​យើង។​ ក្នុង​ការ​លើក​ឡើង​នេះ​ក៏​យើង​បាន​ផ្តល់​លទ្ធភាព​នៃ​ការ​រកចំណូល​ដែរ»។​

លោក​ឧបនាយករដ្ឋ​មន្ត្រី​ គាត ឈុន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ ការរៀបចំ​ថវិកា​ឆ្នាំ​២០១៣​គឺស្ថិត​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ទើបតែ​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​យ៉ាង​ឆាប់​រហ័ស​ និង​កំពុង​បង្ហាញពី​ភាព​មាំមួន​ឆ្ពោះ​ទៅ​រក​គោល​នយោបាយ​កំណើន​ប្រចាំ​ឆ្នាំ​៧%​របស់​រាជ​រដ្ឋាភិបាល។​
«កំណើន​សេដ្ឋកិច្ច​តាម​ថ្លៃថេរ​នឹង​សម្រេច​បាន​ប្រមាណ​៧%»។​
សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៣​នេះ​ត្រូវ​បាន​គណៈ​រដ្ឋមន្ត្រី​អនុម័ត​នៅ​ក្នុង​សម័យ​ប្រជុំ​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ២០១២​ ហើយ​បាន​បញ្ជូន​មក​រដ្ឋសភា​នៅ​ថ្ងៃទី​៣០​ខែ​តុលា។​
រដ្ឋសភា​ទើប​តែ​បាន​អនុម័ត​បាន​មួយ​ជំពូក​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​៦​ជំពូក។​សមាជិក​រដ្ឋសភា​នឹង​បន្ត​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​ស្អែក​ទៀត៕
XS
SM
MD
LG