មន្ត្រី​និង​រាជវង្ស​ការពារ​កេរដំណែល​​វិជ្ជមាន​របស់​សម្តេច​ឪ​នៅ​ខួប​សោយ​ទិវង្គត​៣ឆ្នាំ​

រូប​សំណាក​ព្រះបរមរតនកោដ្ឋ​នៅ​រាជធានី​ភ្នំពេញ

ប៉ុន្តែ​អ្នក​វិភាគ​ម្នាក់​ថ្លែង​ថា ​ការ​ផ្សព្វផ្សាយ​​អំពី​កេរ​ដំណែល​សម្តេច​ឪ​គឺ​និយាយ​តែ​​​រឿង​រឿង​ល្អៗ​ប៉ុណ្ណោះ។​

ប្រទេស​កម្ពុជា​នឹង​ប្រារព្ធខួបបី​ឆ្នាំ​ចំពោះ​សព​សម្តេច​ឪ​ព្រះ​បរមរតន​កោដ្ឋ​ជា​ទីគោរព ​សក្ការៈ​សម្រាប់​ពលរដ្ឋខ្មែរ​ជាច្រើន​ នៅ​ថ្ងៃ​ទី​១៥ ​ខែ​តុលា​ឆ្នាំ២០១៥​នេះ ​តែក្រុម​គ្រួសារ​រាជ្យរង្សានុវង្ស​ និង​អ្នក​វិភាគខ្លះ​បង្ហាញ​ថា ​មាន​ស្នា​ព្រះហស្ត​ជាច្រើន​ដែល​គេ​ចងចាំ​អំពី​សម្តេចឪ​ទាក់ទង​នឹង​ឯករាជ្យ​ សន្តិភាព ​បូរណភាព​ទឹកដី ​ការ​រីក​ចម្រើន​របស់​ប្រទេស​នៅ​សម័យ​មុន​ជាដើម។​

ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ធម្មកោ​ អតីត​លេខាផ្ទាល់​របស់​សម្តេចឪ ព្រះ​នរោត្តម សីហនុ ​បានថ្លែង​ថា ​មាន​ស្នា​ព្រះ​ហស្ត​សម្តេច​ឪ​ជាច្រើន​ ដែល​ពលរដ្ឋ​ខ្មែរ​ចងចាំ​ ក្នុង​នោះ​គឺ​ការ​ទាមទារ​ឯករាជ្យ​ក្នុង​ដើម​ទសវត្សរ៍​១៩៥០​ពី​ប្រទេស​បារាំង​ ដោយ​គ្មាន​ការ​បង្ហូរ​ឈាម ​ការ​រីក​ចម្រើន​លូតលាស់​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ ដែល​រីកចម្រើន​ជាង​ប្រទេស​ជិតខាង​ និង​ការ​ការពារ​មិន​ឲ្យព្រះ​រាជាណាចក្រ​កម្ពុជា​ចូល​ក្នុង​សង្គ្រាម​វៀតណាម​ ដើម្បី​រក្សា​ការពារ​ជីវភាព​រស់​នៅ។​

«នេះ​ហើយ​ជាស្នា​ព្រះហស្ត​ទាំងបី​ដែល​គេ​ចងចាំ»។​

លោក​សឺន ស៊ូប៊ែរិ៍​ អ្នកវិភាគ​នយោបាយ ​និង​ជា​ឧត្តម​ទីប្រឹក្សា​ ព្រះ​មហាក្សត្រ​បច្ចុប្បន្ន ​បានថ្លែង​ថា​ ដោយ​សារចង់​ការពារ​ផល​ប្រយោជន៍​ប្រទេស​ កម្ពុជា ​និង​សន្តិភាព ​ហើយ​នឹង​ជីវភាព​ ការ​អភិវឌ្ឍ​ប្រទេស​ សម្តេច​ឪ​មិន​ចូល​បក្ខ​សម្ព័ន​ជាមួយ​ប្រទេស​ណាមួយ​ទេ។

«ម្ល៉ោះ​ហើយ​មិនចង់ចូល​ទៅក្នុង​បក្ស​សម្ព័ន្ធណា ​ហើយមិន​ចង់ក្លាយ​ទៅជា​ល្បែង​របស់​មហា​អំណាច​ណាមួយ។​ ខ្ញុំ​ដឹង​ហើយ​ថា ​ពេល​ហ្នឹង​ស.រ.អា.​មិន​សូវ​ពេញ​ចិត្ត»។​

នៅ​ពេល VOA ​សួរ​អំពី​ការ​ជិតដិត​របស់​ព្រះអង្គជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត លោកសឺន ស៊ូប៊ែរិ៍​និយាយ​ថា ​ចិន​មិន​ដូច​លោក​ខាង​លិច​ និង​អាមេរិកាំង​ទេ ​គឺ​បាន​ផ្តល់​ជំនួយ​ដោយ​គ្មាន​លក្ខខណ្ឌ​ទេ។​

ព្រះអម្ចាស់ ស៊ីសុវត្តិ ធម្មិកោ អតីតលេខាធិការផ្ទាល់របស់សម្តេចឪ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ

មិនមែន​គ្រប់ៗ​គ្នា​សុទ្ធតែ​យល់​ស្រប​ទាំង​អស់​ទេ។ ​

លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ បាន​ថ្លែង​ថា ​ការ​ផ្សព្វផ្សាយអំពី​កេរ​ដំណែល​សម្តេច​ឪ​គឺ​និយាយ​តែ​រឿង​រឿង​ល្អៗ​ប៉ុណ្ណោះ។​

«ដោយសារ​អញ្ចឹង​ហើយ​បាន​អ្នក​នយោបាយ ​ក្នុងកាលៈ​ទេសៈ​បច្ចុប្បន្ន​នេះ​ ​គឺ​រ៉ាយ​រ៉ាប់​តែ​រឿង​ទូទៅៗ​ ហើយ​ជា​រឿង​ល្អៗ​ ហើយ​ក្នុង​ករណី​ហ្នឹង​ វាដក់​ជាប់​ក្នុង​បេះដូង​របស់​ប្រជា​ពលរដ្ឋ​ ទាំងចាស់​ ទាំងក្មេង​ ហ្នឹង​គឺ​នៅ​ ចងចាំ»។​

លោក​បន្ថែម​ថា ​ពលរដ្ឋខ្មែរ​មិន​សូវ​បាន​រៀន ​និង​មិនសូវ​បានស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រខែ្មរ​លម្អិត​ទេ​គឺ​ ​ច្រើន​តែស្តាប់​តាម​អ្នក​នយោបាយ​និយាយ​តែ​រឿង​ល្អៗ​ ​តែ​មិន​បាន​បង្ហាញ​ពីប្រវត្តិ​មិន​ល្អ​ទេ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ទំនង​ជា​សំដៅ​ទៅ​លើការ​ដឹកនាំ​ប្រទេស​ និង​ចលនា​តស៊ូ​របស់​ខ្មែរក្រហម​ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ដើម្បី​ប្រឆាំង​នឹង​របប​លោក​សេនាប្រមុខ​លន់​ នល់​ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ ​ព្រះអង្គ​នៅឆ្នាំ១៩៧០។​ តែក្រោយ​ពី​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ ​ព្រះអង្គ​ធ្លាប់​ប្រកាស​ថា​ ព្រះអង្គ​បាន​លា​ឈប់​ពី​ចលនា​នោះ​នៅ​ដើមឆ្នាំ​១៩៧៦ ​ដោយ​ប្រកាស​ថា ព្រះអង្គគ្មាន​ការ​ពាក់ព័ន្ធ​នឹង​របប​ខ្មែរក្រហម​ដែល​ត្រូវ​ស្តី​បន្ទោស​ថា​ បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​នោះ​ទេ។​ បន្ថែម​ពី​លើ​នេះ ​ព្រះអង្គ​ធ្លាប់​ អះអាង​ថា ​មាន​គ្រួសារ​រាជវង្ស​១៩​អង្គ​ត្រូវខ្មែរ​ក្រហម​សម្លាប់ ​និង​ចាប់​ឃុំ​ខ្លួន​ រួម​ទាំង​ព្រះអង្គ​ផង​ដែរ។​

លោក អ៊ូ វីរៈ

ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មកោ​បាន​មានបន្ទូល​ការពារ​អតីត​ព្រះ​មហា​ក្សត្រ​ ​ដោយ​លើក​ឡើង​ថា ​មាន​ការ​បកស្រាយ​ស្ថិត​នៅ​លើការ​យល់​ឃើញ​គ្មាន​ភស្តុតាង ​មិនស្ថិត​លើ​ការ​ជាក់​ស្តែង។ ​ព្រះ​អង្គ​បន្ថែម​ថា​ គេ​ផ្អែក​លើការ​សរសេរ​ប្រវត្តិ​សាស្ត្រ​របស់បរទេស​តែប៉ុណ្ណោះ​ ហើយ​ព្រះ​អះអាង​ថា​ ការ​សរសេរនោះ​បាន​ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា។​

«ខ្ញុំ​មាន​ការ​សោកស្តាយ។ ​មាន​ការ​សោកស្តាយ​ត្រង់​ថា ​ប្រវត្តិ​ខ្មែរ​យើង​សព្វ​ថ្ងៃ​ហ្នឹង​ចង់​បាត់បង់​អស់​រលីង​ហើយ​។ ក្រៅពី​សាស្ត្រាចារ្យ​ម្នាក់​ពីរ​បី​នាក់​ ខ្មែរយើង​អត់​ខិតខំ​សសេរ​អំពីប្រវត្តិ​ខ្មែរទេ​ ​គឺ​ប្រវត្តិ​ខ្មែរ​សរសេរ​ដោយ​បរទេស​ទាំងអស់ ​ហើយ​បរទេស​គេ​ធ្វើការ​បកស្រាយ​ស្រប​តាម​មនោគមវិជ្ជា​និង​ទ្រឹស្តី​វប្បធម៌​របស់​គេ​ទាំង​អស់»។​

អតីត​ព្រះ​មហា​ក្សត្រ​សម្តេច​ព្រះ​នរោត្តម ​សីហនុ​បាន​ក្លាយ​ជា​តួអង្គ​នយោបាយ​យ៉ាង​សំខាន់​បំផុត​នៅ​កម្ពុជា។​ ព្រះអង្គ​បាន​ធ្វើ​ការ​បង្រួម​បង្រួម​ជាតិ ​បង្រួម​បង្រួម​អ្នក​នយោបាយ ​និង​ផ្តល់ភាព​កត់ក្តៅ​ដល់​ប្រជា​រាស្ត្រ​កម្ពុជា ហើយព្រះអង្គ​មាន​ព្រះ​នាម​ថា ​ជា​ព្រះបិតា​ជាតិ​ បិតា​ឯករាជ្យជាតិ។​ ព្រះអង្គ​បាន​ដាក់​រាជ្យ​សម្បត្តិ​កាល​ពីឆ្នាំ​២០០៤​ ហើយ​បាន​បើក​ផ្លូវ​ដល់ ​ព្រះ​រាជបុត្រា​គឺ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហមុនី​ឡើង​គ្រង​រាជ្យ​បន្ត​ មុន​ពេល​ព្រះអង្គ​សោយ​ទិវង្គត​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពីថ្ងៃ​ទី​១៥​ ខែ​តុលា​ឆ្នាំ ​២០១២ ​ព្រះជន្ម​៨៩​ព្រះ​វស្សា៕