ខណៈដែលទំនាក់ទំនងកម្ពុជា-អាមេរិកមានភាពរកាំរកូស និងស្របពេលអាមេរិកកំពុងដាក់ទណ្ឌកម្មទិដ្ឋាការលើមន្រ្តីមួយចំនួន ក្រសួងការបរទេសកម្ពុជាបានសម្តែងការបារម្ភថា ស្ថានការណ៍នេះអាចនឹងកាន់តែធ្ងន់ធ្ងរឡើង ហើយប្រសិនបើអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជាទៅអាមេរិក និងទីផ្សារអឺរ៉ុប។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គម យល់ថា ភាពរកាំរកូសនេះ អាចបណ្តាលមកពីនយោបាយការបរទេសរបស់កម្ពុជាមិនមានភាពអព្យាក្រឹត។
រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជាលើកឡើងថា ក្រសួងមិនខ្វល់ពីការផ្អាកទិដ្ឋាការហាមមិនឲ្យមន្រ្តីរបស់ខ្លួនចូលសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែលោកបារម្ភថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ការនាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា។
ថ្លែងក្នុងសន្និសីទស្ដីពី «សមិទ្ធផល ២៤ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃពុធកន្លងទៅ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីក្រសួងការបរទសកម្ពុជា បានថ្លែងទៅកាន់មន្រ្តីជាន់ខ្ពស់ស្ថាប័នជាតិ និងអង្គការសង្គមស៊ីវិលជាង៦០នាក់ ដោយលើកឡើងពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិក តាំងពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន។ លោកមានប្រសាសន៍ថា ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកមានភាពតានតឹងក្នុងពេលថ្មីៗនេះ បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់រដ្ឋាភិបាលអាមេរិក ការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការបញ្ជូនអ្នកជាប់ទោស ដែលជាពលរដ្ឋខ្មែរពីអាមេរិកមកកម្ពុជាវិញ។
លោក អ៊ុច បូររិទ្ធ បន្ថែមថា ក្រសួងការបរទេសមិនខ្វល់ចំពោះការដាក់ទណ្ឌកម្មលើទិដ្ឋាការពីរដ្ឋាភិបាលអាមេរិកនោះទេ ប៉ុន្តែលោកថា លោកព្រួយបារម្ភលើការនាំសម្លៀកបំពាក់ទៅទីផ្សារអាមេរិក និងអឺរ៉ុប។
លោក បូររិទ្ធ ថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖
«មិនបានទៅអាមេរិកក៏ហីទៅ ក៏ប៉ុន្តែបញ្ហាសំខាន់យើងមានការព្រួយបារម្ភតែម្យ៉ាងទេ ព្រោះឥឡូវវាមាននិន្នាការរុញរួចទៅហើយ រុញឲ្យអាមេរិក គឺសភាអាមេរិកហ្នឹងរុញឲ្យមានការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ហើយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច អាចរាលដាលដល់បញ្ហាកូតា គេហៅថា ឥវ៉ាន់វាយនភណ្ឌដឹកទៅអាមេរិក ដែលជាទីផ្សារដ៏ធំ។ ការបារម្ភគឺតែប៉ុណ្ណឹង។ តែបើបិទវីសាមិនឲ្យទៅអាមេរិក សូមអញ្ជើញទៅ អត់បញ្ហាទេ»។
លោក អ៊ុច បូររិទ្ធ បន្ថែមថា រដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកទីផ្សារថ្មីដើម្បីជំនួសទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុប ប្រសិនបើរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា។
ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកការចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ដូចជាទេសចរណ៍ ជំនួញ និងសុខភាព ឲ្យទៅមន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូល និងសមាជិកក្រុមគ្រួសាររបស់មន្រ្តីទាំងនោះ ដែលថា ការផ្អាកនេះជាទណ្ឌកម្មក្នុងការដែលកម្ពុជាមិនព្រមទទួលយកជនជាតិខ្មែរដែលប្រព្រឹត្តបទឧក្រិដ្ឋនៅអាមេរិកត្រឡប់មកកម្ពុជាវិញ។ ឆ្លើយតបនឹងការផ្អាកទិដ្ឋាការនេះ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសផ្អាកកិច្ចសហការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួនក្នុងសង្គ្រាមអាមេរិក-វៀតណាម នៅលើទឹកដីកម្ពុជា។
ការថ្លែងរបស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសកម្ពុជាធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងមានគម្រោងកាត់ជំនួយអភិវឌ្ឍន៍៧០ភាគរយ ដល់កម្ពុជា និងស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាបន្តកើនកម្តៅ ខណៈមន្រ្តី និងអ្នកគាំទ្រគណបក្សកាន់អំណាចបន្តវាយប្រហារអាមេរិក ដោយលើកយករឿងអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ក្នុងសង្គ្រាមអាមេរិក-វៀតណាម និងថា អាមេរិកជាអ្នកនៅពីក្រោយបក្សប្រឆាំងដើម្បីផ្ដួលរំលំរដ្ឋាភិបាលជាដើម។
ភាពរកាំរកូសរវាង អាមេរិក-កម្ពុជា ធ្វើឲ្យអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គម បារម្ភថា ទំនាក់ទំនងនេះនឹងកាន់តែធ្ងន់ធ្ងរទៅ ប្រសិនបើនយោបាយការបរទេសរបស់កម្ពុជាមិនស្ថិតនៅអព្យាក្រឹត។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម ប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាក្នុងពេលបច្ចុប្បន្នហាក់បង្ហាញភាពស្អិតរមួតជាមួយប្រទេសចិន តែបង្ហាញពីភាពព្រងើយកន្តើយជាមួយសហរដ្ឋអាមេរិកដែលជាប្រទេសមានឥទ្ធិពលខ្លាំងក្នុងការបញ្ជាទិញទំនិញពីកម្ពុជា។ លោកបន្ថែមថា ការណ៍នេះធ្វើឲ្យគេមើលឃើញថា ការធ្វើនយោបាយការបរទេសរបស់កម្ពុជានាពេលបច្ចុប្បន្ន អាចធ្វើឲ្យកម្ពុជាប្រឈមនឹងទំនាស់កាន់តែខ្លាំងជាមួយអាមេរិក។
លោក មាស នី បន្ថែមថា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា នោះរោងចក្រជាច្រើននៅកម្ពុជានឹងត្រូវបិទទ្វារ ហើយកម្មករ-កម្មការិនីរោងចក្ររាប់ម៉ឺននាក់ប្រឈមនឹងការគ្មានការងារធ្វើ។ លោកថា កម្ពុជាមិនអាចពឹងប្រទេសចិនកុម្មុយនិស្ត ជាខ្នងបង្អែកជំនួសអាមេរិក និងសហគមន៍អឺរ៉ុបបាននោះទេ។
លោក មាស នី មានប្រសាសន៍ថា៖
«រាជរដ្ឋាភិបាលកម្ពុជាត្រូវតែពិនិត្យមើលឡើងវិញទៅលើទំនាក់ទំនងការបរទេសរបស់ខ្លួន ថា តើហេតុអីក៏ប្រទេសយើងចេះតែទទួលបរាជ័យនៅក្នុងនយោបាយការបរទេស ដែលយើងមិនអាចរក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងអស់បាន ដូចដែលយើងបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង។ ហើយបើយើងមើលរដ្ឋធម្មនុញ្ញរបស់យើង ប្រទេសយើងជាប្រទេសអព្យាក្រឹត ប្រទេសឯករាជ្យ ប៉ុន្តែដល់យើងមើលអ្នកនយោបាយបានវិញ កំពុងប្រទាញ ម្ខាងប្រទាញទៅឆ្វេង ម្ខាងប្រទាញទៅស្តាំ»។
វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងត្រូវបានចាត់ទុកថា ជាឧស្សាហកម្មនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា ដែលមានរោងចក្រប្រមាណជិត១ពាន់រោងចក្រ កំពុងធ្វើប្រតិបត្តិការ និងផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជា៧០ម៉ឺននាក់។ ក្នុងនោះ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតទី២របស់កម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុប។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់កាត់ដេរ និងស្បែកជើង អង្ករ កៅស៊ូ។ល។ ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់សរុបប្រមាណជា ២.៣៥៤លានដុល្លារអាមេរិក និងនាំចេញទៅទីផ្សារអឺរ៉ុបប្រមាណជា ២.៨២៥លានដុល្លារ៕