ជីវិតមានភាពប្រសើរនៅឯស្ថានីយទូរទស្សន៍ NICE TV។
បុគ្គលិកដែលធ្វើការនៅស្ថានីយទូរទស្សន៍ថ្មីរបស់ចិននេះទទួលបានផលប្រយោជន៍ជាច្រើន។ អាគារស្ថានីយទូរទស្សន៍ចិនថ្មីដ៏លេចត្រដែតដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃនេះ មានភោជនីយដ្ឋានដ៏ប្រណិតមួយកន្លែងនៅជាន់ទី៥ ដែលភ្ញៀវអាចមើលឃើញទិដ្ឋភាពទីក្រុងភ្នំពេញនៅគ្រប់ទិសជុំវិញទាំងអស់។
អ្នកស្រី សៀង សោភ័ណ ប្រធានគ្រប់គ្រងផ្នែកព័ត៌មាននៃស្ថានីយទូរទស្សន៍ថ្មីនេះ កំពុងជាប់រវល់បញ្ជាចេញពីបន្ទប់គ្រប់គ្រង នៅពេលដែលកញ្ញា ឃួន លក្ខិណា អតីតអ្នកយកព័ត៌មានឲ្យសារព័ត៌មាន The Phnom Penh Post បង្ហាញខ្លួននៅលើអេក្រង់ទូរទស្សន៍ផ្សាយផ្ទាល់ចេញពីទិដ្ឋភាពនៃរោងចក្រកែច្នៃក្បាលមាន់មួយកន្លែង ដែលមានក្លិនអាសោធធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមានការខឹងសម្បា។
អ្នកស្រី សៀង សោភ័ណ ទទួលបានបទពិសោធន៍ដំបូងជាអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី មុនពេលអ្នកស្រីធ្វើការឲ្យស្ថានីយទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សកាន់អំណាច។
អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «យើងជាអ្នកសារព័ត៌មាន ដូច្នេះយើងប្រៀបដូចជាស្ពានដែលធ្វើឲ្យរដ្ឋាភិបាលដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ ឬក៏ពាំនាំនូវអ្វីដែលរដ្ឋាភិបាលត្រូវការពីប្រជាពលរដ្ឋ»។
មាតិកាព័ត៌មាននៃស្ថានីយទូរទស្សន៍ NICE TV នេះ មានដូចជា រឿងនានាអំពីការរៀបចំសម្រាប់ពិធីបុណ្យអុំទូកដែលនឹងចូលមកដល់នៅពេលខាងមុខ និងប្រភេទរឿងមួយចំនួនទៀតដែលផលិតករទូរទស្សន៍ NICE TV និយាយថាជារឿងដែលតែងតែចាក់ផ្សាយនោះមានដូចជា ការត្អូញត្អែររបស់ប្រជាពលរដ្ឋចំពោះទឹកជំនន់ និងចំពោះចរាចរណ៍ជាដើម។
កម្មវិធី «ស្ពានទៅកាន់ប្រជាពលរដ្ឋ» ដែលជាកម្មវិធីសំខាន់របស់ទូរទស្សន៍ NICE TV គឺជាកម្មវិធីតាមទូរស័ព្ទមួយដែលក្រុមហ៊ុន NICE TV បានផលិតឡើង ដែលហៅថា Tutu Live។ កម្មវិធីនេះអនុញ្ញាតឲ្យអ្នកទស្សនាអាចចូលរួមក្នុងកម្មវិធីនេះបាន ដែលនេះជាកម្មវិធីទូរទស្សន៍ស្រដៀងទៅនឹងកម្មវិធីពិភាក្សាតាមវិទ្យុដែលមានការចូលរួមពីអ្នកស្ដាប់ដូច្នេះដែរ។
តាមរយៈកម្មវិធីនេះ ពួកគេជំរុញឲ្យមានព័ត៌មានដែលបង្កើតដោយអ្នកប្រើប្រាស់ចេញពីទស្សនិកជនដែលមានចំនួនតិចនាពេលបច្ចុប្បន្ននេះរបស់ពួកគេ ដែលក្នុងនោះមានទាំងដៃគូនានារបស់ទូរទស្សន៍ NICE TV នៅឯក្រសួងមហាផ្ទៃផងដែរ។
លោក Jason Lui នាយកផ្នែកប្រតិបត្តិការនៃទូរទស្សន៍ NICE TV នេះ បានប្រាប់ VOA តាមរយៈអ្នកបកប្រែយ៉ាងដូច្នេះថា៖ «ក្រសួងមហាផ្ទៃមានបណ្ដាញនគរបាលនៅទូទាំងប្រទេសកម្ពុជា ដូច្នេះយើងចង់ផលិតព័ត៌មានសង្គម ហើយយើងអាចប្រើប្រាស់ធនធាននេះដើម្បីផលិតព័ត៌មានសង្គមឲ្យបានល្អបំផុតនៅក្នុងប្រទេសកម្ពុជា»។
អ្នកខ្លះទៀតមិនសូវមានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះទេ។
ភាពជាដៃគូរវាងក្រុមហ៊ុនបរទេស និងក្រសួងមហាផ្ទៃដែលជាក្រសួងទទួលខុសត្រូវចំពោះសន្តិសុខសង្គមដូចនេះទំនងជា «មិនល្អ» នោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ណុប វី ប្រធានស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក ណុប វី បាននិយាយថា៖ «ទិដ្ឋភាពនៃទីតាំងនៅក្នុងក្រសួងមហាផ្ទៃផ្ទាល់ និងកិច្ចការរបស់ក្រុមហ៊ុនឯកជននេះគឺជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់ក្រសួងមហាផ្ទៃ ដោយហេតុថាតួនាទីរបស់ក្រសួងមហាផ្ទៃគឺមានសារៈសំខាន់ខ្លាំងណាស់»។
លោកបានបន្ថែមទៀតថា៖ «យើងគិតអំពីរឿងនេះ។ ដូច្នេះ តាមរយៈការគាំទ្រនេះ វានឹងដាក់កំហិតដល់វិសាលភាពនៃក្រុមផ្សព្វផ្សាយដែលធ្វើការនៅឯស្ថានីយទូរទស្សន៍នោះ ដោយហេតុថា អ្នកទាំងនោះនឹងធ្វើការក្រោមគោលការណ៍ផ្ទៃក្នុងរបស់ស្ថានីយទូរទស្សន៍នោះ ហើយខ្ញុំដឹងថា គោលការណ៍នោះប្រហែលជាបញ្ជាក់អំពីអ្វីមួយចំនួន ដែលឧទាហរណ៍ដូចជាកុំធ្វើអ្វីប្រឆាំងនឹងប្រទេសចិនជាដើម»។
ទោះបីជាស្ថានីយទូរទស្សន៍នេះមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រសួងមហាផ្ទៃ ដែលប្រហែលជាមានភាគហ៊ុនមួយចំនួនតូចដែលគ្មានការបញ្ជាក់ច្បាស់លាស់នៅក្នុងអាជីវកម្មនេះក៏ដោយ ក៏អ្នកស្រី សៀង សោភ័ណ និងលោក Jason Lui ទទូចថា ស្ថានីយទូរទស្សន៍នេះមានសេរីភាពក្នុងការរាយការណ៍ពីអ្វីដែលខ្លួនចង់រាយការណ៍ទាំងអស់។
សម្រាប់លោក Jason Lui ការណ៍ដែលស្ថានីយទូរទស្សន៍នេះព្យាយាមមិនផ្សាយពីព័ត៌មានរសើបនានាផ្នែកនយោបាយ ឬក៏ពីទស្សនៈប្រឆាំង គឺជាការបង្ហាញឲ្យឃើញពីអ្វីដែលអ្នកទស្សនាចង់បាន ជាជាងការដាក់កំហិតណាមួយរបស់រដ្ឋ។
លោក Jason Lui បាននិយាយថា៖ «តួនាទីរបស់ទូរទស្សន៍គឺធ្វើឲ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង មិនមែនបង្កជម្លោះនោះទេ»។
ប៉ុន្តែ តាមរយៈការនិយាយលេងធម្មតាជាមួយនឹងផលិតករមួយចំនួននៅស្ថានីយទូរទស្សន៍នេះ គេអាចស្វែងយល់យ៉ាងច្បាស់ថា អ្វីដែលអាចប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គឺមិនត្រូវផ្សព្វផ្សាយនោះទេ។
ស្របពេលនោះដែរ ឱកាសរបស់ស្ថានីយទូរទស្សន៍នេះក្នុងការបំពេញតួនាទីផ្នែកសារព័ត៌មានដែលគេធ្វើជាទូទៅតាំងពីយូរយារណាស់មកហើយ កំពុងតែសាបរលាប ស្របពេលដែលស្ថាប័នសារព័ត៌មានណាដែលរិះគន់រដ្ឋាភិបាលបានដួលរលំម្ដងមួយៗនៅក្រោមការដាក់សម្ពាធដែលបង្កើនឡើងរបស់រដ្ឋាភិបាលលើសារព័ត៌មានសេរី។
កន្លងមក រដ្ឋាភិបាលបានបិទសារព័ត៌មាន The Cambodia Daily ដែលជាសារព័ត៌មានប្រកាន់ជំហររិះគន់រដ្ឋាភិបាលអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ការផ្សាយរបស់វិទ្យុអាស៊ីសេរី និងហ្រ្វេកង់វិទ្យុជាង ៣០ ទៀត ដែលផ្សាយបន្តនូវកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី និងកម្មវិធីផ្សាយផ្សេងទៀត ដែលក្នុងនោះមានទាំងកម្មវិធីផ្សាយរបស់ VOA ផងដែរ។ គេឃើញមានពាក្យចចាមអារ៉ាមថាសារព័ត៌មាន The Phnom Penh Post នឹងត្រូវបិទក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែពាក្យចចាមអារ៉ាមនេះត្រូវបានសារព័ត៌មាននេះផ្ទាល់បដិសេធម្ដងហើយម្ដងទៀត។
នៅក្នុងស្ថានការណ៍នេះ ក្រុមហ៊ុននានាដែលមានគោលបំណងស្របតាមគំរូរបស់ចិននៃទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋដូចនេះ កំពុងតែងើបឡើងគ្របដណ្ដប់លើវិស័យសារព័ត៌មានទាំងមូលនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង VOA លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទោះបីជាព័ត៌មាននៃស្ថានីយទូរទស្សន៍ NICE TV នឹងផ្ដោតភាគច្រើនលើការកម្សាន្តក៏ដោយ ក៏ស្ថានីយទូរទស្សន៍នេះនឹងធ្វើការ «ដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីវិធីក្នុងការជំរុញឲ្យមានសេវាសាធារណៈល្អប្រសើរជាងមុន» ផងដែរ។
លោកបានបន្ថែមទៀតថា៖ «នេះគឺជាគោលបំណងដែលបង្កើតឲ្យមានស្ថានីយទូរទស្សន៍នេះឡើង។ ជាងនេះទៅទៀត គឺដោយសារតែក្រសួងមហាផ្ទៃមានកាតព្វកិច្ចធំចំពោះប្រជាពលរដ្ឋ ដោយសារតែក្រសួងមហាផ្ទៃមាននាយកដ្ឋាននគរបាលសម្រាប់ផ្នែកសន្តិសុខ និងនាយកដ្ឋានសេវាសាធារណៈសម្រាប់ផ្នែករដ្ឋបាល»។
VOA បានព្យាយាមសុំការបំភ្លឺពីទំនាក់ទំនងរបស់ក្រសួងមហាផ្ទៃជាមួយនឹងទូរទស្សន៍ NICE TV នេះ ប៉ុន្តែ មិនទទួលបានលទ្ធផលអ្វីនោះទេ។
លោក Jason Lui ទទួលស្គាល់ថា វាមិនងាយស្រួលនោះទេសម្រាប់ក្រុមហ៊ុនបរទេសមួយធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងរបស់រដ្ឋាភិបាលនោះ។ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ស្ថានីយទូរទស្សន៍ NICE TV គឺជាប្រតិបត្តិការឯកជនទាំងស្រុងមួយដែលជាអ្នកទទួលបានផលប្រយោជន៍ពីទំនាក់ទំនងរីកចម្រើនរវាងប្រទេសកម្ពុជា និងប្រទេសចិន។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ដោយសារយើងមកពីសហគ្រាសឯកជន ដូច្នេះហើយបានជារដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យយើងចូលមកវិនិយោគលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែ ប្រសិនបើយើងមកពីរដ្ឋាភិបាលចិនវិញ ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឲ្យយើងចូលមកវិនិយោគនៅក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះទេ»។
លោកបានបដិសេធមិនធ្វើការអត្ថាធិប្បាយផ្លូវការណាមួយនោះទេ អំពីថាតើរដ្ឋាភិបាលចិនមានឥទ្ធិពលណាមួយលើស្ថានីយទូរទស្សន៍នេះ ឬក៏យ៉ាងណានោះ៕
ប្រែសម្រួលដោយ ភី សុភាដា