សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា និង មជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ បានប្រកាសព្រមគ្នាថានឹងជួបប្រជុំ គ្នាដាក់ពាតិ ទាមទារឲ្យរដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករសំណង់ នៅក្រសួងចំនួនពីរ នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមមួយដែល VOA ទទួលបាននៅថ្ងៃនេះ។
ក្រសួងទាំងពីរនោះគឺមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រុមអង្គការទាំងពីរក្រុមគ្រោងនឹងដាក់ញ្ញត្តិជូននៅម៉ោង៩ព្រឹក ហើយនឹង ដាក់ញ្ញត្តិនៅ ម៉ោង១១ព្រឹក នៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការដាក់ញ្ញត្តិនេះត្រូវគេដឹងថាកើតឡើងក្រោយពេលដែលមានកម្មករសំណង់រាប់សិបនាក់ត្រូវស្លាប់និងរបួសដោយសារការបាក់រលំអគារ ៦ជាន់នៅខេត្តកែប ដែលមានមនុស្ស ស្លាប់ចំនួន៣៦នាក់ និង២៣នាក់រងរបួសកាលពីថ្ងៃ៣ ខែមករា និង មួយលើកទៀតនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា អគារកម្ពស់ប្រាំពីរជាន់ដែលកំពុងស្ថិតក្រោមការសាងសង់នេះបានបាក់រលំ និងបានសង្កត់សម្លាប់កម្មករសំណង់ដែលស្នាក់នៅទីនោះចំនួន២៨នាក់ និងកម្មកររងរបួស២៦នាក់។
នៅចុងឆ្នាំ២០១៩ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា ក្នុងខេត្តព្រះសីហនុ និងបន្ទាយមានជ័យ មានសំណង់ឥតច្បាប់ច្រើនជាងសំណង់មានច្បាប់។ លោកមិនបានបញ្ជាក់ថាសំណង់ទាំងនោះមានចំនួនប៉ុន្មានទេតែលោកបានប្រកាសថានឹងចាត់វិធានការផ្លូវច្បាប់លើម្ចាស់សំណង់ឥតច្បាប់ទាំងនោះ៕