ក្រុមអ្នកវិភាគអន្តរជាតិមួយចំនួន ដែលបានប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន និយាយថា ការបោះឆ្នោតនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ មិនបានតំណាងឲ្យឆន្ទះរបស់ប្រជាជន ក្រោយពីមានការហាមឃាត់គណបក្សប្រឆាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោតនោះ។
វាគ្មិនក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅឯអង្គការស្រាវជ្រាវ Heritage Foundation (ឬមូនិធិបេតិកភណ្ឌ) បាននិយាយថា សភាជាតិ ដែលមានគណបក្សតែមួយនោះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលចង់ឃើញប្រព័ន្ធពហុបក្សនៅក្នុងប្រទេសកម្ពុជានោះទេ។
លោក Lee Morgenbessor សាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្រ្តាលី បានប្រាប់អ្នកចូលរួមថា៖
«វាមិនតំណាងឲ្យអ្វីដែលហៅថាប្រជាធិបតេយ្យបែបពហុបក្សនោះទេ។ ខ្ញុំមានន័យថា នៅក្នុងប្រជាធិបតេយ្យបែបពហុបក្ស អ្នកមានសំឡេងរបស់គណបក្សប្រឆាំងនៅក្នុងសភា។ អ្នកនឹងត្រូវគេអនុញ្ញាតឲ្យជំទាស់ទៅនឹងអ្វីមួយដែលអ្នកមិនពេញចិត្តនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យបែបពហុបក្ស»។
វាគ្មិននៅឯវេទិកាដែលបានរៀបចំដោយមូលនិធិ Heritage Foundation និយាយថា រដ្ឋាភិបាលកម្ពុជាគួរតែកែលម្អរបៀបវារៈនយោបាយបច្ចុប្បន្នរបស់ខ្លួននេះ និងរួមបញ្ចូលសំឡេងរបស់គណបក្សប្រឆាំងនៅក្នុងស្ថាប័នប្រជាធិបតេយ្យរបស់កម្ពុជា។
អ្នកនាង Olivia Enos ដែលជាអ្នកវិភាគគោលនយោបាយនៅឯមជ្ឈមណ្ឌលសិក្សាអាស៊ីនៃមូលនិធិ Heritage Foundation បានប្រាប់ VOA ថា៖
«រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់សំឡេងនិងលំហ ឲ្យទៅគណបក្សប្រឆាំងផ្សេងៗទៀត។ ប៉ុន្តែ សំឡេងរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ននេះ គឺត្រូវបានបំបិទទាំងស្រុង»។
លោក អៀ សុផល ដែលជាសាស្ត្រាចារ្យនៅឯមហាវិទ្យាល័យ Occidental College នៅឯទីក្រុង Los Angeles បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលថ្មីគួរតែធ្វើការបន្ថែមទៀតដើម្បីសម្រេចបានការអភិវឌ្ឍដែលឲ្យផលដល់មនុស្សគ្រប់គ្នា។
លោកបានពន្យល់ថា៖
«ខ្ញុំគិតថា កំណែទម្រង់គួរតែធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចមានប្រសិទ្ធិផលកាន់តែខ្លាំង កាត់បន្ថយអំពើពុករលួយ។ ប្រសិនបើបច្ចុប្បន្ននេះអ្នកបានទទួលតំណែងរបស់អ្នកហើយ ហើយអ្នកមិនចង់បាត់បង់អ្វីដែលអ្នកមាននោះទេ អ្នកគួរតែគិតគូរពីការអភិវឌ្ឍប្រទេសជាតិ»។
អ្នកនាង Enos បាននិយាយថា រដ្ឋាភិបាលគួរស្តាប់សំឡេងរបស់ក្រុមអង្គការសង្គមស៊ីវិល និងប្រជាជនកម្ពុជា អំពីបញ្ហាសង្គមដូចជាវិសមភាពក្នុងប្រទេសកម្ពុជាជាដើម។
អ្នកនាងបានប្រាប់ថា៖
«ប៉ុន្តែកត្តានេះអាចកើតមានឡើងប្រសិនបើកំណែទម្រង់នឹងត្រូវធ្វើនៅកម្ពុជា។ ហើយកំណែទម្រង់នោះគួរតែផ្តល់សំឡេងទៅអង្គការសង្គមស៊ីវិល ប្រជាជនកម្ពុជា និងមន្រ្តីរដ្ឋាភិបាលមួយចំនួន ដែលនឹងមិនមានលំហនៃការបញ្ចេញមតិយោបល់»។
លោក Morgenbesser បានប្រាប់ VOA ថា សុចរិតភាព (ឬឯករាជ្យភាព) នៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គួរតែជាចំណុចស្នូលនៃការធ្វើកំណែទម្រង់សម្រាប់រដ្ឋាភិបាលថ្មី ប្រសិនបើពួកគេចង់ទទួលបានភាពជឿជាក់សារជាថ្មី។
លោកបានប្រាប់ថា៖
«ខ្ញុំគិតថា ពួកគេគួរតែអានអនុសាសន៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានផ្តល់ឲ្យកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មក អំពីការកែលម្អសុចរិតភាពនៃការបោះឆ្នោត ជាពិសេសជុំវិញបញ្ហាជាច្រើនដូចជាការចុះឈ្មោះបោះឆ្នោត និងការទិញសន្លឹកឆ្នោតជាដើម»។
អ្នកនាង Enos បាននិយាយថា ភាគីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គួរតែដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាប្តេជ្ញាអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
អ្នកនាង Enos បាននិយាយថា៖
«មិនមានលំហសម្រាប់សំឡេងប្រឆាំងទេ មានកន្លែងតិចតួចណាស់សម្រាប់សេរីភាពនៃការប្រមូលផ្តុំរបស់ប្រជាជនកម្ពុជាដើម្បីបញ្ចេញការយល់ឃើញរបស់ពួកគេ។ បញ្ហានេះគឺមិនអាចទទួលយកបានទេ។ ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីឆ្នាំ១៩៩១នោះ បានប្តេជ្ញាក្នុងការធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះការធានាឲ្យមានលិទ្ធិប្រជាធិបតេយ្យប្រសិនបើបានការដើរថយក្រោយ»៕