សភា​អនុម័ត​ច្បាប់​តិចតួច​ដោយ​សារ​វិបត្តិ​នយោបាយ

ព្រះ​​មហាក្សត្រ​​ខ្មែរ​​ធ្វើជា​អធិបតី​នៃ​​កិច្ច​ប្រជុំ​​សភា​​ដំបូង​​ដែល​មាន​​តែ​គណបក្ស​ប្រជាជន​កម្ពុជា​

ការ​ពិភាក្សា​ និង​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ ឬ​កិច្ចព្រមព្រៀងផ្សេងៗ​របស់​សភា​កម្ពុជា​នីតិកាល​ទី​៥​នេះ ​ហាក់​មិន​សូវ​សកម្មខ្លាំង​ដូច​អាណត្តិ​មុនៗ​ទេ។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ដែល​កំពុង​ឃ្លាំ​មើល​សកម្មភាពរបស់​រដ្ឋ​សភា។​

លោក​ម៉ី សុភក្រ័ត្តា​ ជំនួយ​ការ​ផ្នែក​អង្កេត​របស់​អង្គការ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ឬខំហ្វ្រែល​ (Comfrel) ដែល​បាន​ធ្វើ​ការ​អង្កេត​លើ​ដំណើរ​ការ​របស់​សភា​កម្ពុជា​ ថ្លែង​ថា​ សេចក្តីព្រាង​ច្បាប់​និង​កិច្ច​ព្រមព្រៀងដែល​ត្រូវ​បាន​អនុម័តនៅ​ដើម​អាណត្តិ​និតិកាលទី​៥​របស់​រដ្ឋសភា​នេះ​មាន​និន្នាការធ្លាក់​ចុះ​ បើ​ប្រៀប​ធៀបទៅ​នឹង​អាណត្តិ​មុនៗ។

«សម័យ​ប្រជុំ​នីតិកាល​ទី​៥​ហ្នឹង​នេះ ​ដូច​មិន​សូវ​មាន​ដំណើរ​ការ​ទេ ​ដូច​ជា​រង្វើលៗ​ដែរ។​ ​អាណត្តិមុន​ឃើញ​មាន​ការ​អនុម័ត​ច្បាប់​ច្រើន​ ប៉ុន្តែ​អាណត្តិ​នេះ​ គាត់​ប្រើ​រយៈ​ពេល​ដើម្បី​ពិភាក្សា​មក​ទល់​បច្ចុប្បន្ន​ យើង​ឃើញ​ថា​ មាន​តែ​ប៉ុន្មាន​ច្បាប់​ត្រូវ​បាន​អនុម័ត»។​

រដ្ឋ​សភា​នៃ​និតិកាល​ទី​៥​បាន​បើក​ទ្វារ​ជា​ផ្លូវ​ការកាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣។​ក៏​ប៉ុន្តែ​សភា​នេះ​គឺ​ជា​សភា​ឯកបក្ស ​ដោយសារ​មាន​តែ​សមាជិក​សភា​ចំនួន​៦៨​រូប​តែ​ប៉ុណ្ណោះ​បាន​ចូល​ប្រជុំ​ និង​ដឹក​នាំ​រដ្ឋ​សភា។ ​ដោយ​ឡែក​សមាជិក​សភា​ចំនួន​៥៥​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ពហិកា​កិច្ច​ប្រជុំ​សភា​ ដោយ​សារ​តែ​គណបក្ស​នេះ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ដែល​ខ្លួន​ចោទ​ប្រកាន់​ថា​ មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជា​ច្រើន។

មក​ត្រឹម​ខែ​មេសា​ឆ្នាំ​២០១៣​នេះ រដ្ឋសភា​កម្ពុជា​បាន​បើក​សម័យ​ប្រជុំ​បាន​២​លើក​និង​បាន​សម្រេច​អនុម័ត​សេចក្តីព្រាង​ច្បាប់​សរុប​ចំនួន​៨​ និង​ពិធីសារ​ចំនួន​៤​និង​អនុម័ត​កិច្ច​ព្រម​ព្រៀង​ចំនួន​១។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ខុមហ្រ្វិល​(Comfrel)ដែល​គិត​មក​ដល់​ខែ​មេសា​នេះ។​

ក្នុង​ចំណោមនោះ ​រដ្ឋ​សភា​បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ​ដូច​ជា​ច្បាប់​បង្កើត​ក្រសួង​ឧស្សាហ​កម្ម​ និង​សិប្បកម្ម ​ បង្កើត​ក្រសួង​មុខងារ​សាធារណៈ​ និង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៤​ និងច្បាប់​ស្តីពី​ផ្លូវ​ថ្នល់។​

ក្រៅពី​នេះ​ ក៏​មាន​ការ​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ និង​ពិធី​សារ​ស្តីពី​កិច្ច​ព្រម​ព្រៀងសេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​រវាង​កម្ពុជានិង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែរ​ ដូចជា​វៀតណាម​ ចិន​ ​និង​កូរ៉េ​ជាដើម។

លោកឈាង​ វុន ​ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​ សហ​ប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​រដ្ឋ​សភា​ ថ្លែងថា​ សភា​កម្ពុជា​នីតិកាល​ទី​៥​មានសកម្មភាព​សកម្ម។​

«រដ្ឋ​សភា​កម្ពុជា​ ពី​មួយ​អាណត្តិទៅ​មួយ​អាណត្តិសកម្ម​ជាង​មុន។​ សកម្ម​នេះ​គឺ​ដោយ​សារ​យើង​យល់​ថា ​តម្រូវ​ការ​ចាំ​បាច់​របស់​រដ្ឋសភា​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​លោក​យល់​ពី​អ្វី​ដែល​សភា​បាន​ធ្វើ ហើយ​សមាជិក​សភា​ពីមុន​ចាស់ៗ​ច្រើន​ ហើយ​ឥឡូវ​មាន​ក្មេងៗ​មក​ជំនួស​ខ្លះ»។​

សម្រាប់​រូប​លោក ច្បាប់​ស្តីពី​ការ​សម្រេច​អនុម័ត​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៤​ និង​ច្បាប់​ផ្លូវ​ថ្នល់ជា​ច្បាប់​សំខាន់។​

លោក​ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​សម្តែង​ការ​យល់​ស្រប​ដែរ​ថា​ ច្បាប់​ថិវកា​ជាតិ​ឆ្នាំ​២០១៤​ជា​ច្បាប់​សំខាន់​ ដោយសារ​ច្បាប់​នេះ​ទាក់ទង​ដំណើរការ​ដឹក​នាំ​ប្រទេសទាំងមូល។​ លោក​បន្ថែម​ថា ​ជា​រឿង​ធម្មតា​ នៅ​ពេល​ដែល​ប្រទេស​មួយ​ជួប​វិបត្តិ​ជាប់គាំង​នយោបាយ​ សភា​ដែល​មាន​តែ​មួយ​គណបក្ស​ចូលរួម​ តែង​តែ​បន្ថយ​ល្បឿន​ក្នុង​ការ​ពិភាក្សា​ ឬ​អនុម័ត​អ្វីៗ​ដែល​សំខាន់។​

«ភាព​ជាប់​គាំង​នយោបាយ​អញ្ចឹង ​ស្រុក​ណា​ដូច​ស្រុកណាដែរ ​រដ្ឋសភា​ហ្នឹង​ដើរ​អត់​ស្រួល​ទេ។​ ​តាម​ពិត​ទៅ​ រដ្ឋសភា​សព្វ​ថ្ងៃ​ហ្នឹង​អត់​មាន​លក្ខខណ្ឌ​ច្បាប់​ពេញ​លេញ​ទេ»។

សម្រាប់​លោក​ឡៅម៉ុង​ ហៃ ​រដ្ឋ​សភា​កម្ពុជា​គួរ​ពិចារណាតាមដាន​និង​ត្រួត​ពិនិត្យ​ច្បាប់​ដែល​ខ្លួន​បាន​អនុម័ត​ឲ្យ​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​ដោយ​ហេតុ​ថា​ កន្លង​មក​មាន​តែ​ច្បាប់​ តែ​មិន​សូវ​ឃើញ​មាន​ការ​អនុវត្ត។​

«ច្បាប់​ធ្វើ​១០​ឆ្នាំ​២០​ឆ្នាំ​ហើយ ​គេ​ពិនិត្យ​មើល​ថា ​រដ្ឋាភិបាល​អនុវត្ត​បាន​ត្រឹម​ត្រូវ​ឬមិន​ត្រឹម​ត្រូវ។​ ដូច​ច្បាប់​ដីធ្លី​មាន​បញ្ហា​ជាច្រើន។ គួរហៅ​រដ្ឋាភិបាល​ទៅ​សួរ។យើង​គិតថា ​ធ្វើ​ច្បាប់​ តែ​ការ​អនុវត្តយើង​អត់​គិត»។

របាយ​ការណ៍​របស់​(Comfrel)​ខាងលើ​បាន​ចាត់​ទុក​សភា​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​សភា​ឯកបក្ស ដែល​បង្កើត​ឡើង​ក្រោម​ការ​រិះគន់​ពី​សហគមន៍​ជាតិ​ ​អន្តរ​ជាតិ​ និង​ម្ចាស់​ឆ្នោត​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

ខុមហ្វ្រែល​បញ្ជាក់​ថា ​មូលហេតុ​នៃ​ការ​រិះគន់​ដោយ​សារ​រដ្ឋសភា​នេះ​មិន​មាន​ការ​ចូលរួម​ដោយ​តំណាង​រាស្រ្ត​ឲ្យ​គ្រប់​ចំនួន៕​