រដ្ឋសភា​អនុម័ត​ច្បាប់​ថ្មី​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ ​ក្រោយ​ចូល​បញ្ជី​ហានិភ័យ​ខ្ពស់​របស់​សហភាព​អឺរ៉ុប

រូបឯកសារ៖ ក្រដាសប្រាក់ ១០០ ដុល្លារ (ខាងលើ) និង​ក្រដាសប្រាក់ ១០០ ដុល្លារ (ខាងក្រោម) ដែលត្រូវបានបោះពុម្ពនៅកូរ៉េខាងជើង ត្រូវបានបង្ហាញដោយសមាជិកសភាកូរ៉េខាងត្បូងម្នាក់ នៅវិមានសភា ក្នុងទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៦។

រដ្ឋសភា​ដែល​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សម្រេច​អនុម័ត​ទាំងស្រុង​ដោយ​គ្មានកែប្រែ​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ​ទាក់​ទិន​នឹង​ការ​លាង​លុយ​កខ្វក់​ ដែល​ជា​កិច្ច​ព្យាយាម​ស្ដារ​ឈ្មោះរបស់​ប្រទេស ​បន្ទាប់​ពី​ប្រទេស​នេះ​ធ្លាក់​ចំណាត់​ថ្នាក់​ក្នុង​ក្របខណ្ឌ​វាយ​តម្លៃ​អន្តរជាតិ​នានា ​រយៈ​ពេល​ចុង​ក្រោយ​នេះ។​

ក្នុង​ការ​អនុម័ត​ដែល​ចំណាយ​ពេល​តែ​មួយ​ព្រឹក​ រដ្ឋសភា​បាន​យល់​ព្រម​សម្រេច​ឱ្យ​បន្ត​ទៅ​ព្រឹទ្ធ​សភា​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និង​ហិរញ្ញ​ប្បទាន​ភេរវកម្ម​ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញ​ប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ។​

ការ​សម្រេច​ ការ​តាក់តែង​ និង​ការ​អនុម័ត​ដោយ ​«ប្រញាប់»​ នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ឋានៈ​សុចរិត​ភាព​នៃ​ទីផ្សារ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា ​ត្រូវ​បាន​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (FATF)​ ចាត់​ចូល​ក្នុង​បញ្ជី​ប្រផេះ​ ដែល​ជា​សញ្ញា​អាសន្ន​កម្រិត​បង្គួរ​អំពី​ហានិភ័យ​នៃ​ការ​លាង​លុយ​កខ្វក់​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩។​

កាល​ពី​ដើម​ខែ​ឧសភា ​សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ «តតិយ​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់»​ ទាក់ទិន​នឹង​ការ​លាង​សម្អាត​ប្រាក់​នេះ​ផង​ដែរ។​

នៅ​រដ្ឋ​សភា​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៤​ ខែ​មិថុនា​ នេះ​ ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​មហា​ផ្ទៃ​ដែល​ជា​តំណាង​រដ្ឋាភិបាល​ការពារ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ ​បាន​ឡើង​ថ្លែង​សេចក្ដី​ថ្លែង​ហេតុ​យ៉ាង​ដូច្នេះ​ថា៖​

«សម្រាប់​កម្ពុជា​របស់​យើង​ យើង​មិន​ទាន់​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំង​ឡាយ​ ដែល​តម្រូវ​ដោយ​អង្គការ​នេះ​ មាន​ទេ។​ ពេល​ខ្លះ​ក៏​បាន​វាយតម្លៃ​ថា​ យើង​ខិត​ខំ​ប្រឹង​ប្រែង។​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​បាន​វាយ​តម្លៃ​ថា ​យើង​នៅ​ខ្វះ​ខាត​ ហើយ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ។​ នេះ​ជា​បញ្ហា»។​

លោក ​ស ខេង ​បន្ថែម​ថា​ ការតាក់តែង​ឡើង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ទាំងពីរ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​តម្រូវ​តាម ​លក្ខខណ្ឌ​នៃ​ការ​តម្រូវ​របស់​ក្រុម​ប្រទេស​អាស៊ី​បាស៊ីហ្វិក​ស្ដីពី​ការ​សម្អាត​ប្រាក់​ (APGML)​ និង​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញ​វត្ថុ ​(FATF)។​ យោង​តាម​ខ្លឹមសារ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ​ រដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​ បាន​ទទួល​សិទ្ធិ​អំណាច ​ក្នុង​ការ​បង្កក​ការ​ឃាត់ទុក ​និង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​នានា ​ដែល​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព «ភេរវ​កម្ម» ​ការ​លាង​សម្អាត​លុយ​កខ្វក់ ​និង​ការ​រីកសាយ​ភាព​នៃ​អាវុធ​មហា​ប្រល័យ។​

បើ​តាម​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​លាង​សម្អាត​ប្រាក់​ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម ដែល​គ្រប​ដណ្ដប់​ទៅ​លើ​ស្ថាប័ន​ហិរញ្ញ​វត្ថុ ​ ភ្នាក់ងារ​អចលន​ទ្រព្យ ​និង​បណ្ដា​អង្គភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង ​នោះ​ ​ជន​លើ្មស​ពាក់​ព័ន្ធ​ការ​សម្អាត​ប្រាក់​ អាច​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ ៥ ​ឆ្នាំ។​ ចំណែក​ជន​ល្មើស​ទាក់ទង​ហិរញ្ញ​ប្បទាន​ភេរវកម្ម​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ ២០ ​ឆ្នាំ។​

លោកស្រី ​ឡោក ខេង​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ​មាន​ប្រសាសន៍​ថា​ ការ​តាក់​តែង​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ​ «មិន​មែន​ជា​ការ​ផ្គាប់​ចិត្ត​បរទេស»​ នោះ​ទេ តែ​ថា​ ការ​កែកុន​ច្បាប់​ផ្អែក​លើ​ការ​វាយ​តម្លៃ​ពី​ខាង​ក្រៅ ​ក៏​ជួយ​ពង្រឹង​ប្រសិទ្ធ​ភាព​រដ្ឋាភិបាល​ដែរ។​

«នាង​ខ្ញុំ​យល់​ថា​ បើ​គេ​ដាក់​យើង​ម្ដង​ គឺ​យើង​រឹង​មាំ​ម្ដង ​គឺ​ធ្វើ​ឱ្យ​ច្បាប់​យើង​កាន់​តែ​មាន​សុក្រឹត​ភាព ​ ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​យើង​កាន់​តែ​រឹងមាំ ​សេដ្ឋកិច្ច​យើង​កាន់​តែ​មាន​ភាព​ធន់ ​និង​ចីរភាព»។

ប៉ុន្តែ​នៅ​ចំ​កណ្ដាល​នៃ​ការ​ពិភាក្សា ​លោក ​ឈាង វុន​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង​ លើក​ឡើង​ដោយ​ទាញ​ចូល​នូវ​ករណី​ដែល​លោក​ថា​ រដ្ឋាភិបាល ​និង​ប្រទេស​កំពុង​រងគ្រោះ​ពី​ការ​គំរាម​កំហែង​នៃ​ការ​បង្ក​សកម្ម​ភាព​«ភេរវកម្ម​សេដ្ឋកិច្ច» ​និង​ «ភេរវ​កម្ម​នយោបាយ»​ ពី​សំណាក់​បណ្ដា​អ្នក​នយោបាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស។​

«ហិរញ្ញ​ប្បទាន​ដែល​យក​មក​ប្រើ​ ក្នុង​កម្មវិធី​នយោបាយ​ដើម្បី​ដណ្ដើម​អំណាច​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត ​អំពើ​ភេរវ​កម្ម​នេះ ​គឺ​ធ្ងន់ធ្ងរ​មែន​ទែន​ហើយ​គេ​មិន​ដែល​សណ្ដោស​ទេ ​ប្រទេស​ណា​ដូច​ប្រទេស​ណា។​ យើង​មាន​ភាព​ទន់​ភ្លន់រហូត​មក​ដល់​ពេល​នេះ​មាន​ការ​អត់​ធ្មត់។ ​ក៏​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ភ្លេច​ខ្លួន​ដែរ»។

រូបឯកសារ៖ បុរស​ម្នាក់​បរ​ម៉ូតូ​កាត់​មុខ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

មេ​ដឹកនាំ​បក្ស​ជំទាស់ ​លោក​ សម រង្ស៊ី​ ថ្មីៗ​នេះ ​ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ថ្លែង​មិន​ចំ​ឈ្មោះ​ថា​ ផ្ដួច​ផ្ដើម​គំនិត​ចង់​ធ្វើ​ «វិទ្ធង្សនា​សេដ្ឋកិច្ច»​ តាម​រយៈ​ការ​អំពាវ​នាវ​ថ្មីៗ​នេះ​របស់​លោក ​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​កូវីដ១៩​ ផ្អាក​ឈប់​បង់​ប្រាក់​សំណង​ទៅ​ធនាគារ​ពាណិជ្ជ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ ​លោក​ ហ៊ុន សែន​ ចោទ​ប្រកាន់​ថា ការ​ធ្វើ​ដូច្នេះ​ គោល​បំណង​ចង់​ឱ្យ​ទីផ្សារ​ហិរញ្ញ​វត្ថុ​ដួល​រលំ ​ងាយ​ស្រួល​កៀរគរ​មហា​ជន​ផ្ដួល​រំលំ​រដ្ឋាភិបាល។​

លោក ​សេរី កុសល​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយ​មានជ័យ ​បាន​ឡើង​មាន​យោបល់​ចោទ​សួរ​ទៅ​លើ​កម្មវត្ថុ​ «នយោបាយ»​ នៃ​ស្ថាប័ន​វាយ​តម្លៃ​ ដែល​បាន​ចាត់​កម្ពុជា​ជា​ប្រទេស​ «ប្រផេះ»។

«មាន​អ្នក​ចាំ​វាយ​យើង​គឺ​ដង្កូវ​គឺ​ជាជាតិ​យើង​ក៏​មាន​ ជា​បរទេស​ក៏​មាន។​ អ៊ីចឹង​ហើយ​នេះ​ គេ​ចាំ​តែ​ឆ្លៀត​ឱកាស​ ហើយ​នេះ ​ខ្ញុំ​បាន​ឮ​ហើយ​ របាយ​ការណ៍​ម្ដង​ដាក់​យើង​ខ្មៅ ​ម្ដង​ដាក់​ប្រផេះ​ប្រផេះ​ដែល​ថា​ វា​ខ្វះ​នេះ​ វា​ខ្វះ​នោះ។​ សូម​សំណូម​ពរ​ស្ថាប័ន​ពាក់​ព័ន្ធ​ ថា ​អ្នកណា​ដែល​ទទួល​ខុស​ត្រូវ​ខាង​ហ្នឹង​ គណៈ​កម្មការ​អឺរ៉ុប ​ព្រោះ​ពួក​ហ្នឹង​មិន​ដែល​មាន​គំនិត​ល្អ​ជាមួយ​យើង​ទេ។ ​តែ​នេះ​ជា​កិច្ច​សហការ​ សូម​សួរ​ឱ្យ​ច្បាស់​ថា​ នៅ​ខ្វះ​ស្អី​ទៀត? តិច​ច្បាប់​នេះ​ចេញ​ហើយ​ប្រផេះ។ ​ផុត​តែ​មួយ​សន្ទុះ ​ជិត​បោះ​ឆ្នោត ​ខ្មៅ។ អា​នេះ​ត្រូវ​តែ​ប្រយ័ត្ន​នូវ​ករណី​មួយ​ដែល​ដឹង​ហើយ​ថា​ អមិត្ត​ តែងតែ​រក​នូវ​កត្តា​នេះ»។​

លោក​ Daniel Ferrie ​អ្នក​នាំ​ពាក្យ​លើ​កិច្ចការ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ នៃ​គណៈ​កម្មការ​អឺរ៉ុប​ដែល​ជា​ស្ថាប័ន​នីតិ​ប្រតិបត្តិ ​នៃ​សហភាពអឺរ៉ុប ប្រាប់ ​VOA​ តាម​សារ​អេឡិចត្រូនិច ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការណ៍​ដែល​កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​មិន​ល្អ​រឿង​ការ​លាង​សម្អាត​ប្រាក់​កខ្វក់​នេះ ​គឺ​ដោយ​សារ​តែ​កម្ពុជា​មាន​កង្វះ​ប្រសិទ្ធ​ភាព​ជា​យុទ្ធសាស្ត្រ​នៃ​សកម្មភាព​ត្រួត​ពិនិត្យ​សុចរិត​ភាព​ហិរញ្ញ​វត្ថុ ​និង​ចរាចរណ៍​សាច់​ប្រាក់​ចេញ​ចូល​ប្រទេស។​

បញ្ហា​ប្រឈម​នៃ​ការ​លាង​សម្អាត​ប្រាក់​នៅ​កម្ពុជា ​មាន​ ៣​ ធំៗ​ រួម​មាន​ការ​គេច​វេស​ពន្ធ ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ការ​មាន​ប្រភព​មិន​ច្បាស់​លាស់នៃ​ទឹក​ប្រាក់​មួយ​ផ្នែក​ ដែល​ត្រូវ​បាន​បញ្ចូល​យក​មក​វិនិយោគ​នៅ​កម្ពុជា។ ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក ​ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។​

លោក​បន្ត​ថា​ ការ​តាក់​តែង​ច្បាប់​នេះ​មិន​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់​ប្រមូល​ធាតុ​ចូល​ ពី​សំណាក់​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​នានាទេ​ ព្រោះ​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចាត់​ទុក​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ជា​ «ឯកសារ​ផ្ទៃ​ក្នុង»។

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​មាន​ការ​ចូល​រួម​ផ្ដល់​ធាតុ​ចូល​ឱ្យ​កាន់​តែ​ទូលំទូលាយ​ គឺ​ជា​ការ​ប្រសើរ ​ព្រោះ​យើង​អាច​ផ្ដល់​ធាតុ​ចូល​លក្ខណៈ​ស្ថាបនា ​ធ្វើ​ឱ្យ​ច្បាប់​ហ្នឹង​ត្រូវ​ទៅ​នឹង​ស្ដង់ដារ​អន្តរជាតិ​ ហើយ​ដែល​ខាង​សហភាព​អឺរ៉ុប ​និង​ខាង ​FATF​ ហ្នឹង ​គេ​អាច​ទទួល​យក​បាន​ព្រោះ​យើង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អនុសាសន៍​របស់​គេ​ហ្នឹង»។​

ដោយ​ឡែក ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញ​ប្បទាន​ដល់​ការ​រីក​សាយ​ភាយអាវុធ​មហា​ប្រល័យ ​ដែល​រដ្ឋសភា​អនុ​ម័ត​យល់ព្រម​នៅព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​ ត្រូវ​បាន​តំណាង​រដ្ឋាភិបាល​លើក​ឡើង​ថា​ ​ជា​ឧបករណ៍​ច្បាប់​សម្រួល​ដល់​ការ​អនុវត្ត​វិធានការ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ទាក់​ទិន​អាវុធ​មហា​ប្រល័យ។​

ការ​តាក់​តែង​ច្បាប់​ប្រឆាំង​ហិរញ្ញ​ប្បទាន​ដល់​ការ​រីក​សាយ​ភាព​អាវុធ​មហា​ប្រល័យ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​សម្រេច​អនុវត្ត​យ៉ាង​សន្ធាប់​កាល​ពី​ឆ្នាំ​កន្លង​ទៅ ​ក្នុង​ការ​បិទ​និង​បង្ក្រាប​លើបណ្ដា​មុខ​ជំនួញ ​និង​ចរាចរណ៍​សាច់ប្រាក់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​ដែល​មាន​សកម្មភាព​នៅ​កម្ពុជា។​

ប្រទេស​កូរ៉េ​ខាងជើង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​ កាល​ពី​ឆ្នាំ ​២០១៧ ​ទាក់​ទិន​នឹង​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​អន្តរជាតិ។​

ក្នុង​របាយ​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី ​២០​ ខែ​មករា​ ឆ្នាំ ​២០២០​ ផ្ញើ​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​នេះ​ ​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​ អ.ស.ប. ​បាន​រាយ​ការណ៍​ថា ​ ​អាជ្ញាបណ្ណ ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េខាង​ជើង​ចំនួន ​១១ ​ត្រូវ​បាន​លុបចោល ​និង​បិទ​ដំណើរការ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ហើយ​មាន​ភោជនីយដ្ឋាន​ចំនួន​៨​ ដែល​ពាក់ព័ន្ធ​កូរ៉េ​ខាងជើង​ ក៏​ត្រូវ​បាន​បិទ​ទ្វារ​ផង​ដែរ។​

ដោយ​ឡែក​សារៈ​មន្ទីរ​អង្គរ​ប៉ាណូរ៉ាម៉ា​ នៅ​សៀមរាប ​ដែល​សង់​ដោយ​កូរ៉េខាងជើង​ក៏​ត្រូវ​បិទ​ដំណើរការ​ផង​ដែរ៕