កំណត់និពន្ធ៖ លោកបណ្ឌិត David Chandler គឺជាប្រវត្តិវិទូជនជាតិអាមេរិកាំងមួយរូប ដែលបានចំណាយពេលវេលាយ៉ាងច្រើននៅប្រទេសកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា។ នៅចន្លោះឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៩៩ លោកបានសរសេរ និងបោះពុម្ពផ្សាយសៀវភៅអំពីប្រវត្តិសាស្ត្រខ្មែរចំនួន៥ក្បាល។ បន្ទប់ការិយាល័យមួយនៅក្នុងអាគារស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានដាក់ឈ្មោះរបស់លោក ដើម្បីផ្តល់ជាកិត្តិយសដល់លោកថែមទៀតផង។ បច្ចុប្បន្ននេះ លោកគឺជាសាស្ត្រាចារ្យកិត្តិយសដែលចូលនិវត្តន៍ពីសាកលវិទ្យាល័យ Monash University និងកំពុងស្នាក់នៅក្នុងប្រទេសអូស្តា្រលី។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ដោយផ្ទាល់រវាងកញ្ញាហុង ចិន្តា នៃ VOA ជាមួយនឹងលោកបណ្ឌិត David Chandler ស្តីអំពីបទពិសោធន៍ ចំណាប់អារម្មណ៍ និងទស្សនៈរបស់លោកទៅលើប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជាដូចតទៅ៖
Your browser doesn’t support HTML5
លោកបានសរសេរសៀវភៅចំនួន៥ក្បាលអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសកម្ពុជា។ តើលោកជម្រាបបន្តិចបានទេថា តើហេតុដូចម្តេចទើបបានជាលោកចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្តរបស់កម្ពុជា?
នៅពេលដែលខ្ញុំទៅដល់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៦០ ខ្ញុំគឺជាមន្ត្រីក្រសួងការបរទេសមួយរូប។ ខ្ញុំបានរៀនភាសាខ្មែរ មុនចាកចេញទៅកម្ពុជា។ ខ្ញុំបានធ្វើដំណើរកំសាន្តជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា និងស្គាល់មិត្តភក្តិជនជាតិខ្មែរជាច្រើន។ ខ្ញុំពិតជាសប្បាយរីករាយនឹងរស់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏ត្រូវទៅបំពេញបេសកកម្មនៅអាមេរិកខាងត្បូងរយៈពេល២ឆ្នាំក្រោយមក ប៉ុន្តែខ្ញុំមិនសប្បាយរីករាយនឹងនៅទីនោះ ដូចពេលដែលខ្ញុំនៅប្រទេសកម្ពុជានោះទេ។ ការងារចុងក្រោយបង្អស់ដែលខ្ញុំបានធ្វើជាមួយនឹងក្រសួងការបរទេសអាមេរិកគឺបង្រៀនដល់មន្ត្រីការបរទេសដែលត្រៀមចាកចេញទៅបំពេញការងារនៅតំបន់អាស៊ីអាគ្នេយ៍។ នៅពេលនោះហើយដែលខ្ញុំដឹងថា ខ្ញុំចូលចិត្តបង្រៀន។ ដូច្នេះហើយខ្ញុំបានសម្រេចចិត្តឈប់ធ្វើជាមន្ត្រីនៃក្រសួងការបរទេសអាមេរិកនៅឆ្នាំ១៩៦៦ និងបានចាប់ផ្តើមរៀនបន្តថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Yale University។
បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាកលវិទ្យាល័យ University of Michigan វិញ។ នៅទីនោះខ្ញុំបានរៀនមុខជំនាញប្រវត្តិវិទ្យា និងបានសរសេរនិក្ខេបបទបញ្ចប់ការសិក្សារបស់ខ្ញុំស្តីពីប្រទេសកម្ពុជាមុនសម័យអាណានិគមបារាំង។ មិនធ្លាប់មាននរណាសរសេរអំពីប្រវត្តិសាស្ត្រនៅសម័យនោះទេ មិនថាជាភាសាខ្មែរ ឬភាសាបរទេសឡើយ។ នៅឆ្នាំ១៩៧០ ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីសិក្សាពីប្រវត្តិសាស្ត្រខ្មែរនៅសតវត្សរ៍ទី១៩ ពីប្រភពឯកសាររបស់ថៃមកវិញ។ បន្ទាប់ពីខ្ញុំបានបញ្ចប់និក្ខេបបទបញ្ចប់ការសិក្សារបស់ខ្ញុំ ខ្ញុំក៏ត្រឡប់មកប្រទេសអូស្ត្រាលី។ ហើយក៏ខ្ញុំសរសេរអត្ថបទពីប្រទេសកម្ពុជាសម័យមុនអាណានិគមនិយមបារាំង។ នៅឆ្នាំ១៩៧៧ ខ្ញុំក៏ធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីសរសេរអំពីរបបខ្មែរក្រហម។ នៅឆ្នាំ១៩៨៣ ខ្ញុំបានបោះពុម្ភសៀវភៅរបស់ខ្ញុំដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រខ្មែរ»។ នៅឆ្នាំ១៩៨៤ ខ្ញុំបានទៅសម្ភាសការងារធ្វើជាមន្ត្រីនៃគណៈកម្មាធិការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ព្រោះពេលនោះអង្គការសហប្រជាជាតិចង់ពិនិត្យតាមដានជនភៀសខ្លួននៅជំរុំ ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ក្រោយមកខ្ញុំក៏សរសេរសៀវភៅអំពីប្រវត្តិសាស្ត្រកម្ពុជាជាបន្តបន្ទាប់រហូតបានចំនួន៥ក្បាល។
តើផ្នែកណាមួយនៃប្រវត្តិសាស្រ្តសម័យទំនើបរបស់កម្ពុជាដែលលោកចាប់អារម្មណ៍ខ្លាំងបំផុត?
ខ្ញុំចំណាយពេលវេលាច្រើនបំផុតរបស់ខ្ញុំសិក្សាស្រាវជ្រាវទៅលើរបបខ្មែរក្រហម។ ខ្ញុំនៅតែចាប់អារម្មណ៍ចង់ដឹងថា តើរបបខ្មែរក្រហមកើតឡើងយ៉ាងដូចម្តេច? ហេតុអ្វីបានជាពួកខ្មែរក្រហមប្រព្រឹត្តអំពើអស់ទាំងនោះ? ពួកគេអស់ទាំងនោះមានស្មារតីអាត្មានិយម។ ខ្ញុំក៏ចាប់អារម្មណ៍នឹងសម័យ លន់ នល់ ដែរ។ ប៉ុន្តែខ្ញុំនឹងមិនទៅសិក្សាស្រាវជ្រាវអ្វីបន្ថែមលើរបបនេះនោះទេ។ ប៉ុន្តែខ្ញុំចង់ដឹងថា តើអ្នកផ្សេងទៀតនឹងសរសេរយ៉ាងដូចម្តេចអំពីរបបនេះ។
ខ្ញុំបានដឹងច្រើនអំពីប្រទេសកម្ពុជាក្នុងសម័យអាណានិគមនិយមបារាំង។ ខ្ញុំគិតថា ប្រហែលជាមានមនុស្សជាច្រើនកំពុងតែសិក្សាស្រាវជ្រាវបន្ថែមទៅលើសម័យនោះ ហើយបណ្ណសារដ្ឋានជាតិកម្ពុជានៅរាជធានីភ្នំពេញ ក៏មានឯកសារជាច្រើនពាក់ព័ន្ធនឹងសម័យនេះផងដែរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនៅពេលនេះ គឺដំណើរវិវឌ្ឍន៍នៃសម័យព្រះរាជាឡើងគ្រងរាជសម្បតិ្ត។ សម័យបុរេប្រវត្តិខ្មែរក៏គួរឲ្យចាប់អារម្មណ៍ណាស់ដែរ។ បន្ថែមពីលើនេះទៀត ខ្ញុំក៏ចាប់អារម្មណ៍នឹងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
បន្ទាប់ពីលោកបានបោះពុម្ពផ្សាយសៀវភៅរបស់លោកទាំង៥ក្បាលអំពីប្រវត្តិសាស្រ្តរបស់ខ្មែរក្នុងសម័យទំនើប តើមានប្រតិកម្មយ៉ាងដូចម្តេចខ្លះពីសំណាក់មហាជន និងរាជរដ្ឋាភិបាល?
ខ្ញុំមានសំណាងណាស់ជាមួយនឹងសៀវភៅរបស់ខ្ញុំដែលបានបោះពុម្ភផ្សាយ។ សៀវភៅទាំងនោះនៅតែលក់ដាច់មួយចំនួនជារៀងរាល់ឆ្នាំ ហើយសៀវភៅទាំងនោះក៏មានប្រែសម្រួលជាភាសាខ្មែរផងដែរ។ បន្ទាប់ពីបានបោះពុម្ពផ្សាយសៀវភៅទាំងនោះ ជនជាតិបារាំង អង់គ្លេស និងជាតិសាសន៍ដដៃទៀត ក៏បានអានសៀវភៅទាំងនោះដែរ ហើយពួកគេវាយតម្លៃល្អទៅលើសៀវភៅរបស់ខ្ញុំ។ សៀវភៅរបស់ខ្ញុំត្រូវបានប្រែសម្រួលជាភាសាខ្មែរកាលពីឆ្នាំ២០០៥ ហើយលក់ដាច់បានយ៉ាងច្រើនជាមួយនឹងតម្លៃដ៏ថោក។ លោក ហ៊ុន សែន ក៏បានអានវាដែរ។ លោកនិយាយថា លោកបានអានវា ហើយលោកនិយាយថា សៀវភៅនោះល្អ ប៉ុន្តែវាត្រឹមត្រូវបានតែ៨០ភាគរយប៉ុណ្ណោះ។
តើអ្វីជា២០ភាគរយដែលលោក ហ៊ុន សែន យល់ថាមិនត្រឹមត្រូវនោះ?
មិនមែនចំណុចដែលខ្ញុំនិយាយអំពីលោក ហ៊ុន សែន នោះទេ។ ខ្ញុំគិតថា ត្រង់ចំណុចដែលខ្ញុំបានសរសេរពីភាពសាហាវឃោរឃៅរបស់វៀតណាមនៅកម្ពុជាក្នុងសម័យនោះ។ ចំណុចទី២នោះ គឺកន្លែងដែលខ្ញុំនិយាយមិនសូវត្រូវពីលោក ប៉ុល ពត។ ខ្ញុំសរសេរថា លោក ប៉ុល ពត រៀនបានមធ្យមនៅបារាំង។ ប៉ុន្តែតាមពិត បើធៀបជាមួយនឹងប្រព័ន្ធសិក្សាបែបអង់គ្លេស កម្រិតនេះគឺខ្លាំងជាងកម្រិតមធ្យម។ ចំណុចទី៣នោះគឺ ខ្ញុំបានទៅតាមដាននៅសាលាក្តីខ្មែរក្រហម។ ៥ថ្ងៃក្រោយមក ខ្ញុំបានទៅផឹកកាហ្វេនៅហាងមួយ ហើយបានជួបជាមួយនឹងមេធាវីជនជាតិហូរឡង់ម្នាក់។ គាត់បានប្រាប់ខ្ញុំថា អ្វីដែលលោក នួន ជា និងអ្វីដែលសាក្សីរបស់ នួន ជា និយាយនៅក្នុងសាលាក្តីគឺជារឿងត្រឹមត្រូវ។
កាលពីឆ្នាំ២០០៧ លោកបណ្ឌិតបានផ្តល់បទសម្ភាសន៍មួយដល់ New Mandala។ នៅក្នុងបទសម្ភាសន៍នោះ លោកបានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជានៅតែមិនត្រូវបានគេបង្រៀននៅតាមសាលារៀនក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយលោកលើកឡើងថា ពីព្រោះវាគឺជារឿងដ៏ចម្រូងចម្រាស។ ប្រសិនបើលោកជាអ្នករៀបចំកម្មវិធីសិក្សានៅតាមសាលារៀននៅកម្ពុជា តើចំណុចណាខ្លះនៃប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្មែរ ដែលលោកចង់ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំងនោះ?
ខ្ញុំគិតថា អ្នកមិនគ្រាន់តែបង្រៀនអំពីសម័យអង្គរ និងសម័យសម្តេចនរោត្តម សីហនុនោះទេ ពីព្រោះកម្ពុជាមិនមែនមានតែសម័យអង្គរ និងសម័យសម្តេចនរោត្តម សីហនុជាប្រវត្តិសាស្ត្រនោះទេ។ ចំណែកឯរបបខ្មែរក្រហមវិញ មិនមានបង្រៀននៅតាមសាលាទាល់តែសោះ។ អ្នកអាចទុកសៀវភៅរបស់ខ្ញុំជាគំរូមួយ។ សរសេរសៀវភៅអំពីប្រវត្តិសាស្ត្រកម្ពុជាបន្ថែមទៀតឲ្យច្រើនជាងអ្វី ដែលខ្ញុំបានសរសេរនៅក្នុងសៀវភៅរបស់ខ្ញុំ។ សរសេរសៀវភៅបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជានៅទសវត្សរ៍១៩៥០ ទសវត្សរ៍១៩៦០ និង១៩៧០។ មានរឿងធំៗជាច្រើនដែលកើតឡើងនៅពេលនោះ។ ខ្ញុំគិតថា កូនខ្មែរគួរតែដឹងអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យអាណានិគមនិយមបារាំង ដូចដែលខ្ញុំបានសរសេរក្នុងសៀវភៅរបស់ខ្ញុំ អ្វីដែលពួកបារាំងបានព្យាយាមធ្វើ ហេតុអ្វីបានជាពួកគេល្អ ហើយហេតុអ្វីបានជាពួកគេមិនល្អ។ ថ្វីដ្បិតតែមិនកើតក្នុងសម័យនោះក៏ពិតមែន ប៉ុន្តែអ្នកអាចបង្រៀនពីប្រវត្តិសាស្ត្រក្នុងសម័យនោះបាន។ អ្នកគ្រាន់តែត្រូវប្រុងប្រយ័ត្នបន្តិចតែប៉ុណ្ណោះ៕