បណ្ណាល័យ​ចល័ត​ជួយ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​អាន​ដល់​កុមារ​កម្ពុជា​

បណ្ណាល័យ​ចល័ត​នេះ​គឺ​ជា​កម្មវិធី​មួយ​របស់​អង្គការ​ស៊ីប៉ា​​។

ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល៖ ដោយ​សង្កេត​ឃើញ​ថា ​កុមារ​ខ្មែរ​ជាទូទៅ​នៅ​មិន​ទាន់​មាន​ទម្លាប់​អាន​សៀវ​ភៅ​នៅ​ឡើយ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយកំពុង​ព្យាយាម​ផ្លាស់ប្តូរ​ទម្លាប់​នេះ​តាម​រយៈ​កម្មវិធី​នេះ។​
ពី​មុន ​កុមារី​ លាង សក្ខណា​មិន​ដែល​មាន​ទម្លាប់​អាន​សៀវភៅ​ទេ។​ ប៉ុន្តែ​សិស្ស​ថ្នាក់​ទី​៥​ អាយុ​១១​ឆ្នាំ​នេះ​ថ្លែង​ថា ​ពេលនេះ​នាង​បាន​ងាក​មក​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អាន​សៀវភៅ​វិញ​ បន្ទាប់​ពី​មាន​រថយន្ត​ដែល​ផ្ទុក​ដោយ​សៀវភៅ​និង​សម្ភារៈ​សិក្សា​ដ៏​គួរ​ឲ្យ​ទាក់​ទាញ ​បាន​មក​ដល់​ភូមិ​របស់​នាងក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្ត​កណ្តាល​នេះ ​ជា​រៀង​រាល់​សប្តាហ៍។​

សក្ខណា​ និង​កុមារ​ជា​ច្រើន​ទៀត​នៅក្នុង​ភូមិ​នេះ​តែងតែ​មកអាន​និង​ខ្ចីសៀវភៅ​ពី​ «បណ្ណាល័យ​ចល័ត»​នេះ។​
«ព្រោះ​សៀវភៅ​ផ្តល់​ការ​យល់ដឹង​ដល់​ខ្ញុំ។ ​ដូច​ពេល​ខ្ញុំ​មើល​សៀវភៅ​រឿង​ភ្នំ​អញ្ចឹង​ ខ្ញុំ​បាន​ដឹង​ថា​ ភ្នំ​ហ្នឹង​វា​យ៉ាង​ម៉េច​ មក​ពីណា​អ​ញ្ចឹង។ ​ពីមុខ​ខ្ញុំ​មិន​សូវ​យល់​ដឹង​ប៉ុន្មាន​ទេ ​ដល់​ពេល​បណ្ណាល័យ​ចល័ត​ហ្នឹង​មក​អញ្ចឹង​ ខ្ញុំ​ច្រើន​អាន​ស្ទាត់»។​

បណ្ណាល័យ​ចល័ត​នេះ​គឺ​ជា​កម្មវិធី​មួយ​របស់​អង្គការ​ស៊ីប៉ា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០០​ដើម្បី​ជំរុញ​ការ​អាន​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ ជាពិសេស​គឺ​កុមារ​តែ​ម្តង។​
មាន​សៀវភៅ​រឿង​និទាន​ផ្នែក​កុមារ​ រឿង​ប្រលោមលោក ​រឿង​ប្រជាប្រិយ​ខ្មែរ​ និង​សម្ភារៈ​ក្មេង​លេង​ជាច្រើន​ទៀត ​នៅ​ក្នុងបណ្ណាល័យ​ចល័ត​នេះ។​

លោក ​សុខ គុណ​គឺជា​បណ្ណារក្ស​នៃ​បណ្ណាល័យនេះ។​
«កម្ម​វិធី​ហ្នឹង​គឺវា​មាន​ផល​ប្រយោជន៍​ច្រើន។ ​ទី១ ​យើង​បាន​ផ្តល់​ផល​ប្រយោជន៍​នៃ​ការ​អាន​ហ្នឹង​ទៅ​ដល់​កុមារ​មួយ​ចំនួន។ ​ឧទាហរណ៍​ថា ​ក្មេង​មិន​ប្រាកដ​ថា​ វា​ទៅ​រៀន​នៅ​សាលា​ វា​នឹង​ចេះ​អាន​ទេ​ ហើយ​ថា​ វា​ថ្នាក់​ខ្ពស់​ មិន​ប្រាកដ​ថា ​ការ​អាន​របស់​វា​ហ្នឹង​ល្អ​ដែរ។​ អញ្ចឹង​ បណ្ណាល័យ​ចល័ត​របស់​ខ្ញុំ ​ពេល​ដែល​ចុះ​ទៅ​ធ្វើ​ការ​ហ្នឹង​គឺ​បំពេញ​ការ​អាន​របស់​វា​ នៅ​ពេល​ដែល​វា​ទំនេរ​ពីរៀន​ហ្នឹង​គឺ​ដើម្បី​បង្កើន​ចំណេះ​របស់​វា​មួយ​ផ្នែក​ទៀត»។​

បច្ចុប្បន្ន ​អង្គការ​ស៊ីប៉ា​មាន​បណ្ណាល័យ​ចល័ត​បែប​នេះ​ចំនួន​៨ ​ដែល​កំពុង​ផ្តល់​សេវា​កម្ម​ដោយ​ឥតគិត​ថ្លៃ​ដល់​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​តាកែវ។​
លោក​ហុក សុទ្ធិ​គឺ​ជា​នាយក​អង្គការ​នេះ​ប្រចាំ​នៅ​កម្ពុជា។​

«សេវា​បណ្ណាល័យ​ចល័ត​ហ្នឹង​គឺ​ជា​សេវា​មួយ​ដែល​ជំនួស​ឲ្យ​សេវា​បណ្ណាល័យ​សាធារណៈ​ ដែល​យើង​នៅ​ខ្វះខាត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ហ្នឹង។ ​យើង​ចង់​ឲ្យ​សៀវភៅ​ទៅ​ដល់​អ្នក​អាន ​ហើយ​ក្នុង​ករណី​ដែល​អ្នក​អាន​ គាត់​ឥត​មក​រក​សៀវភៅ​ទេ។ ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​សៀវភៅ​ទៅ​រក​អ្នក​អាន ​ឲ្យ​ទៅ​ក្បែរ​អ្នក​អាន។​ អញ្ចឹង​មាន​តែ​បណ្ណាល័យ​ចល័ត​ទេ»។​

ក្រៅពី​ការ​ខ្វះ​ទម្លាប់​នៃ​ការ​អាន​ ប្រទេស​កម្ពុជា​ក៏​ខ្វះខាត​ធនធាន​សម្ភារៈ​សិក្សា​ដែល​មាន​គុណភាព​និង​ប្រកប​ដោយ​ការ​ទាក់​ទាញ​ផង​ដែរ។
លោក ​អ៊ឹម សិទ្ធី​គឺជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា។ ​
លោក​សម្តែងការ​សាទរ​ចំពោះកម្មវិធី​បណ្ណាល័យ​ចល័ត​នេះ​ ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អំណាន​នៅ​កម្ពុជា។​

«វា​ជួយ​ពង្រឹង​បន្ថែម ព្រោះ​ការ​អាន​នេះ​ វា​ជួយ។ ​បើ​និយាយ​ពី​កូន​សិស្ស ​គាត់​រៀន​ត្រូវ​ផ្តេកផ្តួល​លើ​កម្ម​វិធីសិក្សា​ លើ​សៀវភៅ​របស់​គ្រូ​ជា​ផ្លូវការ​របស់​យើង​ ប៉ុន្តែ​ចំណេះ​ដឹង​វា​មិន​ងាប់​ក្រឡា​តែ​ប៉ុណ្នឹង​ទេ។​ វា​ត្រូវ​ការ​អាន។​ វា​ត្រូវ​ការ​សិក្សា​ស្រាវជ្រាវ។​ អញ្ចឹង​ គាត់​ត្រូវ​អាន ​ហើយ​នៅ​បណ្ណាល័យ​ វា​មាន​សៀវភៅ​អស់​ហ្នឹង។ ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​បំផុស​គាត់​ដើម្បី​ ទី​១​ឲ្យ​គាត់​ទទួល​បាន​នូវ​ការ​រៀន​សូត្រ​ ប្រឹងប្រែង​ ហើយ​ទី​២​ ស្រឡាញ់​ការ​អាន​តាម​រយៈ​ការ​អាន​ហ្នឹង​។ វា​អាច​ជួយ​ពង្រឹង​បន្ថែម​នូវ​ចំណេះ​ដឹង​របស់​គាត់​ បើក​ទស្សនៈ​ឲ្យ​កាន់​តែ​ទូលាយ​ ហើយ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ពង្រឹង​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់ៗ ​គឺ​សៀវភៅនេះ​ ការ​អាន​នេះ ​មិន​អាច​ខ្វះ​បាន​ទេ»។​

យ៉ាង​ណាក៏​ដោយ​ ក្រុម​អ្នក​ភូមិ​នៅ​ទីនេះ​និយាយ​ថា​ ពួកគេ​ចង់​ឲ្យ​មាន​បណ្ណាល័យ​បែប​នេះ​ច្រើន​ថែម​ទៀត ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​កូនៗ​របស់​ពួកគេ​អាច​បង្កើត​ទម្លាប់​អាន​សៀវភៅ​តាំង​ពី​តូចៗ​ទៅ។
អ្នកស្រី ​វណ្ណ​ ស្រីស្រស់​គឺ​ជា​ម្តាយ​នៃ​កូន​២នាក់​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​នេះ។​
«វាជួយ​ ព្រោះ​អី ​ពេល​យក​សៀវភៅ​ទៅ​ វា​ស្រឡាញ់​សៀវភៅ។​ កាលពី​ពេល​មុន​ យក​ទៅ​រៀន​មត្តេយ្យ​អី​វា​ហែក​អស់។​ អញ្ចឹង​ខ្ញុំ​ចេះ​តែ​ប្រាប់​វា​ថា​ ឲ្យ​វា​ចេះ​តែ​មើល​សៀវភៅ​ហ្នឹង​ទៅ។​ អញ្ចឹង​យូរៗ​ទៅ​ វា​ស្រឡាញ់​សៀវភៅ ​ហើយ​ចង់​មើល​សៀវភៅ»៕​