ក្រសួង​ការងារ​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​មួយ​ថ្ងៃ​បន្ថែម​ទៀត​សម្រាប់​​កម្មករ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ

រូបឯកសារ៖ កម្មករកាត់ដេរ​ខ្មែរ​កំពុង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ពួក​គេ​វិញ​ក្រោយ​ពី​បញ្ចប់​ការងារ នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ដំឡើង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​ដល់​កម្មករ​កាត់ដេរ កាលពីថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ (រូបថត AP)

ក្រសួងការ​ងារ​កម្ពុជា​បាន​ប្រកាស​ថា​ ​កម្មករ​ និយោជិត​នៃ​សហ​គ្រាស​ ​គ្រឹះស្ថាន​ទាំងអស់​ ដែល​មាន​ចែង​ក្នុង​មាត្រា​១​នៃ​ច្បាប់​ស្តីពី​ការងារ​ ​ត្រូវឈប់​សម្រាក​ពី​ការងារ​ដោយ​បាន​ប្រាក់​ឈ្នួល​ នៅ​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ​ជារៀង​រាល់​ឆ្នាំ។​ ​នេះ​បើយោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារនេះបាន​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ចេញ​អនុក្រឹត​កំណត់​យក​ថ្ងៃ​ទី​២០ ​ខែឧសភា​ជា​រៀងរាល់​ឆ្នាំ​ជា​«ទិវា​ជាតិ​នៃ​ការ​ចង​ចាំ»​ជន​រងគ្រោះ​ និង​ការ​ឈឺ​ចាប់​អំពី​ឧក្រិដ្ឋ​កម្ម​ ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ខោ​អាវ​ខ្មៅ​ខ្មែរ​ក្រហម​ ចាប់​ពី​ថ្ងៃ​១៧​ខែ​មេសា​ឆ្នាំ១៩៧៥ដល់ថ្ងៃទី៦​ ​ខែ​មករា​ឆ្នាំ​ ១៩៧៩។​

លោក​ ​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នេះថា​ ​ចំពោះ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាំងឡាយ​ ដែល​ត្រូវ​បាន​ឈប់​សម្រាក​ត្រូវ​ចំលើ​ថ្ងៃ​អាទិត្យ​នោះ​ ​«កម្មករ​និយោជិត​នឹង​ត្រូវ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​បន្ត​ទៀត»។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ VOA ​ថា​ ​ការ​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​នេះ​នឹង​មិន​បង្កផល​ប៉ះពាល់​លើឧស្សាហ​កម្ម​កាត់ដេរ​នោះឡើយ​ ​ហើយ​ថា​ កម្មករ​អាច​នឹង​បានប្រាក់​ឈ្នួល​គុណ​បន្ថែម​ ​ប្រសិន​បើពួក​គេធ្វើ​ការ​ក្នុង​ថ្ងៃ​សម្រាក​ថ្មី​នេះ។​ ​យ៉ាងណា​ក្តី លោក​ថា​ ​ក្រសួង​ការងារ​គួរ​ប្រឹង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​សំខាន់ៗ​ ដែល​កំពុង​កើត​ឡើងក្នុង​ឧស្សាហ​កម្ម​នេះ​ ពាក់​ព័ន្ធ​នឹង​ការ​បិទទ្វារ​រោង​ច្រក​ ​ប្រាក់​សំណង​ដល់​កម្មករ​ និង​ការ​ដួល​សន្លប់​របស់​កម្មករ​ ​បន្ថែម​លើ​ការ​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​នេះ។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​គិត​ថា​ ដូច​ជា​ថ្ងៃ​ឈប់​សម្រាក​អីចឹង​ ​ដូច​ជា​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​អឺ​ ​ជួយ​អី​ជា​លក្ខណៈ​ ទៅ​ដល់​....ត្រូវ​គោលដៅ​ទេ​ ដូច​ជា​ប្រាក់​ឈ្នួល​ ដូចជា​សន្តិសុខ​ ​សន្លប់​អីហ្នឹង​វាត្រូវ​ជាង។ ​ប៉ុន្តែ​នេះ​គឺ​សង្គម​មួយ​ទៅ​សង្គម​មួយ។​ ជួនកាល​វា​ពាក់​ព័ន្ធ​ទៅនឹង​នយោបាយ។​ អ្នក​នយោបាយ​គេ​កាន់​កាប់​អំណាច​នៅ​ក្នុង​ហ្នឹង​ គឺ​គេលើក​ឡើង​នូវ​សមិទ្ធផល​របស់​គេ​ ដើម្បី​លើក​តម្កើង។ អីចឹង​គេ​អា​ច​លើក​ថ្ងៃ​ហ្នឹង​អីចឹង​ទៅ។​ ប៉ុន្តែ​គ្រាន់​តែ​ថា​ បើ​ពាក់​ព័ន្ធ​រឿង​ការងារ​ហ្មង​ ខ្ញុំ​គិត​ថា​ រឿង​អាទិភាព​ប្រាក់​ឈ្នួល​ ​ដោះ​ស្រាយ​កម្មករ​ គេ​មិន​ទាន់​គិត​លុយ​ឲ្យ​កម្មករ​ដួល​សន្លប់​ សុខភាព​សុវត្ថិភាព​ ឬ​ក៏​ស្អីៗ​នោះ​ វា​សំខាន់​ជាង»។​

​ប្រជា​ពលរដ្ឋ​ជាង​៧០​ម៉ឺន​នាក់​ទទួល​បាន​ការងារ​ពី​វិស័យ​វាយនភ​ណ្ឌ​នៅ​កម្ពុជា​ ហើយ​វិស័យ​នេះ​បាន​ផ្តល់​ថវិកា​ស្មើនឹង​៥%​នៃ​ផលិតផល​ជាតិ​សរុប៕