មន្ត្រី​សុខាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​ក្នុង​រាជធានី​ភ្នំពេញ

រូប​ឯកសារ៖ មាន់​​មួយ​ក្បាល​​ត្រូវ​បាន​ព្យួរ​សម្រាប់​លក់​នៅ​​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៣។

ជំងឺ​ផ្តាសាយ​បក្សី​ ​ឬ​ហៅ​កាត់​ថា​ H5N1​ ​​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាង​៣០​នាក់​ពី​ឆ្នាំ​២០០៥​ដល់​២០១៤ ហើយ​​ត្រូវ​បាន​គេ​រក​ឃើញ​ម្តង​ទៀត​​​នៅ​ខណ្ឌ​សែនសុខ​​ រាជធានី​​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន។​

ជំងឺ​ផ្តាសាយ​បក្សី​ ឬ​ ​H5N1​ ​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ថ្មី​ ​នៅ​កន្លែង​ចំនួន​បីក្នុង​ខណ្ឌ​សែនសុខ​ ​រាជ​ធានី​ភ្នំពេញ​ ហើយ​សត្វបសុ​បក្សី​រាប់​រយ​ក្បាលត្រូវ​បាន​ចាប់​យក​ទៅ​ពិនិត្យ​រក​មេរោគ​នេះ​ កាល​ពី​សប្តាហ៍​កន្លង​ទៅ។​ ​បើទោះ​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​ក្រសួង​សុខាភិបាល​បញ្ជាក់​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​មេរោគ​ដ៏​សាហាវ​នេះ​មិន​ទាន់ឆ្លង​ដល់​មនុស្ស​នៅ​ឡើយ​នោះ​ទេ។​

ជំងឺ​ផ្តាសាយ​បក្សី​ ​ឬ​ ​H5N1​ ​ជា​ជំងឺ​ឆ្លង​ម៉្យាង​ដែល​កើត​នៅ​លើ​បក្សី ហើយ​មាន​កម្រិត​ឆ្លង​ខ្ពស់​ ​ដែល​អាចឆ្លង​ទៅ​កាន់​មនុស្ស​តាម​រយៈការ​ប៉ះពាល់​បក្សី​ឈឺ​ ឬ​បក្សី​ដែល​ងាប់។​ ​ហើយ​អត្រា​មនុស្សស្លាប់ដោយ​សារឆ្លង​មេរោគ​គឺ​៦០%។ ​នេះ​បើតាម​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភព​លោក។​

លោក ​លី សុវណ្ណ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​និយាយ​ថា​ ​ជំងឺ​ផ្តាសាយ​បក្សី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បក្សី​ គឺ​កើត​មាន​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក​ម៉្លេះ​ ​ហើយ​រហូត​មក​ដល់​ពេល​នេះមេរោគ​ផ្តាសាយ​បក្សី​ឬ ​H5N1​ ​មិន​ទាន់​រក​ឃើញ​នៅ​លើ​មនុស្ស​នៅ​ឡើយ​ទេ។​

អ្នក​នាំពាក្យ​រូប​នេះមាន​ប្រសាសន៍​ថា៖​

«រហូត​ដល់​ម៉ោង​ខ្ញុំ​និយាយ​នេះ​ យើងពុំ​ទាន់​រក​ឃើញ​ថា​ ឆ្លង​មក​មនុស្ស​នៅ​ឡើយ​ទេ បាទ។ ​ប៉ុន្តែ​យើង​រក​ឃើញ​ករណី​សង្ស័យ​បី​កន្លែង​ហ្នឹង ​លើ​មនុស្ស​១៤​នាក់​ដែល​យើង​យក​មក​មើល។ ​ប៉ុន្តែ​សុទ្ធ​តែ​អវិជ្ជមាន ​មិន​មាន​ឃើញ​ឆ្លង​ជំងឺ​ផ្តាសា​បក្សី​ទេ​ បាទ»។​

លោក​ លី សុវណ្ណ​ ឱ្យ​ដឹង​ថា​ ​មេរោគ​ផ្តាសាយ​បក្សី​ ​H5N1​ ​ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​ដែល​អាកាស​ធាតុ​ចាប់​ផ្តើម​ត្រជាក់​គឺ​ចាប់​ពី​ខែ​ធ្នូ​រហូត​ដល់​ខែ​មេសា​ ហើយ​ក្រសួង​សុខាភិបាល​និង​ក្រសួង​កសិកម្ម​តែង​តែ​ចាត់​វិធាន​ការ​ភ្លាមៗ។​ ​លោក​ថ្លែង​ថា​ មុន​ដំណាច់​ឆ្នាំ​ ២០១៧​ កម្ពុជា​ក៏​បាន​ធ្លាប់​រក​ឃើញ​មេរោគ​នេះ​នៅ​ក្នុង​ខេត្តកំពង់​ធំ​ ​មួយ​កន្លែង​ ​នៅ​ស្រុកស្ទោង​និង​ពីរ​កន្លែង​ទៀត​នៅ​ខេត្ត​កំពង់​ចាម ​ហើយ​នៅ​ឆ្នាំ​២០១៨គឺ​លើក​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​សែនសុខ។​

ក្រសួង​សុខាភិបាល​តែង​តែ​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ទាំង​អ្នក​ចិញ្ចឹម​ និង​អ្នក​បរិភោគ​ ​ដោយ​មិន​ត្រូវ​លក់​បន្ត​ ឬ​បរិភោគ​សត្វបក្សី​ដែល​ឈឺ​នោះ​ទេ។

លោក​ លី​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ថា៖​ ​

«អ្នក​ទិញ​ក៏​អីចឹង​ដែរ​ ទិញ​លក់​បន្ត ​មិនត្រូវ​យក​មាន់​គេ​ គេ​ហៅ​ថា​ អ្នក​ឈ្មួញ​មិន​ត្រូវ​យក​មាន់​គេ​ឈឺ​ហើយ​មកលក់​បន្ត​ទេ​ ​ព្រោះ​លក់​បន្ត​ហាក់​ដូច​ជា​គាត់​ហ្នឹង​យក​មេរោគ​ហ្នឹង​បន្ត​រីក​រាលដាល​ដល់​តំបន់​ដទៃ។​ ទីពីរ​គឺ​ខ្លួន​គាត់​អាច​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ​បក្សី​ ហើយ​ភាគ​ច្រើន​អាច​បង្ក​ឲ្យ​ស្លាប់​បាន»។​

កាល​ពី​ថ្ងៃច័ន្ទ​នេះ​ VOA​ បាន​ព្យាយាមទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​និង​នេសាទដើម្បី​សួរអំពី​តួលេខ​នៃ​សត្វ​បក្សី​ដែល​ត្រូវ​បាន​សម្លាប់ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ តែ​មិន​អាច​ទាក់ទងបាន​ទេ​ ដោយ​លោក​ថា​ កំពុង​ជាប់​ប្រជុំ។

តួលេខ​ទទួល​បាន​ពី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​បង្ហាញថា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​រហូត​ដល់​ឆ្នាំ​២០១៤​ ​មាន​ករណី​ជំងឺ​ផ្តាសាយ​បក្សី​មាន​ចំនួន​៥៦​ករណី ​ដែល​បណ្តាលឱ្យ​មនុស្ស​ចំនួន​៣៧​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត។ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​រហូត​មក​ដល់​ពេល​នេះ​ មេរោគ​ផ្តាសាយ​បក្សី​ត្រូវ​បាន​រកឃើញ​តែ​បន្តិច​បន្តួច​នៅ​លើ​សត្វ​បក្សី​ប៉ុណ្ណោះ​ ​តែ​មិន​មាន​កើត​លើ​មនុស្ស​ឡើយ៕