កម្ពុជា​ខកចិត្ត​នឹង​សហរដ្ឋ​អាមេរិក​ដាក់​បម្រាម​ទិដ្ឋាការ

រូបឯកសារ៖ សន្តិសុខឈរនៅមុខក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)

ក្រសួង​ការបរទេស​កម្ពុជា​សម្តែង​ការ​ខកចិត្ត​ចំពោះបម្រាម​ទិដ្ឋាការ ​ដែល​សហរដ្ឋ​អាមេរិក​សម្រេចដាក់​លើ​មន្ត្រី​កម្ពុជា​ណា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ផ្ញើ​ជូន​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃសុក្រ​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា៖

«កម្ពុជា​បាន​ធ្វើ​ការ​កត់​សម្គាល់​ដោយ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​ពុំ​ពិចារណា​លើ​អង្គហេតុ​ និង​អង្គច្បាប់​ជុំវិញ​ការ​វិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​‍»។

កាលពី​ថ្ងៃពុធ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ បន្ថែម​លើ​ការ​ដាក់​បម្រាម​ទិដ្ឋាការ​កាលពី​ខែ​កញ្ញា​ លើ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​និង​ក្រុមគ្រួសារ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ចាត់​ទុក​ថា ​ការសម្រេច​នេះ​ដោយសារ​«ហេតុផល​នយោបាយ​ដោយ​មាន​ការ​គិត​ទុក​ជាមុន​ និង​មាន​ស្តង់ដាពីរ‍»​ ហើយ​ផ្ទុយ​នឹង​«កិច្ច​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក‍»។

ការ​សម្រេច​ចិត្ត​នេះ​ស្របគ្នា​ជាមួយ​នឹង​គោលជំហរ​របស់​សេតវិមាន​ដែល​បាន​ព្រមាន​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ ប្រសិន​បើ​កម្ពុជា​មិន​ទាញ​ស្ថានការណ៍​ឱ្យ​ល្អ​ប្រសើ​រវិញ​ទេ។ កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​សេតវិមាន​បាន​អំពាវនាវឱ្យ​កម្ពុជា​ទាញ​ស្ថានការណ៍​មក​ដូច​ដើមវិញ​ ដោយ​បញ្ឈប់​សកម្មភាព​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ​ ដោះលែង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​ប្រឆាំង ​និង​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល​និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​ធ្វើ​សកម្មភាព​តាម​ច្បាប់​ឡើង​វិញ។

ទន្ទឹមនឹង​ការ​ព្រមាន​នោះ​សហរដ្ឋ​អាមេរិក​បាន​កាត់​ផ្តាច់​ជំនួយ​ថវិកា​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅថ្ងៃទី​១៦ ខែ​វិច្ឆិកា​ដោយ​ចោទ​ពីបទ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ហើយ​បាន​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨រូប​ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។ កម្ពុជា​ចាត់​ទុក​ថា​នោះ ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋ​អធិបតេយ្យ​មួយ​ប៉ុណ្ណោះ៕