កម្ពុជាត្រៀមការប្តេជ្ញាចិត្ត៧ចំណុចដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងសន្និសីទ COP28 នៅឌូបៃ

អ្នកចូលរួមកំពុងដើរកាត់ផ្ទាំងបដាអំពីកម្មវិធីសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

កម្ពុជាត្រៀម​ការប្តេជ្ញាចិត្ត​ចំនួន ៧ ចំណុច​នៅ​ក្នុង​ការរួម​ចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ សម្រាប់​ការ​ថ្លែង​នៅ​ក្នុង​សន្និសីទ​លើកទី​ ២៨​ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខណ្ឌ​សហប្រជា​ជាតិ​ស្តីពី​ការប្រែ​ប្រួល​អាកាសធាតុ ឬ​ហៅថា COP28 ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូបៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​។

លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ដែល​កំពុង​ស្ថិតក្នុង​សន្និសីទ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុនៅ​ទីក្រុង​ឌូបៃ បាន​ប្រាប់​វីអូអេ​តាម​បណ្តាញ​សង្គម​តេឡេក្រាម នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ​នេះថា លោក​និង​ប្រតិភូ​កម្ពុជាទាំងអស់​បាន​ត្រៀមនាំ​យក​នូវ​ការប្តេជ្ញា​ចិត្តរបស់​កម្ពុជា​ចំនួន ៧ ​ចំណុច ​ដើម្បី​រួម​ចំណែក​កាត់បន្ថយ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ភព​ផែនដី​ជូន​ដល់​អង្គ​សន្និសីទ។

លោក អ៊ាង សុផល្លែត ថ្លែង​ថា៖ «ការប្តេជ្ញា​ចិត្ត​៧​ចំណុច​ហ្នឹង គឺ​នឹង​ផ្សព្វផ្សាយ​ជា​ទូទៅ​នៅក្នុង​ដំណើរ​ការ​សន្និសីទ​កំពូល​ COP ទី២៨ ហ្នឹង។​ ដោយ​ឡែក​កម្ពុជា​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៩ ឬ​ទី​១០ នៅ​ពេល​ហ្នឹង​ខ្ញុំ​នឹង​អាន​សុន្ទរកថាដែល​មាន​ចំណុច​ទាំង​ ៧ ​នៅក្នុងហ្នឹង​ ប៉ុន្តែ​ចំណុច​ទាំង​ ៧ ​ហ្នឹង ​ខ្ញុំ​មិន​អាន​ទាំងអស់ទេ ដោយសារចំណុច​ពីរ បី​ បួន​នោះ​បា​នបាន​ចេញ​រួច​ហើយ ​តាំងពី COP26 ម្ល៉េះ យើង​គ្រាន់​តែបន្ត​ការ​ប្តេជ្ញាចិត្ត​របស់​យើង»។

បើតាម​សារ​ដែល​លោក​ អ៊ាង សុផល្លែត​ ផ្ញើ​ឱ្យ​វីអូអេ ការប្តេជ្ញាចិត្តរបស់​កម្ពុជា​ទាំង​ ៧​ ចំណុច​នោះ​រួមមាន​ការ​បញ្ឈប់​គម្រោង​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្មមា​នអានុភាព ៧០០​មេហ្កាវ៉ាត់​ ដោយ​ជំនួស​មកវិញ​នូវ​រោងចក្រ​អគ្គិសនី​ប្រើ​ឥន្ធនៈ​ឧស្ម័នរាវ (LPG)។ ការ​ផលិត​ថាមពល​ស្អាត​តាមរយៈ​ការកសាង​ទំនប់វារីអគ្គីសនី​ផលិត​ថាមពល​មាន​អានុភាព ១០០០មេហ្កាវ៉ាត់ ​ឱ្យ​បាន​មុន​ឆ្នាំ​ ២០២៨។ ការបង្កើន​ការប្រើប្រាស់​ថាមពល​ស្អាត និង​ជា​ថាមពល​កកើត​ឡើង​វិញ ដូចជា​ថាមពលពី​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ ថាមពល​វារី​អគ្គិសនី និង​ខ្យល់​ឱ្យបាន៧០​ភាគរយ។ ​ការ​ដាក់​ចេញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចក្រា​ក្នុង​វិស័យ​បរិស្ថាន ដោយ​មានយុទ្ធសាស្ត្រ​កម្ពុជា​ស្អាត តាមរយៈ​ការកាត់​បន្ថយ​ការប្រើ​ថង់​ប្លាស្ទិច​ជា​បណ្តើរៗ និង​រៀបចំ​ទុក​ដាក់​សំណល់​រឹង និង​រាវ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស។​ យុទ្ធសាស្ត្រ​កម្ពុជា​បៃតង តាមរយៈ​ការដាំ​ដើមឈើ​ទាំង​តាម​ទីវាល និង​តំបន់​ការពារ​យ៉ាង​តិច​ ១លាន​ដើម​ក្នុង​មួយ​ឆ្នាំ ក្នុង​គោលដៅ​ពង្រីក​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ឆ្នាំ​២០៥០។ មិន​អនុញ្ញាត​ឱ្យ​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគី្គសនី​ដោយ​ប្រើ​ធ្យូង​ថ្ម​នៅ​កម្ពុជា និង​មិន​អនុញ្ញាត​ឱ្យ​សង់​វារី​អគ្គីសនី​កាត់​ទន្លេ​មេគង្គ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់សម្ភាសន៍ដល់វីអូអេ ក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ក្នុង​សារ​ដដែលប​ន្ថែម​ថា បេសកកម្ម​របស់​ប្រតិភូ​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​លើកទី ​២៨ ​នេះ គឺ​ដើម្បី​បង្ហាញ​ពិភពលោក​អំពី​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ការចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា ក្នុង​ការទប់ស្កាត់និង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ដែល​កំពុង​កើត​មានលើ​ពិភពលោក​ និង​រួមចំណែក​ក្នុងការ​សម្អាត​បរិស្ថាន​ពិភពលោក​ឱ្យ​មាន​ភាព​ស្រស់​បំព្រង ប្រកប​ដោយ​ភាព​ស្អាត ភាព​បៃតង ដែល​កំពុងតែ​មាន​អត្ថិភាព ព្រមទាំង​ជា​ទី​មនោរម្យ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អ្នកវិនិយោគ ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន ឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ ២០៥០។

បើ​តាម​អង្គការសហប្រជាជាតិ ឥន្ធនៈ​ហ្វូស៊ីល ដូចជា​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន ជាមូលហេតុ​ធំ​បំផុត​ចំពោះ​កា​រប្រែប្រួល​អាកាសធាតុ​ពិភពលោក ដែល​ស្មើ​នឹង​ជាង​៧៥​ភាគរយ​ នៃ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទូទាំង​ពិភពលោក និង​ជិត​៩០ភាគរយ​នៃ​ការបញ្ចេញ​កាបូន​ឌីអុកស៊ីត​ទាំងអស់។ នៅ​ពេល​ដែល​ការ​បំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់​គ្រប​ដណ្តប់​ផែនដី ពួកវា​ចាប់​កំដៅ​ព្រះអាទិត្យ ​ដែល​នាំ​ឱ្យ​មាន​ការឡើង​កំដៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ។ បច្ចុប្បន្ន​ ពិភពលោក​កំពុង​ឡើង​កំដៅ​លឿន​ជាង​ចំណុច​ណាមួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​កត់ត្រា​ទុក។ ការប្រែប្រួល​អាកាសធាតុ​ក៏បង្ក​ហានិភ័យ​ជាច្រើន​ដល់​មនុស្ស និង​គ្រប់​ទម្រង់​នៃ​ជីវិត​នៅ​លើ​ផែនដី។

COP28 ​គឺជា​កិច្ច​ប្រជុំ​លើក​ទី២៨នៃ​សន្និសីទ​ភាគី​ទៅ​កាន់​អនុសញ្ញា​ក្រ​បខណ្ឌ​អង្គការ​សហ​ប្រជាជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) ​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃទី៣០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៣។​ សន្និសីទ​នេះ​គឺជា​កន្លែង​ដែល​តំណាង​ពី​ប្រទេស និង​ស្ថាប័ន​ធំៗលើ​ពិភពលោក​មក​រួមគ្នាដើម្បី​យល់ព្រម​លើ​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​អាកាស​ធាតុ ដូចជា​ការកំណត់​ការកើន​ឡើង​សីតុណ្ហភាព​ពិភពលោក​ត្រឹម ​១.៥​អង្សាសេ ការជួយ​សហគមន៍​ដែល​ងាយ​រងគ្រោះឱ្យសម្រប​ខ្លួន​ទៅនឹ​ងផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាស​ធាតុ និង​ការសម្រេច​បាន​នូវការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រឹម​សូន្យ នៅ​ឆ្នាំ​២០៥០។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវនិង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា សាទរ​ការ​នាំយក​នូវ​ការ​ប្តេជ្ញាចិត្ត​ទាំង​៧​ចំណុ​ចរបស់​កម្ពុជាឆ្ពោះទៅកាន់ការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុនៅ​ក្នុង​សន្និសីទ​ស្តីពីការ​ប្រែប្រួល​អាកាសធាតុ ឬ COP28។

លោក ហេង គឹមហុង ​លើកឡើង​ថា ការ​បញ្ឈប់ និងការមិន​អនុញ្ញាត​ឱ្យ​មាន​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​កម្ពុជា​ និង​ការមិន​អនុញ្ញាត​ឱ្យ​សង់​វារី​អគ្គីសនី​កាត់​ទន្លេ​មេគង្គ គឺជា​រឿង​ចាំបាច់​សម្រាប់​ការ​ទប់​ស្កាត់​វិបត្តិ​នៃការ​ប្រែប្រួល​អាកាសធាតុ។​ លោក​ថា សម្រាប់​ការ​ដាំ​ដើម​ឈើ ១លាន​ដើម​ក្នុង​មួយ​ឆ្នាំជារឿង​ល្អ តែគួរតែមានការ​ទប់​ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឈើ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ដើម្បី​ការពារ​គម្រប​ព្រៃឈើ​ដែលមាន​ស្រាប់​។

បើតាម​លោក ហេង គឹមហុង រដ្ឋាភិបាល​គួរ​មាន​សកម្មភាព​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដើម្បី​ធានា​ថា ការ​ប្តេជ្ញាចិត្ត​ទាំង​នេះ​អាច​ទទួល​បាន​ជោគ​ជ័យ។

លោក​បញ្ជាក់ថា៖ «ការ​ប្តេជ្ញាចិត្ត​តែម្យ៉ាង​មិនទាន់គ្រប់គ្រាន់ទេ ទាល់តែមានការ​រៀប​ចំ​នូវយន្តការ​អនុវត្ត និង​ការការពារ​ឱ្យ​បានល្អ​ប្រសើរ ហើយ​វិធាន​ការ​ច្បាប់ គុណភាព​មន្រ្តី​រាជការ ផ្នែក​ពាក់ព័ន្ធ និង​វិជ្ជាជីវៈ និង​ការ​ទប់​ស្កាត់​អំពើ​ពុករលួយពាក់ព័ន្ធ​ក្នុង​វិស័យ​ថាមពល វិស័យ​ការពារ​ធនធាន​ធម្មជាតិ ទើប​ក្លាយជា​ទិសដៅមួយ​ពិតប្រាកដ​ក្នុងការ​ជំរុញ​ឱ្យ​គោលនយោបាយ និង​ការ​ប្តេជ្ញា​ចិត្តរបស់​រដ្ឋ​ហ្នឹងកាន់​តែ​មាន​ប្រសិទ្ធ​ភាព»។​

អ្នកចូលរួមកំពុងដើរកាត់ស្គ្រីនដែលផ្សាយអំពីការបើកកម្មវិធីសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

បើតាម​គេហទំព័រ​របស់​ UNFCCC របៀបវារៈ​សំខាន់ៗ​ដែល​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា និង​ចរចារ​ក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ ឬ COP28 នេះមាន​ដូចជា​ ការ​ប្រឈម​មុខនឹង Global Stocktake (GST) ដែល​ជា​តារាង​ពិន្ទុ​វិភា​គ​វឌ្ឍនភាព​របស់​ប្រទេស​ឆ្ពោះទៅ​រក​កិច្ច​ព្រមព្រៀង​ប៉ារីសឆ្នាំ​២០១៥ ដើម្បីសម្រប​ផែនការ​សកម្មភាព​អាកាសធាតុ​បន្ទាប់​របស់​ពួកគេ​ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ២០២៥​។

ភាគី​នានា​ក៏​នឹង​ស្វែង​រក​ប្រតិបត្តិការ​មូលនិធិការបាត់បង់ និង​ការខូចខាត​ផងដែរ បន្ទាប់ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ស្នើ​ឡើង​ក្នុង​ខែ​កញ្ញា​ថា ប្រទេស​អភិវឌ្ឍន៍​គួរ​បែងចែក​យ៉ាង​ហោច​ណាស់ ១០០ពាន់លា​នដុល្លារ​ដល់​ពួកគេ​នៅ​ឆ្នាំ២០៣០​។

ហើយ​ប្រធានបទ​ចំនួនបួន​ដែល​ឈាន​មុខ​គេ​ក្នុង​កិច្ចប្រជុំ​កំពូ​ល​នេះមាន​ដូចជា ការ​តាមដាន​និង​ការផ្លាស់​ប្តូរ​ថាមពល​ពាក់ព័ន្ធនឹង​ថាមពល​កកើត​ឡើងវិញ ប្រព័ន្ធ​អាហារ និង​កសិកម្ម។ ការ​ជួសជុល​ហិរញ្ញវត្ថុ​អាកាសធាតុ។​ ដំណោះស្រាយ​ផ្អែកលើ​ធម្មជាតិ និង​ការការពារប្រ​ឆាំង​នឹង​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ និង​ការបាត់បង់​ជីវចម្រុះ។ ការដាក់​បញ្ចូល​ក្នុង​ការគ្រប់គ្រង​អាកាស​ធាតុ ដែល​រួមមាន​ការចូលរួម​របស់​យុវជន និង​ការទំនាក់ទំនង​ដែល​ប្រសើរ​ឡើង​រវាង​វិស័យ និង​ទីភ្នាក់ងារ​ផ្សេងៗ​។

អ្នកចូលរួម​ជាង​៩​ម៉ឺននាក់​ បាន​ចុះ​ឈ្មោះ​ចូលរួម​សន្និសីទ​នេះ ដោយ​រួម​មានរដ្ឋ​ជា​សមាជិក ​ឬ​ភាគីនៃ​អនុសញ្ញា​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (UNFCCC) អ្នកដឹកនាំ​ធុរកិច្ច យុវជន អ្នក​វិទ្យាសាស្ត្រ​អាកាសធាតុ ជនជាតិ​ដើម​ភាគតិច អ្នកសារ​ព័ត៌មាន ​អ្នកជំនាញ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត។ ក្នុង​នោះ ជាង​១០០​នាក់មក​ពីកម្ពុជា។​ នេះ​បើ​តាម UNFCCC

អត្ថបទនេះ​ត្រូវ​បាន​ផលិតឡើង​ជា​ផ្នែក​មួយ​នៃ​ភាព​ជាដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធនឹង​ការប្រែប្រួល​អា​កាស​ធាតុឆ្នាំ​ ២០២៣​ ដែល​ជា​អាហារូបករណ៍​ផ្នែកសារ​ព័ត៌មាន​រៀបចំ​ដោយ Earth Journalism Network របស់អង្គការ​ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។