ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ពាក់ព័ន្ធ​នៅ​កម្ពុជា​ជំរុញ​ឱ្យ​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នៅ​លើ​ដំបូលផ្ទះ


មណ្ឌល​សុខភាព​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​បន្ទះ​សូឡា ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)
មណ្ឌល​សុខភាព​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​បន្ទះ​សូឡា ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)

អង្គការ​ជំនាញ​ដែល​ធ្វើ​ការ​លើ​បរិស្ថាន និង​ថាម​ពល​ស្អាត​ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​(Solar Power) តាម​ដំបូល​ផ្ទះ​នីមួយៗ ដែល​អាច​ជួយ​ជំរុញ​ដល់​កំណើន​វិស័យ​ទេស​ចរណ៍​ក្នុង​ប្រទេស​កម្ពុជា និង​រួម​ចំណែក​ដល់​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ទេស​ចរណ៍​កម្ពុជា​(CTF) និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​(WWF) ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិចិ្ឆកា ឆ្នាំ​២០២៣។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រីក​ចម្រើន​លឿន​ក្នុង​ពិភព​លោក ហើយ​នា​ពេល​ថ្មីៗ​នេះ​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ “គោល​ការណ៍​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល​នៅ​កម្ពុជា”​ ដោយ​មាន​ការ​ជឿ​ជាក់​ថា​បញ្ញត្តិ​ថ្មី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នៃ​វិស័យ​ទេសចរណ៍ និង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​និរន្តរ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថាម​ពល​ស្អាត និង​ការ​អភិវឌ្ឍ​បៃ​តង​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល​មិន​ថា​ខ្នាត​តូច​ឬ​មធ្យម​នោះ​ទេ​ គឺ​អាច​រួម​ចំណែក​ដល់​ការ​ផ្គត់​ផ្គង់​អគ្គិសនី ក្នុង​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​និង​អាច​ផ្តល់​ថាម​ពល​បំពេញ​តម្រូវ​ការ​ខ្ពស់​ក្នុង​រដូវ​ក្តៅ។

ការ​ផលិត​ថាមពល​ពី​វារី​អគ្គិសនី​នា​រដូវ​ក្តៅ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដូច្នេះ​ការ​ទាញ​យក​អគ្គិសនី​ពី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​គឺ​មាន​សក្តា​នុពល​ខ្ពស់។ ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​ក៏​ផលិត​ថាម​ពល​អតិបរមា​នៅ​ពេល​ថ្ងៃ​ ជា​ពេល​ដែល​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​អគ្គិសនី​ខ្ពស់​បំផុត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​៖ «អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​ទាំង​ពីរ​ក៏​បាន​សង្កត់​ធ្ងន់​ថាការ​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​និរន្តរ​ភាព​តាម​រយៈ​ប្រព័ន្ធ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យលើ​ដំបូល​អាច​នឹង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​តំបន់​ទេសចរណ៍​ធម្មជាតិ​តាម​សហ​គមន៍​នៅ​ទូទាំង​ប្រទេស​ ដោយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​ស្រប​ ពេល​ដែល​រួម​ចំណែក​ដល់​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ផង​ដែរ»។

កញ្ញា ជិន សូនីតា ​អ្នក​គ្រប់គ្រង​គម្រោង​នៅ​អង្គការ​ EnergyLab កម្ពុជា ប្រាប់​វីអូអេ​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​សម្បូរ​តំបន់​ទេសចរណ៍ ហើយ​ស្រប​ពេល​ដែល​មាន​ចំនួន​ភ្ញៀវ​ទេស​ចរណ៍​កើន​ឡើង ប្រព័ន្ធ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​អគ្គិសនី​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្ងាយៗ។

កញ្ញា​ថ្លែង​ថា៖ «អ៊ីចឹង​ប្រសិន​ជា​នៅ​តំបន់​ហ្នឹង​ដែល​គាត់​អត់​មាន​ភ្លើង​ ហើយ​គាត់​អាច​មាន​សូឡា​ប្រើ​ប្រាស់ អ៊ីចឹង​គាត់​មាន​ជា​សម្ភារៈអី​គ្រប់​គ្រាន់​ ដើម្បី​ផ្គត់​ផ្គង់ ក៏​ដូច​ជា​មាន​ភ្លើង​គ្រប់​គ្រាន់​សម្រាប់​សម្រាប់​ពេល​ភ្ញៀវ​ទេស​ចរ​គាត់​ទៅ​លេង»។

កញ្ញា​បន្ត​ថា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ និង​រដ្ឋា​ភិបាល​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​អគ្គិសនី​ ក៏​ដូច​ជា​ពង្រឹង​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ជា​រួម​ផង​ដែរ។

កញ្ញា​ថ្លែង​ថា៖ «តាម​ពិត​ទៅ​ប្រព័ន្ធ​រដ្ឋ និង​ការ​ប្រើ​ប្រាស់​ខ្លួន​ឯង​វា​មាន​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​ដូច​គ្នា បើ​យើង​និយាយ​ពី​ប្រព័ន្ធ​ Solar Farm [សួន​សូឡា] ចេញ​ពី​ផ្គត់​ផ្គង់​ចេញ​ពី​រដ្ឋ​មក​ប៉ុន្តែ​វា​ដើរ​ដោយ​សូឡា​ អាហ្នឹង​វា​មាន​តម្លៃ​ថោក​ដែល​ជួយ​ឱ្យ​រដ្ឋា​ភិបាល​ចំណេញ ឬ​ក៏​ថា​អាច​ឱ្យ​រដ្ឋា​ភិបាល​អាច​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​បាន​»។

បើ​តាម​កញ្ញា ជិន សូនីតា ​បន្ទះ​សូឡា​មាន​តម្លៃ​ថ្លៃ​នៅ​ពេល​ប្រើ​ប្រាស់​ដំបូង​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ចំពោះ​ការ​ចំណាយ​លើ​ថាមពល​វារី​អគ្គិសនី ក្រោយ​ពី​ការ​ប្រើ​ប្រាស់​បន្ទះ​សូឡា​។ កញ្ញា​បន្ត​ថា​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ថាម​ពល​សូឡា​មាន​ត្រឹម​តែ​៦%​ប៉ុណ្ណោះ​នៃ​ទំហំ​ថាមពល​អគ្គិសនី​ប្រើប្រាស់​របស់​កម្ពុជា។

សម្រាប់​បរិស្ថាន ថាមពល​ពន្លឺ​ព្រះអាទិត្យ​ផ្តល់​នូវ​ប្រភព​ថាមពល​ស្អាត​ដល់​ប្រជាជន ដែល​រួម​ចំណែក​រក្សា​គុណភាព​ខ្យល់ និងជួយ​កាត់​បន្ថយ​ការ​ប្រែប្រួលអាកាសធាតុ ខណៈ​កម្ពុជា​ឈរ​លើ​លំដាប់​ថ្នាក់​ជាប្រទេស​ងាយ​រងគ្រោះ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​មួយ​ក្នុង​ពិភព​លោក ដូចជា​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​ជាដើម។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CTF និងWWF ទោះ​ជា​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ខ្នាត​ធំ(​សួនសូឡា)ទាក់​ទាញ​ការ​វិនិ​យោគ​ច្រើន​យ៉ាង​ណា​ ក៏​កម្ពុជា​នៅ​មិន​ទាន់​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​អស់​លទ្ធភាព​នៅ​ឡើយ​ទេ។

វីអូអេ​បាន​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាម​ពល លោក ហេង គុណ​លាង ប៉ុន្តែ​លោក​ថា​ឱ្យ​ចាំ​ការ​ប្រកាស​របស់​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ​ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូខាង​មុខ។

យ៉ាង​ណា​មិញ ក្រសួង​រ៉ែ និង​ថាមពល​បាន​ប៉ាន់​ប្រមាណ​ថា​លទ្ធភាព​ក្នុង​ការ​ទាញ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​កម្ពុជា​អាច​នឹងមាន​ប្រមាណ​៣​ពាន់​មេកា​វ៉ាត់ ឬ​ស្មើ​នឹង​ជិត​៣០%​នៃ​ការ​ផ្គត់​ផ្គង់​ថាមពល​ក្នុង​ស្រុក​សរុប​នា​ឆ្នាំ​២០៤០។ បច្ចុប្បន្ន​នេះ​ កម្ពុជា​ទើប​តែ​ទាញ​យក​ថាមពល​អគ្គិសនី​ជាង​៤០០​មេកាវ៉ាត់​ប៉ុណ្ណោះ​ពី​ថាមពល​ពន្លឺ​ព្រះអាទិត្យ។

គួរ​បញ្ជាក់​ថា​ថាមពល​ដែល​ផលិត​ក្នុងប្រទេស​កម្ពុជា ភាគ​ច្រើន​បាន​មកពី​ដុត​ធ្យូងថ្ម វារី​អគ្គិសនី​ ប្រេង​ឥន្ធនៈ ​ថាម​ពលជីវម៉ាស់​ និង​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ៕

XS
SM
MD
LG