គ្រូបង្រៀនវ័យ ៥០ ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមបទចោទប្រកាន់ថាបានប្រមាថព្រះមហាក្សត្រ នៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Facebook។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសនៅថ្ងៃអាទិត្យនេះ។
ការចាប់ខ្លួននេះគឺជាការចាប់ខ្លួនលើកដំបូងបង្អស់ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ តាំងពីរដ្ឋសភាកម្ពុជាបានអនុម័តការកែប្រែច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រកាលពីខែកុម្ភៈកន្លងទៅនេះមក។
បុរសដែលត្រូវប៉ូលិសនៅក្នុងខេត្តកំពង់ធំចាប់ខ្លួននេះ មានឈ្មោះ ឃាង ណាវី។ បុរសដែលជានាយកសាលាបឋមសិក្សាមួយកន្លែងនេះ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថា បុរសរូបនេះបានសរសេរសារនៅលើ Facebook ដែលមានលក្ខណៈប្រមាថដល់ព្រះមហាក្សត្រនរោត្តមសីហមុនី ព្រះបរមរតនកោដ្ឋព្រះបាទនរោត្ដមសីហនុ និងព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ។
លោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «បុរសរូបនោះត្រូវបានចាប់ឃុំខ្លួនហើយ។ បុរសរូបនោះបានសារភាពប្រាប់ប៉ូលិសថា សារទាំងនោះគឺជាសាររបស់គាត់មែន»។
អ្នកដែលត្រូវតុលាការរកឃើញថាមានទោសប្រមាថព្រះមហាក្សត្រអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាប់ពី ២ លានរៀន ដល់ ១០ លានរៀល៕