ពលរដ្ឋខ្មែរ​អាមេរិកាំង​ចូលរួម​បោះឆ្នោត​សកម្ម​

  • ជាង សុភីណារ័ត្ន

កម្ពុជា​អបអរ​សាទរ​ការ​ជាប់​ឆ្នោត​ជាថ្មី​នៃ​ប្រធានាធិបតី​អូបាម៉ា​

Los Angeles​
កាល​ពី​ថ្ងៃ​អង្គារ​ ពល​រដ្ឋអាមេរិក​បាន​ធ្វើ​ការ​បោះឆ្នោត​រើស​ប្រធានាធិបតី​ រួម​ទាំង​អ្នក​តំណាង​និង​បញ្ហាប្រចាំតំបន់​ផ្សេងៗ។ សម្រាប់​តំបន់​ Los Angeles​ នេះ​មាន​ន័យ​ថា​ មាន​មនុស្ស​ជា​ច្រើនខិត​ខំ​ជំរុញ​ឲ្យ​អ្នក​បោះ​ឆ្នោត​ទៅ​កន្លែង​បោះ​ឆ្នោត​និងតម្រូវ​ឲ្យ​មាន​អ្នក​ធ្វើ​ការ​ជា​ច្រើនទៀតដើម្បី​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​មាន​ភាព​យុត្តិធម៌។ ​
ថ្ងៃ​បោះ​ឆ្នោត​នៅ​ទី​ក្រុង Long Beach ​មិន​បាន​ចាប់​ផ្តើម​ជា​មួយ​ការតម្រង់ជួរយ៉ាងវែង​ដើម្បី​បោះ​ឆ្នោត​នោះ​ទេ តែ​ជាមួយ​និងសេចក្តី​សាទរ​ពី​មនុស្ស​មួយ​ចំនួន។
លោក ខែម ផក​ជា​ពលរដ្ឋ​ទីក្រុង Long Beach។ គាត់​ប្រកាស​ថា៖
«ដូច​ពាក្យ​គេ​ថា សម្លរឆ្ងាញ់​នឹង​គ្រឿង ឯ​ប្រទេស​ជាតិរុងរឿង​ដោយ​សារ​ប្រជាជន»។​
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​ពេញ​មួយ​ថ្ងៃ។​
លោក ដុល បណ្ឌិត (Doul, Bandeth)ជា​សិស្ស។ ​គាត់​និយាយ​ថា៖​
«ខ្ញុំ​ដឹង​ថា​ មាន​ខ្មែរ​យើង​ចូល​រួម​កាន់​តែ​ច្រើន។ ម្តាយ​របស់​ខ្ញុំ​បាន​សួរ​ខ្ញុំ​ ថា​តើ​គាត់​គួរ​បោះ​ឆ្នោត​ឲ្យ​អ្នក​ណា។ ​ខ្ញុំ​សួរ​គាត់​វិញថា ចុះម៉ាក់​មាន​គំនិត​យ៉ាង​ម៉េច?»​
ទោះ​បី​ជា​ថ្ងៃ​បាន​លិច​ហើយ​ក៏​ដោយ ក៏​ប្រជា​ពល​រដ្ឋ​នៅ​តែ​បន្ត​មក​បោះ​ឆ្នោត។​
អ្នក​ស្រង់​ស្ថិតិ​ទាំង​ពីរនាក់​នេះ​ពិនិត្យ​មើល​ឈ្មោះ​អ្នក​ដែលមិន​ទាន់​បានមកបោះ​ឆ្នោត ហើយ​គេនឹង​ទៅ​តាមអ្នក​ទាំង​នេះ​ដល់​គេហដ្ឋាន​ដើម្បី​ឲ្យ​គេ​ចេញ​មក​បោះ​ឆ្នោត។​
ឆ្នាំ​នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​ភា​សា​ខ្មែរត្រូវ​បានគេ​ដាក់ប​ញ្ជូល​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ស្រុក Los Angeles​ ក្នុង​គោល​បំណង​ឲ្យ​តួលេខ​អ្នក​បោះ​ឆ្នោតខ្មែរ​អាមេរិកាំង​កើន​ឡើង។​
សន្លឹក​ឆ្នោត​របស់​គេត្រូវបាន​គេ​រាប់​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណៈកម្មការ​បោះឆ្នោត​តំបន់​Los Angeles។​
ឥឡូវនេះ​ខ្ញុំកំពុង​ឈរនៅ​ទីស្នាក់ការ​កណ្តាល​គណៈ​កម្មការ​បោះឆ្នោត​តំបន់​ Los Angeles។ ​ចំនួន​អ្នក​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ​មាន​តិច​ជាង​ឆ្នាំ​២០០៨ ​ហើយ​យើង​មិន​អាច​ដឹង​ថា ​ចំនួន​អ្នក​បោះ​ឆ្នោត​ជា​ជន​ជាតិ​ខ្មែរ​មាន​ប៉ុន្នាន​នោះ​ទេ​ រហូត​ដល់​ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​បញ្ចប់។​
សន្លឹក​ឆ្នោត​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ហើយ​គេ​រក្សា​វា​យ៉ាងមាន​សុវត្ថិភាព​ និង​បើក​ពិនិត្យ​មើល​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត។​
ឥឡូវនេះ​សន្លឹកឆ្នោត​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ទីស្នាក់ការ​កណ្តាល​គណៈកម្មការ​បោះឆ្នោត​តំបន់​Los ​Angeles​ ហើយ​នៅ​ក្នុង​ប្រអប់ក្រហម​នីមួយៗ​គឺ​មាន​ទុក​នូវ​សន្លឹក​នោត។​
សន្លឹក​ឆ្នោត​មកពី​គ្រប់ស្ថានីយ៍​បោះឆ្នោត​ទាំងអស់​នៅក្នុង​ស្រុក​នេះ​ ហើយ​ត្រូវ​បានគេ​ scan ​ចូល​ក្នុង​ប្រព័ន្ធកុំព្យូទ័រ ​មុន​នឹង​ធ្វើការ​រាប់​សន្លឹកឆ្នោត។​
ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​ខែ​របស់​លោក ​នេត្រ ​មនោរម្យ ​ដែល​ត្រូវ​បាន​ស្រុក​ Los Angeles​ ប្រគល់​កិច្ចការ​ឲ្យ​លោក​ធ្វើយ៉ាង​ណា​ឲ្យ​មាន​អ្នក​បោះឆ្នោត​ច្រើន។​
លោក​នេត្រ មនោរម្យ​ ជាមន្ត្រី​កិច្ចការ​បោះឆ្នោត​នៅ​ Los Angeles។ ​លោក​និយាយ​ថា៖​
«ថ្ងៃនេះ​ខ្ញុំសប្បាយ​ចិត្ត​ដោយ​ឃើញ​បងប្អូន​ខ្មែរ​យើង​ចេញ​មក​បោះឆ្នោត​ច្រើន ជាពិសេស​លោក​តា​លោក​យាយ​ចាស់ៗ។ នេះជា​លើក​ទីមួយ​ដែល​គាត់​ចេញ​ពីស្រុកខ្មែរ​ ទៅ​ជំរុំជន​ភៀស​ខ្លួន​ ហើយ​ចេញ​មក​ស្រុក​អាមេរិក​ ហើយ​ទើប​បាន​ចូល​សញ្ជាតិ​អាមេរិក។ ​ខ្ញុំ​បាន​ជួប​គាត់ ​ពេល​បំពេញ​បែប​បទ​ចូល​សញ្ជាតិ។ ​

បន្ទាប់មក​នៅ​កន្លែង​ស្បថចូល​សញ្ញាតិ ហើយ​ឥឡូវនេះ​ឃើញ​គាត់មក​បោះឆ្នោត។​ខ្ញុំសប្បាយ​ចិត្តមែន​ទែន​ តែនៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ខ្មែរ​យើង​នៅ​មិន​ទាន់មាន​អ្នកណា​ឈរ​ឈ្មោះ​ជាតំណាង​នៅ​សាលាក្រុង​ឬ​ជាចៅហ្វាយ​ក្រុង​នៅ​ឡើយ​ទេ។​ តែបើ​ខ្មែរ​យើង​ច្រើន​បោះ​ឆ្នោត​ច្រើន​ យើង​មាន​សម្លេង​ច្រើន​ យើង​អាច​រើស​ខ្មែរ​យើង​បាន។ ​ពេល​បាន​អញ្ចឹង​ ​បាន​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​នេះ​ទៀត។ ​ហើយ​បើ​ចង់​បានអញ្ចឹង​ ​ទាល់តែ​ខ្មែរ​យើង​អាយុ១៨​ឆ្នាំឡើង មាន​សញ្ជាតិ​អាមេរិក​ទៅ​បោះ​ឆ្នោត​ទាំង​អស់គ្នា»។​
មន្រ្តី​គណៈកម្មការ​បោះឆ្នោតសង្ឃឹម​ថា​ ពលរដ្ឋ​ខ្មែរ​អា​មេរិកាំង​នឹង​បន្ត​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ទៀត៕​